១.និយមន័យ
- តាវកាលិក គឺជាប្រាក់ វត្ថុ ឬសេវាដែលត្រូវផ្តល់ឱ្យដល់សមាជិក ប.ស.ស នៅពេលចាស់ជរា ទុព្វលភាព និងនៅពេលទទួលរងហានិភ័យការងារទៅតាមកាលកំណត់មួយ។
- ហានិភ័យការងារ គឺជាគ្រោះថ្នាក់ធ្លាក់មកលើរូបកាយកម្មករនិយោជិត៖
- ដោយធ្វើការ ឬក្នុងពេលធ្វើការ ទោះជាហេតុយ៉ាងណាក៏ដោយ ទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករ និយោជិតក្នុងពេលធ្វើការឱ្យនិយោជក ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬធ្លាក់លើសិស្សវិជ្ជាជីវៈមានឈ្នួលក្តី ឥតឈ្នួលក្តី កាន់មុខងារជាអ្វី នៅទីកន្លែងណាក៏ដោយ។
- ពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅទីកន្លែងធ្វើការ ឬវិលមកវិញដោយ គ្មានឈប់ ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យទៅ។
- បណ្តាលមកពីជំងឺវិជ្ជាជីវៈ(មុខរបរប្រើកម្លាំងកាយ, មុខរបរប៉ះពាល់ជាតិពុល ឬមុខរបរក្នុងលក្ខខណ្ឌមិនប្រក្រតីដែលនាំឱ្យអ្នកធ្វើការកើតជំងឺផ្សេងៗ)។
២.សិទ្ធិទទួលបានសេវា
កម្មករនិយោជិតទាំងអស់នៃសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាក្នុងប.ស.ស មានសិទ្ធិទទួលបាន តាវកាលិកហានិភ័យការងារ នៅពេលដែលសាមីជន ទទួលរងហានិភ័យការងារ។
មូលដ្ឋានសុខាភិបាល(មន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល ឬគ្រូពេទ្យព្យាបាល) ត្រូវមានការទទួលស្គាល់ពីប.ស.ស។ បញ្ជីមូលដ្ឋានសុខាភិបាល បានចងក្រងក្នុង គេហទំព័រនេះនៅខាងស្តាំដៃ(ទំនាក់ទំនង)។
៣.ការជូនដំណឹងហានិភ័យការងារ
កម្មករនិយោជិតសមាជិកនៃ ប.ស.ស ត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬអ្នកតំណាងនិយោជក អំពី ហានិភ័យការងារ (គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ) ដែលធ្លាក់មកលើខ្លួន។ ក្នុងករណីដែលមានគ្រោះថ្នាក់បណ្តាលឱ្យបាត់បង់ជីវិត កាតព្វកិច្ចនៃការជូនដំណឹងនេះត្រូវធ្លាក់ លើសិទ្ធិវន្តនៃជនរងគ្រោះ។
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារហើយដែលបានចុះបញ្ជិកានៅក្នុងប.ស.ស ត្រូវជូនដំណឹងទៅប.ស.ស ក្នុងរយៈពេលយ៉ាងយូរបំផុត ៤៨(សែសិបប្រាំបី)ម៉ោង នៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលដំណឹងអំពី ហានិភ័យការងារដែលធ្លាក់មកលើកម្មករនិយោជិតរបស់ខ្លួន។
ករណីគ្រោះថ្នាក់ការងារ ត្រូវផ្ញើរបាយការណ៍ហានិភ័យការងារ ដោយភ្ជាប់មកជាមួយនឹងឯកសារពាក់ព័ន្ធតាម រយៈសាអេឡិចត្រូនិច benefit@nssf.gov.kh ។
ទម្រង់របាយការណ៍ហានិភ័យការងារ មានក្នុងឧបសម្ព័ន្ធនៃប្រកាសរួមលេខ១១០ កប/ប្រក ចុះថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០០៨ ស្តីពីការជូនដំណឹងហានិភ័យ ការងារ។
៤.ការអង្កេតហានិភ័យការងារ
បន្ទាប់ពីទទួលបានរបាយការណ៍ហានិភ័យការងារពីការទាមទារសំណង ការិយាល័យតាវកាលិក ឬការិយា‑ ល័យខេត្ត ខណ្ឌ ក្រុងនៃ ប.ស.ស ត្រូវជូនដំណឹងទៅការិយាល័យអធិការកិច្ច ដើម្បីធ្វើការអង្កេតនិងផ្តល់លទ្ធផលលើករណី នីមួយៗមកការិយាល័យតាវកាលិកវិញឱ្យបានយ៉ាងឆាប់បំផុត។
