ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ជាការអនុវត្តជំហានទី២ ត្រូវបានដាក់ចេញនៅក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយត្រូវបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជា យន្តការពីរដែលត្រូវមានសង្គតិភាពនឹងគ្នា ដោយសារសុខភាពរបស់កម្មករនិយោជិតមិនអាចទទួលត្រឹមតែការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ដែលបណ្តាលមកពី ការងារប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។ ភាពផ្សារភ្ជាប់នៃការអនុវត្តរបបសន្តិសុខសង្គម ទាំងពីរផ្នែកនេះជាទំនាក់ទំនងដែលមានឥទ្ធិពលទៅវិញទៅមក និងផ្តល់នូវភាពពេញលេញក្នុងការគាំពារសុខភាពកម្មករនិយោជិត។ ផ្នែកនេះបាននិងកំពុង ចូលរួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិត និងផ្តល់ការបង្ការជំងឺទូទៅ។
១.របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
ផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាពតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ត និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។
២.កាតព្វកិច្ចបង់ភាគទាន និងអត្រាភាគទាន
និយោជក និងកម្មកនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ចបង់ភាគទានផ្នែកថែទាំសុខភាពជូន ប.ស.ស. រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
កាតព្វកិច្ចនៃការបង់ភាគទានផ្នែកថែទាំសុខភាព ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ត្រូវស្ថិតនៅក្នុងបន្ទុកទាំងស្រុងរបស់និយោជក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។
៣.តាវកាលិកថែទាំសុខភាព
តាវកាលិកថែទាំសុខភាព សំដៅដល់របបធានារ៉ាប់រងដែលផ្តល់កញ្ចប់តាវកាលិកសុខភាព និងសេវាបង្ការ។
៣.១.កញ្ចប់តាវកាលិកសុខភាព សំដៅដល់សេវាព្យាបាលថែទាំវេជ្ជសាស្រ្ត សេវាបញ្ជូនជនរងគ្រោះ សេវាបញ្ជូនសព និងប្រាក់បំណាច់ប្រចាំថ្ងៃ។
ក.សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត
ក.១.ការព្យាបាលដោយសម្រាកនៅក្នុងមន្ទីរពេទ្យ
- សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត
- សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងៗទៀត
- ឧបករណ៍ផ្នែកសល្យសាស្រ្ត និងសម្ភារបរិក្ខាផ្នែកវេជ្ជសាស្រ្តផ្សេងៗដែលជាតម្រូវការចាំបាច់សម្រាប់ការ ព្យាបាល
- ឱសថតាមវេជ្ជបញ្ជា
- បន្ទប់(ធម្មតា) និងអាហារដែលផ្តល់ដោយមូលដ្ឋានសុខាភិបាល។
ក.២.សេវាពិគ្រោះជំងឺក្រៅ
- សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត
- សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ រូបភាពវេជ្ជសាស្រ្ត និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងទៀត
- បរិក្ខាសល្យសាស្រ្ត និងវេជ្ជសាស្រ្តផ្សេងៗដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល
- ឱសថតាមវេជ្ជបញ្ជា
ក.៣.សេវាសង្គ្រោះបន្ទាន់
- គឺជាអន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយដែលមិនបានគ្រោងទុក ហើយអន្តរាគមន៍ទាំងនោះអាចត្រូវធ្វើឡើងភ្លាមក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬជួយការពារការបាត់បង់អវៈយវៈណាមួយនៃសរីរាង្គរបស់អ្នកជំងឺ ឬជនរងគ្រោះ។
- អ្នកជំងឺ ឬជនរងគ្រោះអាចចូលទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។ ប.ស.ស. ធ្វើការទូទាត់សងវិញទៅតាមវិធីសាស្រ្តបង់ថ្លៃតាមករណី និងសេវា លុះត្រាតែជនរងគ្រោះ ឬសិទ្ធវន្តជូនដំណឹងមក ប.ស.ស. ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ម៉ោង តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៨៦។
ក.៤.សេវាព្យាបាលដោយស្អំ និងចលនា គឺជាសេវាជំនួយវេជ្ជសាស្រ្ត
ក.៥.សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
