Mail |
 • ភាសាខ្មែរ
 • English
 • ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំមន្ត្រីបច្ចេកទេសចូលរួមកិច្ចប្រជុំស្ដីពី កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីស្ដារសម្បទាសេដ្ឋកិច្ច និងភាពធន់របស់កម្ពុជា

  ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីបច្ចេកទេសចូលរួមកិច្ចប្រជុំស្ដីពី កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីស្ដារសម្បទាសេដ្ឋកិច្ច និងភាពធន់របស់កម្ពុជា។
  កិច្ចប្រជុំពិភាក្សាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីស្តារសម្បទាសេដ្ឋកិច្ច និងភាពធន់របស់កម្ពុជា (Cambodia Recovery and Resilience Development Policy Operation Series) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានសសរស្តម្ភចំនួន៣ធំៗ ដូចខាងក្រោម៖
  ១. ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រកួតប្រជែងបន្ថែមទៀតក្នុងវិស័យឯកជន
  – ជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ
  – ពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងស្ថាប័នសម្រាប់ការប្រកួតប្រជែង
  – ជំរុញការអភិវឌ្ឍរួមបញ្ចូលតាមរយៈការទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។
  ២. ការពង្រឹងភាពធន់សារពើពន្ធ
  – កំណែទម្រង់គម្រោងសោធននិវត្តន៍ ដើម្បីគ្រប់គ្រងការចំណាយសារពើពន្ធ
  – បង្កើនប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ និងកាត់បន្ថយហានិភ័យសារពើពន្ធដែលពាក់ព័ន្ធ
  – ធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានរបស់រដ្ឋាភិបាល។
  ៣. លើកកម្ពស់ភាពធន់នៃសង្គម និងបរិស្ថាន
  – បង្កើនភាពធន់នឹងការប៉ះទង្គិចទាក់ទងនឹងអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គមដែលសម្របខ្លួនជាងមុន
  – លើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពនៃការទូទាត់តាវកាលិកសង្គម
  – ពង្រឹងភាពធន់នឹងអាកាសធាតុ និងបរិស្ថាន។
  នៅក្នុងកិច្ចប្រជុំខាងលើ ប.ស.ស. បានចូលរួមនៅក្នុងការពិនិត្យទៅលើចំណុចនៃសសរស្តុម្ភទី២ នៃសកម្មភាពអាទិភាពទី៤ ស្តីពីការពង្រឹងទៅលើភាពធន់សារពើពន្ធ ទាក់ទងនឹងការត្រួតពិនិត្យការចំណាយសារពើពន្ធ ចំពោះអ្នកទទួលផល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុម័តនូវសេចក្តីសម្រេចចំពោះការកំណត់យកនូវរបបសោធនសម្រាប់មន្រ្តីរាជការស៊ីវិលនាពេលបច្ចុប្បន្ន និងអ្នកចុះឈ្មោះថ្មីនៅក្នុងបេឡាជាតិសន្តិសុខសង្គមក្នុងការកំណត់នូវសន្ទស្សន៍សម្រាប់ការអនុវត្ត។
  សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ និងថ្នាក់ដឹកនាំ មកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណជាង ៦០នាក់ តាមរយៈប្រព័ន្ធ (Video Conference)៕

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ២១,៤៣០ សហគ្រាស
  • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
  ទំព័របណ្ដាញសង្គម ប.ស.ស.