ចំពោះគ្រោះថ្នាក់ពេលធ្វើដំណើរ ការិយាល័យអធិការកិច្ចត្រូវស្នើសុំព័ត៌មានដែលទាក់ទងនឹងទីកន្លែង ពេលវេលា មូលហេតុនៃគ្រោះថ្នាក់ពីសាក្សី ឬអាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុ។
៥.តាវកាលិកហានិភ័យការងាររួមមាន៖
ក.ការផ្តល់សេវាសង្គ្រោះបន្ទាន់
ក្នុងករណីដែលគ្រោះថ្នាក់កើតនៅនឹងកន្លែងធ្វើការ និយោជកត្រូវផ្តល់ការសង្គ្រោះបន្ទាន់ ដែលនៅកន្លែងជិតបំផុត និងបន្ទាប់មកត្រូវបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល ដែលទទួលស្គាល់ដោយប.ស.ស។ ការចំណាយលើការសង្គ្រោះបន្ទាន់ និងការបញ្ជូនខាងលើត្រូវស្ថិតនៅក្នុងបន្ទុករបស់ប.ស.ស។ ក្នុងករណី ដែលគ្រោះថ្នាក់នៅពេលធ្វើដំណើរ សាមីជនឬនិយោជកអាចទាមទារការទូទាត់សងលើការចំណាយសម្រាប់ការសង្គ្រោះនេះពីប.ស.ស។
ខ.ការផ្តល់សេវាថែទាំ និងព្យាបាល
កម្មករនិយោជិត ដែលទទួលរងហានិភ័យការងារ មានសិទ្ធិទទួលបាន ការពិនិត្យព្យាបាល ការសម្រាកព្យាបាល នៅតាមបណ្តាមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល ដែលទទួលស្គាល់ដោយប.ស.ស។
ក្នុងករណីដែលគ្រូពេទ្យព្យាបាលតម្រូវឱ្យទិញឱសថ ឬសំភារៈឧបករណ៍ដែលចាំបាច់សម្រាប់ការថែទាំ និងព្យាបាលដែលពុំមានចែងនៅក្នុងកិច្ចព្រមព្រៀង ប.ស.ស អាចទូទាត់សងទៅជនរងគ្រោះ ឬអ្នកតំណាងវិញបានលុះណាតែមានវេជ្ជ បញ្ជា និងវិក្កយបត្រត្រឹមត្រូវ។
គ.តាវកាលិកបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន
រយៈពេលនៃការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ត្រូវបានកំណត់ដូចតទៅ៖
- រយៈពេលនៃការសម្រាកព្យាបាលមុខរបួស ឬជំងឺវិជ្ជាជីវៈនៅក្នុងមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល
- រយៈពេលនៃការសម្រាកព្យាបាលក្រោយពេលមុខរបួសជាសះស្បើយតាមវេជ្ជបញ្ជាក្នុងរយៈពេលនៃការបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន កម្មករនិយោជិតដែលរងគ្រោះដោយហានិភ័យ ការងារ មានសិទ្ធិទទួលបានតាវកាលិកពីប.ស.ស ដូចតទៅ៖
- ប្រាក់បំណាច់ប្រចាំថ្ងៃ ដែលត្រូវផ្តល់ជូនគិតចាប់ពីថ្ងៃទីពីរ បន្ទាប់ពីកាលបរិច្ឆេទនៃការកើតឧបទ្ទវ ហេតុបណ្តាលឱ្យទទួលរងនូវហានិភ័យការងារ
- ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំជនរងគ្រោះក្នុងរយៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាល។
ប្រាក់ឈ្នួលថ្ងៃផ្អាកការងារដំបូងរបស់ជនរងគ្រោះថ្នាក់ការងារ ត្រូវនៅក្នុងបន្ទុករបស់និយោជក។ បា្រក់បំណាច់ ប្រចាំថ្ងៃ សម្រាប់ការបាត់បង់សមត្ថភាព ការងារបណ្តោះអាសន្នត្រូវស្នើនឹង ៧០(ចិតសិប)ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ។ ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំនៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលត្រូវស្មើនឹង ៥០(ហាសិប)ភាគរយ នៃប្រាក់បំណាច់ ប្រចាំថ្ងៃរបស់ជនរងគ្រោះ។ ប្រាក់បំណាច់ប្រចាំថ្ងៃនេះ ត្រូវផ្តល់ជូនជនរងគ្រោះរហូតដល់មុខរបួសជាសះស្បើយ។
ឃ.តាវកាលិកសម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍
