Mail |
 • ភាសាខ្មែរភាសាខ្មែរ
 • EnglishEnglish
 • ឯកឧត្តមបណ្ឌិតរដ្ឋមន្រី្ដ៖ និយោជកទាំងអស់ ត្រូវត្រៀមខ្លួនក្នុងការបង់ភាគទានសម្រាប់ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន

  (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងឡើងថា៖ ការចូលរួមបង់ភាគទាន របស់ភាគីនិយោជកក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិតឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបានអត្ថប្រយោជន៍ និងការការពារពី ប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួមរបស់ភាគីនិយោជក និងភាគីនិយោជិត ខ្លួនឯងផ្ទាល់។
  ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបន្ដថា៖ ក្នុងយុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយរបប សន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បានរៀបចំ ៣លើក រួចមកហើយ ដោយបានធ្វើឡើងជាមួយ ថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបងប្អូនសហជីព។ ដោយឡែកចំពោះពិធីផ្សព្វផ្សាយនៅពេលឆាប់ៗខាងមុខក្នុងយុទ្ធនាការ ៩០ថ្ងៃ ដែលនឹងមានការ រៀបចំកិច្ចផ្សព្វផ្សាយរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ដោយមានការចូលរួមត្រីភាគី និងនៅពេលបន្ដបន្ទាប់ក្រុមការងារពាក់ព័ន្ធនឹងខិតខំចុះផ្សព្វផ្សាយទៅដល់សហគ្រាស គ្រឹះសា្ថនដោយផ្ទាល់។ ទន្ទឹមគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធននេះ ឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួម អនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាម ច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។
  ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗ អត្រានៃការ បង់ភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាង ប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូងនៃភាគទានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក២% និងភាគីនិយោជិត២% ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅបងប្អូនកម្មករនិយោជិត នៅពេល៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចក្នុងប្រទេស។
  ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូចទៅកាន់បង ប្អូននិយោជក និងតំណាងនិយោជកទាំងអស់សូមធ្វើការបញ្ជូនឈ្មោះកម្មករនិយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករនិយោជិត ព្រមទាំងធ្វើការសហការជាមួយក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងឱកាសចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ដល់បងប្អូនកម្មករនិយោជិតដែលនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ អំពីការចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
  សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃពុធ ទី ១៣ និងបានបញ្ចប់នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ី ម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និយោជក និងតំណាងនិយោជក សរុបប្រមាណជា ៩០០នាក់៕

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ១៧,៣៥៥ សហគ្រាស
  • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់