គណៈ​កម្មការ​ដោះស្រាយ​វិវាទ ឬ​បណ្តឹង​នៃ​ ប.ស.ស. (ដ.វ.ប) បង្កើត​ឡើង​ដោយ ប្រកាស​លេខ​១៧៧ កប/ប្រក ចុះថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១០ ជាគណៈ​កម្មការ​ត្រីភាគី ក្នង​នោះ​រួមមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(តំណាង​រដ្ឋាភិបាល) តំណាង​និយោជក និង​តំណាង​កម្មករ​និយោជិត ។ គណៈ​កម្មការ​នេះ​មាន​តួនាទី​ភារកិច្ច ផ្សះផ្សា​វិវាទដែល​ទាក់ទង​នឹង​បេឡាជាតិ​សន្តិសុខ​សង្គម ដូចជា បណ្តឹង​តវ៉ា​របស់កម្មករ​និយោជិត​សមាជិក ប.ស.ស. ទាក់ទង​នឹង​ការ​មិនយល់​ព្រម ឬ​ភាព​មិនត្រឹមត្រូវ​ក្នុង​ការផ្តល់​តាវកាលិក​របបសន្តិសុខ​សង្គម, បណ្តឹងតវ៉ា​របស់​កម្មករ​និយោជិត​សមាជិក ប.ស.ស. ទាក់ទង​នឹងភាព​មិនប្រក្រតី នៃ​ការផ្តល់​សេវារបប​សន្តិសុខ​សង្គម, បណ្តឹងតវ៉ា​របស់កម្មករ​និយោជិត​សមាជិក ប.ស.ស. ចំពោះ​ការ​ខកខាន​របស់​និយោជកមិន​រាយការណ៍​ដើម្បី​ចុះ​ឈ្មោះ​ខ្លួន​ក្នុង ប.ស.ស. បណ្តឹង​តវ៉ា​របស់​និយោជក ចំពោះ​ការ​អនុវត្ត​មិនត្រឹមត្រូវ​តាមច្បាប់ ឬ បទ​បញ្ជា​ជាធរមាន​របស់​មន្រ្តី ប.ស.ស. និង បណ្តឹង​តវ៉ា​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​ការ​អនុវត្ត​បេឡាជាតិ​សន្តិសុខ​សង្គម។