Mail |
  • ភាសាខ្មែរ
  • English
  • ប្រតិភូ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ចូលរួមសិក្ខាសាលាអន្ដរជាតិស្តីពី “ការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព៖ ការទប់ស្កាត់ ការស៊ើបអង្កេត និងការលុបបំបាត់”

    (ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំប្រតិភូ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី “ការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព៖ ការទប់ស្កាត់ ការស៊ើបអង្កេត និងការលុបបំបាត់” នៅទីក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី។
    សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពី បញ្ហាប្រឈម វិធីសាស្ត្រ ដំណោះស្រាយ ក្នុងការទប់ស្កាត់ការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព។
    នៅក្នុងឱកាសបើកសិក្ខាសាលាអន្តរជាតិនេះ ឯកឧត្តម Ali Ghufron Mukti អគ្គនាយកអង្គភាពធានារ៉ាប់រងសុខភាព (BPJS Kesehatan) នៃប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា ការក្លែងបន្លំគឺជាប្រធានបទដ៏រសើបមួយនៅក្នុងវិស័យធានារ៉ាប់រង និងជាបញ្ហាដែលនាំឲ្យមានអំពើពុករលួយក្នុងការបង្កើននូវការចំណាយសម្រាប់របបធានារ៉ាប់រងសុខភាព។ លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ បានលើកឡើងថា ការចែករំលែកនូវបទពិសោធន៍រវាងបណ្តាស្ថាប័នសន្តិសុខសង្គម ក្រោមប្រធានបទតែមួយពាក់ព័ន្ធនឹងការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការទប់ស្កាត់ និងការលុបបំបាត់នូវការក្លែងបន្លំ ដែលតម្រូវឲ្យមានគោលនយោបាយ នវានុវត្តន៍ និងបច្ចេកវិទ្យាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើការអនុវត្តច្បាប់ និងបទប្បញ្ញតិ្តឲ្យបានតឹងរឹង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់វិភាគ ត្រួតពិនិត្យតាមដាន និងវាយតម្លៃដើម្បីស្វែងរកនិងទប់ស្កាត់ការក្លែងបន្លំ លើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ការវាយតម្លៃហានិភ័យ ការវាស់ស្ទង់ហានិភ័យជាដើម។
    សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គភាពធានារ៉ាប់រងសុខភាព (BPJS Kesehatan) នៃប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) អគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បណ្តាញសិក្សារួមគ្នា (JLN) ធនាគារពិភពលោក (WB) និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.