Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ផ្តល់កិត្តិយសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD)

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់កិត្តិយសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយ លោកស្រី Agnes SOUCAT ប្រធានការិយាល័យសុខាភិបាល នៃទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នៅសាលប្រជុំ គនប ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ ប.ស.ស. និងតំណាងទីភ្នាក់ងារ AFD សរុបប្រមាណជា ១៥រូប។
    នាឱកាសនោះលោកស្រី Agnes SOUCAT បានបង្ហាញពីគោលបំណងក្នុងកិច្ចពិភាក្សា គឺដើម្បីសិក្សាឈ្វេងយល់លំអិតអំពីប្រព័ន្ធសន្តិសុខសង្គមរបស់ ប.ស.ស. ព្រមទាំងបញ្ហាប្រឈមនានា ក៏ដូចជាយន្តការផ្សេងៗ និងផែនការយុទ្ធសាស្រ្ត ដែលមានចក្ខុវិស័យ និងបេសកកម្មដ៏ច្បាស់លាស់ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តលើគម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលគាំទ្រដោយទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ផងដែរ។
    ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍លើកឡើងថា កន្លងមក ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) បានផ្ដល់ជំនួយជាច្រើន តាមរយៈអង្គការហ្រ្គេត (GRET) ដល់ ប.ស.ស. កម្ពុជា ក្នុងការអនុវត្តគម្រោងសាកល្បង ស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលក្នុងនោះរួមមាន (១) ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. (២) ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (៣) ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និង (៤) យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយផងដែរ។
    ទន្ទឹមនឹងនេះ ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) កំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការគ្របដណ្តប់របបសន្តិសុខសង្គមទៅលើវិស័យមួយចំនួនបន្ថែមទៀត រួមមាន បុគ្គលស្វ័យនិយោជន៍វិស័យសំណង់ និងវិស័យកសិកម្មជាដើម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.