កម្មករនិយោជិត ដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍តិចជាង ២០ភាគរយ មានសិទ្ធិទទួលបានប្រាក់វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារ។ ប្រាក់វិភាជន៍នេះ ត្រូវផ្តល់ជូនជនរងគ្រោះតែម្តងគត់ ដោយគិតតាមរូបមន្តដូចខាងក្រោម៖
វបក = បឈម x កបក x ២០% មតប
- វបក (វិភាជន៍បាត់បង់សមត្ថភាពការងារ)
- បឈម (ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរបស់ជនរងគ្រោះ)
- កបក (កម្រិតបាត់បង់សមត្ថភាពការងាររបស់ជនរងគ្រោះ)
- មតប (មេគុណតម្លៃបច្ចុប្បន្ន)
កម្មករនិយោជិតដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារចាប់ពី ២០ភាគរយឡើង មានសិទ្ធិទទួលបានធនលាភសម្រាប់ការបាត់បង់ សមត្ថភាពការងារជាអចិន្ត្រៃយ៍។ ប្រាក់ធនលាភសម្រាប់ការបាត់បង់ សមត្ថភាពការងារជាអចិន្ត្រៃយ៍ ត្រូវបានគិតតាមរូបមន្តដូចខាងក្រោម៖
ធល = បឈម x [កបក – ១/៥ កបក]
- ធល (ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារ)
ប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ត្រូវចាត់ទុកជាបណ្តោះអាសន្នជានិច្ច។ ប.ស.ស ត្រូវរៀបចំឱ្យមានការត្រួតពិនិត្យសុខភាព និងសមត្ថភាពការងារអ្នករងគ្រោះឡើងវិញក្នុងរយៈពេល១(មួយ)ឆ្នាំយ៉ាងយូរ។ ជនរងគ្រោះដែលទទួលបានប្រាក់ធនលាភត្រូវមានកាតព្វកិច្ចមកពិនិត្យសុខភាព តាមការកំណត់របស់ប.ស.ស។
កម្មករនិយោជិត ដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ដែលតម្រូវឱ្យមានអ្នកចាំថែរក្សា មានសិទ្ធិទទួលការឧបត្ថម្ភ បន្ថែមស្នើនឹង ៥០(ហាសិប)ភាគរយ នៃប្រាក់ធនលាភរបស់ជនរងគ្រោះ។ សិទ្ធិទទួលបានអ្នកចាំថែរក្សា ត្រូវសម្រេចដោយនាយក ប.ស.ស អនុលោមទៅតាមការវាយតម្លៃរបស់គណៈកម្មការវេជ្ជសាស្ត្រ។
ង.វិភាជន៍ជាសោហ៊ុយបូជាសព
ក្នុងករណីដែលទទួលរងហានិភ័យការងាររហូតបណ្តាលឱ្យបាត់បង់ជីវិត អ្នកទទួលរ៉ាប់រងក្នុងការចាត់ចែងបូជា សព ត្រូវបានផ្តល់ប្រាក់វិភាជន៍ជាសោហ៊ុយបូជាសព ដែលមានចំនួន ៤.០០០.០០០ (បួនលាន)រៀល។ ប្រាក់វិភាជន៍នេះ ត្រូវតែផ្តល់ជូនទៅជនដែលទទួលបន្ទុកផ្ទាល់ក្នុងការចាត់ចែងបូជាសពជនរងគ្រោះ។
ច.តាវកាលិកឧត្តរជីវី
- លក្ខខ័ណ្ឌដែលត្រូវទទួលបាន “តាវកាលិកឧត្តរជីវី” សិទ្ធិវន្តរបស់សមាជិកនៃប.ស.ស ត្រូវបានកំណត់ខាងក្រោម៖
- ប្តី ឬប្រពន្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ដោយបានចុះបញ្ជីអត្រានុកូលដ្ឋានមុនពេលមានគ្រោះ ថ្នាក់ការងារ ឬមុនពេលទទួលមរណភាពដោយគ្រោះថ្នាក់ការងារ រវាងប្តីឬប្រពន្ធ ដែលជាសមាជិកនៃ ប.ស.ស។
- កូនដែលមានអាយុត្រឹម ១៨(ដប់ប្រាំបី)ឆ្នាំចុះ ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមានស្ថានភាព ដូចខាងក្រោម៖
- កូននៃសហព័ទ្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ។ ក្នុងករណីមានការលែងលះ ឬករណីមរណភាពនៃបី្ត ឬប្រពន្ធ កូននៃអាពាហ៍ពិពាហ៍ក្រោយ ក៏មានសិទ្ធិដូចកូននៃអាពាហ៍ពិពាហ៍ទី១ ដែរ។
- កូនចិញ្ចឹមរបស់សមាជិកនៃ ប.ស.ស។ ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។
- អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់២១(ម្ភៃមួយ)ឆ្នាំ ចំពោះកូនដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថាន សិក្សាសារធារណៈ ឬឯកជនដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច និងមានលិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ ឬមានជំងឺរ៉ាំរ៉ៃមិនមានលទ្ធភាពធ្វើការងារដែលមានប្រាក់ឈ្នួល។
- ឪពុកម្តាយ ឬមនុស្សចាស់ជរា ដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃ ប.ស.ស។
- សិទ្ធិទទួលធនលាភនៃសិទ្ធិវន្ត ត្រូវបានរំលាយនៅពេលដែលសាមីជនទទួលមរណភាព ឬរៀប អាពាហ៍ពិពាហ៍ជាថ្មី។ ក្នុងករណីនៃការរៀបអាពាហ៍ពិពាហ៍ជាថ្មី សាមីជនត្រូវជូនដំណឹងមក ប.ស.ស យ៉ាងយូរ៣០ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការចុះលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។ ការខក ខានមិនបានជូនដំណឹងអំពីការរៀបអាពាហ៍ពិពាហ៍របស់ខ្លួន សាមីជននឹងត្រូវទទួលទោសដូចមានចែងក្នុងមាត្រា៣៨ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
- តាវកាលិកឧត្តរជីវី គឺជាប្រាក់ធនលាភដែលត្រូវផ្តល់ឱ្យសិទ្ធិវន្តនៃជនរងគ្រោះ តាមអត្រាដូចខាងក្រោម៖
- ក.ក្នុងករណីសិទ្ធិវន្តមានរួមទាំងប្រពន្ធ ឬប្តី កូន និងឪពុកម្តាយ ឬមនុស្សចាស់ជរានៅក្នុងបន្ទុក
- ប្រពន្ធ ឬប្តី = ៣/៥ x ៦៣% បឈម
- ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២/៥ x ៦៣% បឈម
- ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ៧% បឈម
- ខ.ក្នុងករណីសិទ្ធិវន្ត មានតែប្រពន្ធ ឬប្តី និង/ឬ កូន
- ប្រពន្ធ ឬប្តី = ៣/៥ x ៧០% បឈម
- ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២/៥ x ៧០% បឈម
- គ.ក្នុងករណីសិទ្ធិវន្តមានតែឪពុកម្តាយ ឬមនុស្សចាស់ជរា
- ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ២៨% បឈម
- ឃ.ក្នុងករណីសិទ្ធិវន្តមានតែកូន និងឪពុកម្តាយ ឬមនុស្សចាស់ជរា
- ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២៨% បឈម
- ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ២៨% បឈម
- ង.ក្នុងករណីសិទ្ធិវន្តមានតែប្រពន្ធ ឬប្តី និងឪពុកម្តាយ ឬមនុស្សចាស់ជរា
- ប្រពន្ធ ឬប្តី = ២៨% បឈម
- ធានលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ២៨% បឈម
ឆ.សេវាបុននីតិសម្បទា
កម្មករនិយោជិត ដែលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ មានសិទ្ធិទទួលបាន ឧបករណ៍ ឬអវៈយវៈសិប្បនិម្មិតតាមការកំណត់របស់គ្រូពេទ្យផ្លូវការ ឬគ្រូពេទ្យដែលទទួលស្គាល់ដោយប.ស.ស។
កម្មករនិយោជិត ដែលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ មានសិទ្ធិទទួល បានសេវាសម្របសម្រួលមុខងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ស្របតាមលក្ខខណ្ឌ ដែលនឹងកំណត់ក្នុងប្រកាសដោយឡែករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តារាងកម្រិតនៃការបាត់បង់សមត្ថភាពការងារ
