Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារដែល ប.ស.ស សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមកនេះ

    រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងឡើងយ៉ាងនេះ ស្ថិតនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេច បានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានប្រារព្ធឡើង នៅសាលប្រជុំសណ្ឋាគារតារាអ៊ែផត រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២០ នេះ ។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា៖ ឯកឧត្តមសូមកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល មន្រ្តីរាជការ បុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ នានា ដែលបានចូលរួមចំណែកក្នុងគ្រប់សកម្មភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាចលករមួយយ៉ាងសំខាន់ ធ្វើឱ្យអង្គភាពមួយនេះ ទទួលបាននូវលទ្ធផលគួរជាទី មោទនៈរហូតមកដល់ពេលនេះ។

    កន្លងមក ប.ស.ស ធ្លាប់ទទួលបានពានរង្វាន់ឆ្នើមចំនួន ៤លើករួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន លើកទី(១) ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្ត របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៥ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសសឹង្ហបុរី លើកទី(២) ពានរង្វាន់ឆ្នើមស្តីពីការគ្របដណ្តប់ផ្នែកការធានារ៉ាប់រងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៦ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន លើកទី(៣) ទទួលបានពានរង្វាន់ ស្តីពីការផ្តល់សេវាល្អសម្រាប់ របបថែទាំសុខភាពនៅឆ្នាំ២០១៨ ពីប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសវៀតណាម និងលើកទី(៤) ពានរង្វាន់ស្តីពីការផ្តល់សេវាធានារ៉ាប់រង សុខភាពសម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ (Health Care Scheme for Public Employees, Former Civil Servants, and Veterans) ពីប្រធានសមាគមសន្តិសុខសង្គមអាស៊ាននៅប្រទេសព្រុយនេ ។

    ទាក់ទងទៅនឹងលទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា ៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានប្រាកាសឱ្យ ប្រើប្រាស់រួចហើយ ដែលគ្របដណ្តប់ទៅលើការគាំពារចំនួន ៤ផ្នែក រួមមាន (១)ផ្នែកប្រាក់សោធន (២)ផ្នែកថែទាំសុខភាព (៣)ផ្នែកហានិភ័យការងារ និង (៤)ផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ផងដែរ ។​ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កន្លងមកបាននឹងកំពុងអនុវត្តនូវរបប សន្តិសុខសង្គមចំនួន ២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់តាំង ពីឆ្នាំ២០១៩ មក របបសន្តិសុខសង្គមទាំងពីរនេះ បានគ្រប់ដណ្តប់ទាំងកម្មករនិយោជិត និងមន្រ្តីសាធារណ: ។ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកនីមួយៗនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឱ្យបាននូវកំណើន សេដ្ឋកិច្ចជាតិ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជឿជាក់ថា នៅក្នុងឆ្នាំថ្មីនេះ មន្ត្រី និងបុគ្គលិកយើងពិតជា ខិតខំសិក្សាស្វែងយល់ ពីគោល នយោបាយអនុវត្តរបបសន្តិសុខសង្គម ជាមួយពី បណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសជាដៃគូអភិវឌ្ឍន៍ ដទៃទៀត ដើម្បីទទួលបាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់បំពេញបន្ថែមលើការងារដែលមានស្រាប់ និង កែលំអរការអនុវត្តរបបសន្តិសុខសង្គមរបស់យើងឱ្យកាន់តែប្រសើរឡើងថែមទៀត។

    សូមបញ្ជាក់ថា៖ ពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គមខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលពីតំណាង ក្រសួង ស្ថាប័ន អង្គការ និងអង្គភាពពាក់ព័ន្ធនានាសរុប្រមាណជា ៣០០ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.