Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០បានថ្លែងថា ៖ កន្លងមក ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងជំរុញឱ្យប្រើប្រាស់រថយន្ដដឹកអ្នកដំណើរដើម្បីដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងមានការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ចុះបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរ សម្របសម្រួលក្នុងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតតាមគ្រប់រូបភាព។

    ឯកឧត្តម បានបន្តទៀតថា៖ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ បានកើតឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ ក្នុងចំណោមនោះក៏មានកម្មករនិយោជិតដែលជាជនរងគ្រោះផងដែរ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយវា ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ។

    យោងតាមរបាយការរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឱ្យដឹងថា៖ គិតក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករនិយោជិតបានកើតឡើងចំនួន៨ករណី និងបង្កឲ្យមានជនរងគ្រោះចំនួន ២២៣ នាក់ (ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ៣២ នាក់ របួសស្រាលចំនួន ១៨៩ នាក់) គ្រោះថ្នាក់កើតឡើងដោយរ៉ឺម៉កចំនួន ២ ករណី ជនរងគ្រោះ ២ នាក់ គ្រោះថ្នាក់កើតឡើងដោយកង់ចំនួន ៣ ករណី ជនរងគ្រោះចំនួន ៣ នាក់និង គ្រោះថ្នាក់ដោយថ្មើរជើងមានចំនួន ១៨ ករណី ជនរងគ្រោះចំនួន ១៨ នាក់ ។

    ឯកឧត្តម បានថ្លែងបញ្ជាក់ទៀតថា៖ ក្នុងនាមតំណាងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាបេឡាជាតិសន្តិសុខសង្គម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យស្ថិតនៅកម្រិតទាប ដោយអនុលោមទៅតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។ ហើយយើងខ្ញុំជឿជាក់ថា វគ្គសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងការទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនសកម្មភាពរួមគ្នាទៅមុខជារៀងរហូត ។

    ជាមួយគ្នានេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានបញ្ជាក់ថា ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានធ្វើការសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គមតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ក្នុងការចូលរួមបង្កើន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់បងប្អូនកម្មករនិយោជិត។

    លោក ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការរបស់ ប.ស.ស. កន្លងមក ក្នុងកិច្ចខិតខំសង្គ្រោះជីវិត មនុស្សពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺបងប្អូនកម្មករនិយោជិតបានយល់យល់ដឹងកាន់តែច្បាស់ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។

    សូមបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដែលមានការរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា (AIP) ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានាសរុបប្រមាណជាង ៥០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.