Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការបង្កើនការយល់ដឹងអំពីការដាក់ឲ្យដំណើរការសាកល្បងគម្រោង SPIN សម្រាប់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហៅកាត់ថាគម្រោង SPIN) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការបង្កើនការយល់ដឹងអំពីការដាក់ឲ្យដំណើរការសាកល្បងគម្រោង SPIN សម្រាប់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ។
    ឯកឧត្តមបណ្ឌិតបានថ្លែងថា សិក្ខាសាលា ស្តីពី “ការបង្កើនការយល់ដឹងអំពីការដាក់ឲ្យដំណើរការអនុវត្តសាកល្បងគម្រោង SPIN” ពិតជាមានសារៈសំខាន់បំផុតសម្រាប់ផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរបបសន្តិសុខសង្គម ដល់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ ដែលជាសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)។
    ឯកឧត្តមបណ្ឌិត បានបន្តទៀតថា អ្នកបម្រើក្នុងផ្ទះ អត្រាភាគទានត្រូវបានកំណត់ដូចសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ (របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ត្រូវបានកំណត់ស្មើនឹង ០,៨ ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន និងរបបរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវបានកំណត់ស្មើនឹង ២,៦ ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន) រីឯអ្នកបើកម៉ូតូរ៉ឺម៉ក ការបង់ភាគទានថេរគឺ ១៥ ៦០០រៀល ក្នុងមួយខែ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការហ្គ្រេត (GRET) និងសមាគម SHPA ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ព្រមទាំងអរគុណចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ដែលបានមកចូលរួមនាឱកាសនេះ។
    គួររំលឹកថា នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ នៃ ប.ស.ស. អង្គការហ្គ្រេត និងសមាគមគាំពារសុខភាពសង្គម (SHPA) អំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម នៃ ប.ស.ស. គម្រោង SPIN និងកម្មវិធីតាមគេហទំព័រ ព្រមទាំងការធ្វើតេស្តអនុវត្តជាក់ស្តែងក្នុងការចុះបញ្ជិកា និងបង់ភាគទាន តាមរយៈកម្មវិធីតាមគេហទំព័រ។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើប្រព្រឹត្តទៅនៅសណ្ឋាគារ Poulo Wai Hotel and Apartment ដោយមានវត្តមានអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសគម្រោង SPIN នៃ ប.ស.ស. អង្គការហ្គ្រេត (GRET) សមាគមគាំពារសុខភាពសង្គម (SHPA) តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងតំណាងសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) ជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.