Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់បណ្ណសមាជិករបស់ខ្លួន ចំនួន ១៦២១បណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ច សន្យា នៃក្រសួងពាណិជ្ជកម្ម ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក  ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់។

    ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុំ សោភ័ណ នាយករងនៃបេឡា ជាតិរបបសន្តិសុខសង្គម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីតំណាង ស្ថាប័ន អង្គភាព ក្រោមឱវាទសរុបប្រមាណជា ២០០នាក់។

    ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ នេះជាលើកដំបូងហើយ ដែលបេឡាជាតិរបបសន្តិសុខ សង្គម បានផ្តល់បណ្ណសមាជិក ប.ស.ស សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមបានបន្តទៀតថា៖ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រី សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយដ៏ល្អមួយក្នុងការឆ្លើយតបទៅនឹងការរក្សាសុខុមាលភាព និងលើកកំពស់ជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ។

    លោក ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា៖  គោលបំណងនៃពិធីនេះ គឺដើម្បីផ្តល់បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម សម្រាប់ទៅទទួលសេវារបបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយរបបសន្តិសុខសង្គម សម្រាប់ មន្ត្រីរាជការ និងកម្មករនិយោជិតផងដែរ។

    លោកនាយករង បានថ្លែងបន្តទៀតថា៖ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្រប ដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារសរុប ចំនួន ១ ៤៧៣នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ ២៥០នាក់។ អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋាន សុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព  ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៣ ។

    លោក ស៊ុំ សោភ័ណ បានបញ្ជាក់បន្ថែមថា៖ ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិត ក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល ដែលមកដល់បច្ចុប្បន្ន បានចុះបញ្ជីសហគ្រាសចំនួន ២៣១៨៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៧ ៨៤៥នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់កម្មករនិយោជិតជា ស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុប ចំនួន ៥៥៦៩៥នាក់ កូនចំនួន ៥៦១១២នាក់ និងចំណាយទឹកប្រាក់ចំនួន ២២ ៤៤៤ ៨០០ ០០០រៀល ។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    លោក ស៊ុំ សោភ័ណ បានបន្តទៀតថា ៖ ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ  និងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាព ទាំងសម្រាប់កម្មករនិយោជិត  មន្ត្រី – សាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់ សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.