ផ្នែកទី១ បញ្ជីគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ទាំងស្រុង
ល.រ | ការបរិយាយអំពីគ្រោះថ្នាក់ | ភាគរយនៃការបាត់បង់សមត្ថភាពការងារ |
១ | បាត់បង់ប្រអប់ដៃទាំងពីរ ឬកាត់នៅផ្នែកខាងលើ | ១០០ |
២ | បាត់ប្រអប់ដៃមួយ និងប្រអប់ជើងមួយ | ១០០ |
៣ | កាត់ជើងឬភ្លៅ ឬកាត់ជើង ឬភ្លៅម្ខាង និងបាត់ប្រអប់ជើងម្ខាងទៀត | ១០០ |
៤ | បាត់បង់ចក្ខុប្រសាទនៅកម្រិតណាមួយដែលមិនអាចឱ្យអ្នកទាមទារបំពេញការងារដែលប្រើប្រាស់ក្រសែភ្នែកជាសំខាន់ | ១០០ |
៥ | ការខូចទ្រង់ទ្រាយមុខធ្ងន់ធ្ងរ | ១០០ |
៦ | ថ្លង់ទាំងស្រុង | ១០០ |
ផ្នែកទី២ បញ្ជីគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
ល.រ | ការបរិយាយអំពីគ្រោះថ្នាក់ | ភាគរយនៃការបាត់បង់សមត្ថភាពការងារ | ||
ការកាត់អវយវៈផ្នែកខាងលើ (ដៃមួយណាក៏បាន) | ||||
១ | កាត់សន្លាក់ស្មា | ៩០ | ||
២ | កាត់ក្រោមស្មាដែលគល់នៅតិចជាង៨ ” ពីចុងនៃ acromion | ៨០ | ||
៣ | កាត់៨ ” ពីចុងនៃ acromion ទៅតិចជាង៤ Vi ” ក្រោមចុងនៃolecranon | ៧០ | ||
៤ | បាត់ប្រអប់ដៃ ឬមេដៃ និងម្រាម៤ នៃប្រអប់ដៃមួយ ឬកាត់ពី៤ ១/២ ”ក្រោមចុងនៃolecranon | ៦០ | ||
៥ | បាត់មេដៃ | ៣០ | ||
៦ | បាត់មេដៃ និងឆ្អឹង metacarpal | ៤០ | ||
៧ | បាត់ម្រាមបួននៃប្រអប់ដៃមួយ | ៥០ | ||
៨ | បាត់ម្រាមបីនៃប្រអប់ដៃមួយ | ៣០ | ||
៩ | បាត់ម្រាមពីរនៃប្រអប់ដៃមួយ | ២០ | ||
១០ | បាត់ថ្នាំងចុងក្រោយនៃមេដៃ | ២០ | ||
ការកាត់អវយវៈផ្នែកក្រោម | ||||
១១ | កាត់ប្រអប់ជើងទាំងពីរបណ្តាលឱ្យដើរខើច | ៩០ | ||
១២ | កាត់តាម feet proximal ទាំងពីរទៅ metatarso-phalangeal joint | ៨០ | ||
១៣ | បាត់ម្រាមជើងទាំងអស់នៃប្រអប់ជើងទាំងពីរតាមmetatarso-phalangeal joint | ៤០ | ||
១៤ | បាត់ម្រាមជើងទាំងអស់នៃ feet proximal ទាំងពីរទៅ proximal inter- phalangeal joint | ៣០ | ||
១៥ | បាត់ម្រាមជើងទាំងអស់នៃ feet distal ទាំងពីរទៅ proximal inter- phalangeal joint | ២០ | ||
១៦ | កាត់ត្រគាក | ៩០ | ||
១៧ | កាត់ក្រោមត្រគាកដែលសល់គល់ប្រវែងមិនលើស5” ដែលវាស់ពីចុងនៃ great trenchanter | ៨០ | ||
១៨ | កាត់ក្រោមត្រគាកដែលសល់គល់ប្រវែងមិនលើស5” ដែលវាស់ពីចុងនៃ great trenchanter ប៉ុន្តែមិនហួសពីពាក់កណ្តាលភ្លៅ | ៧០ | ||
១៩ | កាត់ក្រោមពាក់កណ្តាលភ្លៅទៅ3” /z” ក្រោមជង្គង់ | ៦០ | ||
២០ | កាត់ក្រោមជង្គង់ដែលនៅសល់គល់លើស 3”/2” ប៉ុន្តែមិនលើស5” | ៥០ | ||
២១ | កាត់ក្រោមជង្គង់ដោយសល់គល់លើសពី 5” | ៤០ | ||
២២ | កាត់ប្រអប់ជើងមួយបណ្តាលឱ្យដើរទប់ខាងចុង | ៣០ | ||
២៣ | កាត់ពី foot proximal មួយទៅ meta torso phalangeal joint | ៣០ | ||
២៤ | បាត់ម្រាមជើងទាំងអស់នៃប្រអប់ជើងមួយតាម meta torso phalangeal joint | ២០ | ||
២៥ | បាត់ភ្នែកម្ខាងដោយគ្មានភាពស្មុគស្មាញ ហើយម្ខាងទៀតនៅធម្មតា | ៤០ | ||
២៦ | បាត់ចក្ខុវិញ្ញាណនៃភ្នែកម្ខាងដោយគ្មានភាពស្មុគស្មាញ ឬដោយគ្មានការខូចទ្រង់ទ្រាយនៃគ្រាប់ភ្នែក ហើយម្ខាងទៀតនៅធម្មតា | ៣០ | ||
