Mail |
  • ភាសាខ្មែរ
  • English
  • ការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គឺជាគន្លឹះស្នូល ដែលថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. ត្រូវបន្តដោះស្រាយឲ្យបានទាន់ពេលវេលា

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗប្រចាំខែកុម្ភៈ នាព្រឹកមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ៖ ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ គឺជាគន្លឹះស្នូល ដែលថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. ត្រូវបន្តដោះស្រាយឲ្យបានទាន់ពេលវេលាជាមួយគ្នា ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ ដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបាននូវលទ្ធផលខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់បានបំពេញកិច្ចការងារ ក្នុងការបម្រើសេវាជូនសមាជិក ប.ស.ស. បានល្អប្រសើរគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងសង្កត់ធ្ងន់ថា ការសម្រេចបាននូវលទ្ធផលដ៏ប្រសើរនេះ យើងក៏មិនភ្លេចពីការដឹងគុណបំផុតចំពោះការដឹកនាំប្រទេសដែលមានគតិបណ្ឌិត និងឈ្លាសវៃខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ពិសេសតាមរយៈនូវគោលនយោបាយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលនេះជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់បំផុត ក្នុងការបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍ ដែលអាចទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងដ៏សាហាវនេះ និងបានដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ ហើយត្រូវបន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ និង ៣កុំ ក្រោមការដាក់ចេញពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់សាខាទាំងអស់ត្រូវបន្តពន្លឿនការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលជាឧបសគ្គក្នុងការអនុវត្តការងារ ពិសេសសម្របសម្រួលចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ក៏ដូចជាពេលមកទទួលសេវាក្នុងការស្នើសុំប្រាក់ឧបត្ថម្ភផ្សេងៗ ពី ប.ស.ស. ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង ១០០នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.