Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៖ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងបរិបទកូវីដ-១៩ តែ ប.ស.ស. នៅតែសម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២១ កន្លងមកនេះ

    (ភ្នំពេញ)៖ ក្នុងឱកាសអង្គសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
    ជាមួយគ្នានឹងការថ្លែងឡើងខាងលើនេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរនាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
    ក្នុងឱកាសសន្និបាតនេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ថា៖ បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ ក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩សហគ្រាសមានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។
    ឯកឧត្តមអគ្គនាយក បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្រី្ដនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារសរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។
    គួររំលឹកឱ្យដឹងផងដែរថា៖ ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ចំនួន ៥លើករួចមកហើយពីប្រធានសមាគមសន្ដិសុខសង្គមអាស៊ាន (ASSA) ដែលក្នុងនោះរួមមាន៖
    លើកទី១៖ ពានរង្វាន់អង្គភាពឆ្នើមក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៥
    លើកទី២៖ ពានរង្វាន់ផ្តើមស្តីពីការគ្របដណ្តប់ផ្នែកធានារ៉ាប់រងសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៦
    លើកទី៣៖ ទទួលបានពានរង្វាន់ស្តីពីការផ្តល់សេវាល្អសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨
    លើកទី៤៖ ពានរង្វាន់ស្តីពីការផ្តល់សេវាសាធារណៈរ៉ាប់រងសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩
    លើកទី៥៖ ពានរង្វាន់អង្គភាពឆ្នើមលើការពង្រីករបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈនៅឆ្នាំ២០២១។
    សូមបញ្ជាក់ថា ៖ អង្គសន្និបាតខាងលើប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណជា២០០នាក់ ទាំងការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.