Mail |
  • ភាសាខ្មែរ
  • English
  • ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ មានការកើនឡើងប្រមាណ១៩% បើធៀបទៅនឹងឆ្នាំ២០១៨

    រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ នេះគឺជាការផ្តល់ជូនកាដូដ៏វិសេសវិសាលបំផុតសម្រាប់ ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនីជាស្រ្តីសម្រាលកូន ដើម្បីឆ្លើយតបទៅនឹង ជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវ ទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។

    យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ៥៧ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស សម្រាលកូនចំនួន ១៤២៥០៣ នាក់ ដែលមានចំនួន កូនសរុបចំនួន ១៤៣៥០០នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៩៧៩នាក់ និងកូនភ្លោះបី មានចំនួន ០៩នាក់) ។

    គិតតែក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុប ប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីសម្រាលកូន តាមរយៈ ប.ស.ស. ហើយមានការកើនឡើងរហូតដល់ទៅ ១៩% ធៀបទៅនឹង ឆ្នាំ២០១៨ ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការផ្ទាល់ ។

    គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នឹងទទួលបានគោលរបបប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖

    – សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.