Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយក ប.ស.ស. ៖ ដើម្បីឱ្យការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ មន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ត្រូវពង្រឹងសមត្ថភាព របស់ខ្លួន

    (ភ្នំពេញ) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងបច្ចុប្បន្នភាពការងារជំនាញនាព្រឹកនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ប.ស.ស. បានអនុវត្តប្រកបដោយជោគជ័យរួចទៅហើយនូវរបបសន្តិសុខសង្គមចំនួន២ គឺ (១) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និង (២) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ហើយក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. នឹងចាប់ផ្តើមដាក់ដំណើរការ របបសន្តិសុខសង្គមថ្មីមួយទៀត គឺរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបន្តថា៖ ដើម្បីឱ្យការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ មន្រ្តី និងបុគ្គលិក ប.ស.ស. ដែលទទួលបន្ទុកលើកិច្ចការងារនេះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅកាន់សមាជិករបស់ខ្លួន ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែស៊ីជម្រៅ ក៏ដូចជាអត្ថប្រយោជន៍ដែលពួកគាត់ត្រូវទទួលបាននៅក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

    ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះដដែល ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិបន្តមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍពេញបរិបូណ៌ ហើយប្រការដែលកាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ គឺការដាក់ចេញនូវគោលនយោបាយជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានត្រឹមត្រូវ និងចំគោលដៅ រហូតឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញតាមបែបប្រក្រតីភាពថ្មី ដែលកត្តាទាំងនេះ គឺជាការជំរុញ និងគាំទ្រ ប.ស.ស. ក្នុងនាមជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមនៅកម្ពុជា ឱ្យបន្តប្រឹងប្រែងបម្រើសេវាជូនបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

    របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺរបបសន្តិសុខសង្គមថ្មីមួយ ដែលផ្តល់ជាប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត) ជារៀងរាល់ខែ ជូនដល់សមាជិក ប.ស.ស. ដែលបានចុះបញ្ជីក្នុងផ្នែកនេះ នៅពេលចូលនិវត្តន៍ធ្វើការលែងកើតចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។
    របបសន្តិសុខសង្គមផ្នែកប្រាក់សោធនត្រូវបានបែងចែកចេញជាបីប្រភេទ៖
    – ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត)
    – ប្រាក់សោធនឧត្តរជីវី (ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក)
    – ប្រាក់សោធនទុព្វលភាព (ចូលនិវត្តន៍មុនកាលកំណត់)។

    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាង និងលើកកម្ពស់សមត្ថភាពការយល់ដឹងបន្ថែមរបស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្ពោះទៅរកឧត្តមភាព និងភាពថ្កុំថ្កើងជាលំដាប់ចំពោះការផ្តល់សេវារបបសន្តិសុខសង្គមជូនសមាជិក ប.ស.ស.។

    វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញមកពីគ្រប់នាយកដ្ឋានជំនាញនៃ ប.ស.ស. ព្រមទាំងមានវត្តមានចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំនៃ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំង២៨ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.