Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ការធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងការធ្វើដំណើររបស់កម្មករនិយោជិតនៅតាមបណ្តា សហគ្រាស គ្រឹះស្ថាន គឺជារឿងសំខាន់បំផុត ក្នុងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់

    (កោះកុង)៖ ក្នុងឱកាសអញ្ជើញបើកពីធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ឯកឧត្តមបានថ្លែងថា៖ ការចុះធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពលើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅតាមបណ្តា សហគ្រាស គ្រឹះស្ថាន គឺជារឿងសំខាន់បំផុត ក្នុងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម តាមរយៈក្រុមការងារ ស.ផ.ក បានចូលរួមយ៉ាងសកម្មដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការអនុវត្តនូវផែនការការងារនេះផងដែរ។
    ឯកឧត្តមបណ្ឌិត អគ្គនាយករង ក៏បានបន្តទៀតថា៖ ការចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន គឺជាមធ្យោបាយមួយដ៏សំខាន់ និងជារឿងដែលសំខាន់បំផុត ដែលអាចបញ្រ្ជាបការយល់ដឹងបន្ថែម អំពីសុវត្ថិភាពធ្វើដំណើរដល់អ្នកប្រើប្រាស់ផ្លូវឱ្យយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាការចំណែកមួយ ដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃ គ្រប់ពេលធ្វើដំណើរ។
    ឯកឧត្តមបណ្ឌិត អគ្គនាយករង បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយនេះ ជាពិសេសលើកទឹកចិត្តជំរុញដល់គ្រប់ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការលើសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយអំពីចរាចរណ៍ ពិសេសត្រូវបានចាត់ទុកថាការចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ជាការជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយដ៏សាហាវនៃឃាតករលាក់មុខរបស់សង្គមជាតិយើង។
    ក្នុងឱកាសជាមួយគ្នានេះផងដែរ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ហាក់ ឡេង ក៏បានផ្តល់នូវអនុសាសន៍ណែនាំអំពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យបងប្អូនកម្មករនិយោជិតចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ឯកឧត្តម ក៏បានសំណូមពរឱ្យ ប.ស.ស. រៀបចំកម្មពិធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះជាបន្តបន្ទាប់ទៀត ដើម្បីឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត យល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចណ៍ផ្លូវគោក ។
    សូមបញ្ជាក់ថា៖ ពិធីប្រជុំផ្សព្វផ្សាយខាងលើប្រព្រឹត្តទៅនៅរោងចក្រ YAZAKI CAMBODIA CO., LTD ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានវត្តមានចូលរួមពីតំណាង មន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត សរុបប្រមាណ ៣៥០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.