Mail |
  • ភាសាខ្មែរ
  • English
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី សរុបប្រមាណជា ១៩,៩៤៩នាក់ នៅក្រុងច្បារមន

    កំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី សរុបប្រមាណជា ១៩,៩៤៩នាក់ ដែលមកពីបណ្តារោងចក្រ សហគ្រាសចំនួន ១៧ ផ្សេងៗគ្នា នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា រោងចក្រ សហគ្រាសទាំង ១៧ ដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនីចូលរួមក្នុងពិធីសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនទាំងអស់។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺនេះ បាន   កសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៥ និងមានកម្មករ និយោជិតសរុបប្រមាណជា ៩៨,២១៣ នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២២០លានដុល្លារ ក្នុងមួយឆ្នាំ។

    គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ     សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនីសរុប ៤២លើក ហើយមានកម្មករ កម្មការិនីសរុប ៥២៤,៤៧៦ នាក់ បានជួបសំណេះសំណាលដោយផ្ទាល់ ក្នុងនោះមានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការសរុប ៧៣៤នាក់ បានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីផងដែរ។

    តាមរយៈជំនួបជាបន្តបន្ទាប់នេះបានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើនរបស់កម្មករ កម្មការិនីត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ។ ក្នុងនោះគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨មក គ្រប់រោងចក្រទាំងអស់បានអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ។

    កម្មករ និយោជិត បានទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាកកូន។

    គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ មានកម្មការិនីសម្រាលកូនចំនួន ២១,៦៣២នាក់ ចំនួនកូន ២១,៦៨២នាក់ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាង ៨.៦ ប៊ីលានរៀល៕

     

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.