Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមបណ្ឌិតរដ្ឋមន្រី្ដ៖ មានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន គឺជួយបង្កើតស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ និងបង្កើនផលិតភាពក្នុងសហគ្រាស

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយរបបសន្តិ សុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងឡើងថា៖ ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង គឺជាការយក ចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវ សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី បានបន្ដទៀតថា៖ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ ជាមួយគ្នានេះ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារ ប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាព ជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី ក៏បានធ្វើការសំណូមពរទៅកាន់បងប្អូនសហជីពទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ ចម្ងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វ ផ្សាបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំង អស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីបងប្អូនសហជីព សរុបប្រមាណជា ៣០០នាក់ ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់