ក.៦.សេវាស្តារនីតិសម្បទា គឺជាសេវាព្យាបាលថែទាំវេជ្ជសាស្រ្តក្នុងគោលបំណងជួយដល់ជនរងគ្រោះរក្សា ស្តារ ឬធ្វើឱ្យប្រសើរឡើងវិញនូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជំនាញប្រាស្រ័យទាក់ទងដែលបានបាត់បង់ ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។
ខ.សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព
ខ.១. សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះត្រូវបានផ្តល់ជូនតែក្នុងករណីសង្គ្រោះបន្ទាន់ និងដោយ រថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលតែប៉ុណ្ណោះ។
ខ.២.សេវាបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលឱ្យជា ឬសព ផ្តល់ជូនទៅតាមតម្លៃមូលដ្ឋានសុខាភិបាល ដែលទទួលស្គាល់ដោយ ប.ស.ស. ។
គ.ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវបានផ្តល់ជូនសម្រាប់រយៈពេលអាក់ខានការងារដោយសារការធ្លាក់ខ្លួនមានជំងឺ គ្រោះថ្នាក់ និងលំហែមាតុភាព ឬជួបឧបទ្ទវហេតុផ្សេងៗ និងការព្យាបាលដោយមិនគិតថ្លៃដែលមានចែងនៅក្នុងគោលនយោបាយសុខាភិបាលសាធារណៈ។ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរបស់សាមីជន។
៣.២.សេវាបង្ការសុខភាព
សំដៅដល់ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា កំណត់អត្តសញ្ញាណអ្នកដែលមាន ហានិភ័យសុខភាព និងមានបញ្ហាសុខភាពជាក់លាក់ ការផ្តល់ប្រឹក្សា និងអន្តរាគមន៍ចាំបាច់ដទៃទៀត ដើម្បីការពារកុំឱ្យមានបញ្ហាសុខភាពមានជាអាទិ៍ ការស្រាវជ្រាវរកជំងឺ ការអប់រំសុខភាព និងកម្មវិធីចាក់ថ្នាំបង្ការ។ សេវាបង្ការសុខភាព ផ្តល់ដោយ ប.ស.ស. កម្មវិធីជាតិ អង្គភាព ឬស្ថាប័ន និងអង្គការទាក់ទងទៅនឹងបញ្ហាសុខភាពដទៃទៀត។
៤.មូលដ្ឋានគតិយុត្ត និងខិត្តប័ណ្ណ
- អនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- អនុក្រឹត្យលេខ១៤០ អនក្រ.បក ចុះថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា ៧ នៃអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- ប្រកាសអន្តរក្រសួងលេខ ១៧៣ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព
- ប្រកាសអន្តរក្រសួងលេខ៣២៧ កប/ប្រក.បសស ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួងលេខ១៧៣ កប/ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព
- សេចក្ដីប្រកាសព័ត៌មាន លេខពិសេសចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការផ្ដល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនកម្មករ និយោជិត
- ប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាល
- ប្រកាសលេខ ០៩៣/១៦ ក.ប/ប្រ.ក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់ដំណាក់កាល និងកាល បរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គម
- ប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព
- ប្រកាសលេខ ២២០ ក.ប/ប្រ.ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទាន
- ប្រកាសលេខ ២៣៨ ក.ប/ប្រ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីបញ្ជីជំងឺរ៉ាំរ៉ៃនៅក្នុងរបបសន្តិសុខសង្គម
- ប្រកាសលេខ ០៤៩/១៧ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការដាក់បញ្ចូលសេវាបង្ការ សុខភាពនៅក្នុងរបបសន្តិសុខសង្គមផ្នែថែទាំសុខភាព
- សេចក្តីជូនដំណឹងលេខ ១២៧ ក.ប/ស.ជ.ណ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការចុះបញ្ជិកាកម្មករ និយោជិតក្នុង ប.ស.ស.
- សេចក្តីជូនដំណឹងលេខ ០១៤/១៧ ក.ប/ស.ជ.ណ.ក.ប.ក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ប្រចាំថ្ងៃចំពោះកម្មករនិយោជិតជាស្ត្រីសម្រាប់រយៈពេលនៃការឈប់សម្រាកមាតុភាព
- ខិត្តប័ណ្ណផ្នែកថែទាំសុខភាព ទី១
- ខិត្តប័ណ្ណផ្នែកថែទាំសុខភាពទី២
- ខិត្តប័ណ្ណផ្នែកថែទាំសុខភាពទី៣
- ខិត្តប័ណ្ណផ្នែកថែទាំសុខភាពទី៤