២៧ | ត្រចៀកម្ខាងថ្លង់ទាំងស្រុង | ២០ | ||
ក– ម្រាមដៃឆ្វេង ឬស្តាំ | ||||
ចង្អុលដៃ | ||||
២៨ | ទាំងមូល | ១៤ | ||
២៩ | ពីរថ្នាំងដៃ | ១១ | ||
៣០ | មួយថ្នាំងដៃ | ៩ | ||
៣១ | កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង | ៥ | ||
ម្រាមកណ្តាល | ||||
៣២ | ទាំងមូល | ១២ | ||
៣៣ | ពីរថ្នាំងដៃ | ៩ | ||
៣៤ | មួយថ្នាំងដៃ | ៧ | ||
៣៥ | កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង | ៤ | ||
នាងដៃ និងកូនដៃ | ||||
៣៦ | ទាំងមូល | ៧ | ||
៣៧ | ពីរថ្នាំងដៃ | ៦ | ||
៣៨ | មួយថ្នាំងដៃ | ៥ | ||
៣៩ | កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង | ២ | ||
ខ–ម្រាមជើងឆ្វេង ឬស្តាំ | ||||
មេជើង | ||||
៤០ | Through metatarso-phalangeal joint | ១៤ | ||
៤១ | Part, with some loss of bone | ៣ | ||
ម្រាមជើងដទៃទៀត | ||||
៤២ | Through metatarso-phalangeal joint | ៣ | ||
៤៣ | Part, with some loss of bone | ១ | ||
ម្រាមពីរនៃប្រអប់ជើងមួយ មិនគិតមេជើង | ||||
៤៤ | Through metatarso-phalangeal joint | ៥ | ||
៤៥ | Part, with some loss of bone | ២ | ||
ម្រាមបីនៃប្រអប់ជើងមួយ មិនគិតមេជើង | ||||
៤៦ | Through metatarso-phalangeal joint | ៦ | ||
៤៧ | Part, with some loss of bone | ៣ | ||
ម្រាមបួននៃប្រអប់ជើងមួយ មិនគិតមេជើង | ||||
៤៨ | Through metatarso-phalangeal joint | ៩ | ||
៤៩ | Part, with some loss of bone | ៣ |
សម្គាល់៖ ការបាត់បង់ទាំងស្រុង និងអចិន្ត្រៃយ៍នៃការប្រើប្រាស់អវយវៈណាមួយដែលយោងតាមតារាងនេះ ត្រូវចាត់ទុកថា មានតំលៃស្មើគ្នា “សមមូល” នៃការបាត់បង់អវយវៈនោះ។
៦.បទដ្ឋានគតិយុត្ត
- ប្រកាសលេខ ៤៨០/១៨ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលប្រការ៦ ប្រការ១១ និងប្រការ១៣ នៃប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្ដីពីតាវកាលិកហានិភ័យការងារ
- ប្រកាសលេខ ៤៧៧/១៨ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ដីពីសេវាស្ដារនីតិសម្បទា សម្រាប់របបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ
- ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- ប្រកាសលេខ១០៩ កប/ប្រ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីតាវកាលិកហានិភ័យការងារ
- ប្រកាសលេខ១៤០ កប/ប្រ.ក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលប្រការ៧ និងប្រការ៩ នៃប្រកាសលេខ១០៩ កប/ប្រ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីតាវកាលិកហានិភ័យការងារ
- ប្រកាសលេខ២៣៣ ក.ប/ប្រ.ក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលប្រការ៨ និងប្រការ១០ នៃប្រកាសលេខ១០៩ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីតាវកាលិកហានិភ័យការងារ
- ខិត្តបណ្ណហានិភ័យការងារទី១