Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិស្តីពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្តសម្រាប់ព្យាបាលជំងឺមហារីក ជូនដល់សមាជិក ប.ស.ស

    រាជធានីភ្នំពេញ៖ លោក ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់មួយ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិចំនួន ០៥ នៅក្នុងរាជធានីភ្នំពេញ។

    កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសាលប្រជុំធំនៃ ប.ស.ស ដោយមានការអញ្ជើញចូលរួមពីភាគីទាំងពីរ សរុបប្រមាណជាង ៣០នាក់ ។

    លោក ស៊ុំ សោភ័ណ បានបញ្ជាក់ថា កិច្ចប្រជុំផ្ដោតនេះសំខាន់អំពីការកំណត់តម្លៃឱសថក្រៅពីបញ្ជី ឱសថសារវន្តសម្រាប់ព្យាបាល ជំងឺមហារីក លើការព្យាបាលដោយសារធាតុគីមី ការរៀបចំទុកជាមុន (Pré-Chemotherapy) ផល់ប៉ះពាល់នៃសារធាតុគីមី (Side Effect of Chemotherapy) ការព្យាបាលសម្រន់ (Palliative Care) ជូនដល់សមាជិក ប.ស.ស ។

    ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិគ្រោះយោបល់គ្នាផងដែរ ដោយជម្រុញឱ្យមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងឯកជន ទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស គប្បីយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនិងការមកទទួលសេវាពិនិត្យព្យាបាល ជំងឺរបស់សមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

    លោកនាយករង បានឱ្យដឹងដែរថា កម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួលសេវាពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅឡើយទេ ដូច្នេះដើម្បីឱ្យកាន់តែមានភាពល្អ ប្រសើរឡើង សូមឱ្យមានការចូលរួមដោយយកចិត្តទុកដាក់បន្ថែមទៀតពីខាងមន្ទីរពេទ្យ។

    ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល សាធារណៈ និងមន្ទីរពេទ្យឯកជន សរុបចំនួន ១ ៣៣៥ មូលដ្ឋានសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ មូលដ្ឋាន សុខាភិបាល និងមន្ទីរពេទ្យឯកជនចំនួន ៤៣ មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។

    នេះគឺជាការឆ្លើយតប ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម ដើម្បីរក្សា សុខុមាលភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.