ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ពិភាក្សា ដើម្បីត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃភ្នាក់ងារជាតិបញ្ជាក់ចំណាយ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយ គណៈកម្មការ ប្រតិបត្តិ នៃក្រុមបឹ្រក្សាជាតិគាំពារសង្គម ។
សេចក្ដីព្រាងអនុក្រឹត្យនេះ បានកំណត់វិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការបញ្ជាក់លើសំណើសុំទូទាត់ចំណាយសេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្ររបស់មូលដ្ឋានសុខាភិបាលនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំខាងលេី មានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. នៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ រួមទាំងមន្រ្តីជំនាញផ្នែកច្បាប់ នៃ ប.ស.ស. និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃគណៈកម្មការប្រតិបត្តិ ប្រមាណជាង៤០រូប តាមរយៈប្រព័ន្ធវីដេអូ៕