Mail |
  • ភាសាខ្មែរ
  • English
  • ក្នុងនាមមន្រ្តី បុគ្គលិកដែលជាអ្នកបម្រើសេវាជូនសមាជិករបស់ខ្លួន ត្រូវតែបន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់បន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងកិច្ចការងាររបស់ខ្លួន

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. នាព្រឹកមិញនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ក្នុងនាមមន្រ្តី បុគ្គលិក ដែលជាអ្នកបម្រើសេវាជូន សមាជិក ប.ស.ស. ទូទាំងរាជធានី ខេត្ត-ខណ្ឌ ត្រូវតែពង្រឹងសមត្ថភាព បន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងកិច្ចការងាររបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ក្នុងការបំពេញការងារជូន អង្គភាព និងសង្គមជាតិទាំងមូល។

    ឯកឧត្តមអគ្គនាយក បានថ្លែងបន្តថា៖ ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតប្រកបដោយក្រមសីលធម៌ល្អ ទន់ភ្លន់ ម៉ឺងម៉ាត់ ជាមួយនឹងទំនួលខុសត្រូវខ្ពស់ បើទោះបីជាកន្លងមកបានអនុវត្តការងារសម្រេចបាន លទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ។

    ឯកឧត្តមអគ្គនាយក ក៏បានបន្តជម្រុញលើកទឹកចិត្តឲ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប្រធាននាយកដ្ឋាន និងគ្រប់សាខាខេត្ត-ខណ្ឌ ទាំងអស់បន្តដឹកនាំអនុវត្តន៌ ការងារ ក៌ដូចជាគោរពវិន័យ និងត្រូវពន្លឿនក្នុងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភ បន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឲ្យបានទាន់ពេលវេលា ជាពិសេសការផ្តល់ការសម្របសម្រួលឲ្យបានទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិកពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។

    ក្នុងឱកាសនោះឯកឧត្តមអគ្គនាយក បានណែនាំឲ្យ ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ចូលរួម បន្ដអនុវត្តនូវវិធាន “៣ការពារ ៣កុំ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល ឆ្លើយតបទៅនឹងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តទប់ ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យខ្ពស់ ឈានទៅរកការបើកដំណើរការឡើងវិញគ្រប់វិស័យទាំងអស់។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងចូលដោយផ្ទាល់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.