Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប្រតិភូតំណាង ប.ស.ស. អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាស្ដីពី « គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម»

    (សៀមរាប)៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលឆ្លើយតបទៅលើប្រធានបទស្តីពី «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម» ជូនដល់ថ្នាក់ដឹកនាំតំណាងមកពីអង្គការចំនួន១១ និងដៃគូពាក់ព័ន្ធនានា ដើម្បីពិភាក្សាស្វែងយល់ឱ្យស៊ីជម្រៅអំពីគោលនយោបាយរបស់ប្រព័ន្ធសន្ដិសុខកម្ពុជា ដែលរៀបចំឡើងដោយអង្គការ OXFAM ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប។
    ក្នុងនាមជាវាគ្មិនតំណាង ប.ស.ស. លោក លៀង ពន្លក បានលើកឡើងថា៖ ប្រព័ន្ធសន្ដិសុខសង្គម ដែល ប.ស.ស. ជាប្រត្តិបត្តិករ បាននិងកំពុងអនុវត្តនូវគោលនយោបាយរបស់ខ្លួនយ៉ាងច្បាស់លាស់ ល្អប្រសើរ ជាមួយគ្នានេះ ស្ថាប័ន ប.ស.ស. បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យសន្ដិសុខសង្គមទទួលបានជោគជ័យ ប្រកបដោយចីរភាព និង បរិយាបន្ន។
    ជាមួយគ្នានេះ លោក លៀង ពន្លក បានបញ្ជាក់បន្ថែមថា៖ ដើម្បីរួមចំណែកលើកកម្ពស់គណនេយ្យភាពសង្គមឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ស្ថាប័ន ប.ស.ស. តែមួយពុំអាចអនុវត្តដោយម្នាក់ឯងបានទេ តម្រូវឱ្យភាគីពាក់ព័ន្ធរួមចំណែកទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋត្រូវចូលរួម នឹងត្រូវយល់ច្បាស់ពីសិទ្ធិរបស់ខ្លួន។ ទន្ទឹមនឹងនេះ សម្រាប់សមាជិក ប.ស.ស. ផ្ទាល់ នៅពេលទៅទទួលសេវាព្យាបាល គឺប្រើប្រាស់ដូចគ្នាដោយពុំមានបែងចែកឋានៈ ឬតួនាទីឡើយ ហើយនៅពេលដែលបងប្អូនសមាជិកជួបប្រទះនូវបញ្ហា សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ១២៨៦ ឬបណ្ដាញសង្គមរបស់ ប.ស.ស. ដើម្បីទទួលបាននូវដំណោះស្រាយ និងព័ត៌មានយ៉ាងឆាប់រហ័ស ដែលនេះបង្ហាញពីការទទួលខុសត្រូវចំពោះការផ្ដល់សេវាដ៏ពិតប្រាកដ ប្រកបដោយគណនេយ្យភាព និងតម្លាភាព។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាពេញមួយថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងអង្គការចំនួន ១១រួមមាន៖ អង្គការបន្ទាយស្រី (BS), អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សហព័ន្ធសហជីពកម្ពុជា (CATU), សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), សហព័ន្ធកម្មករក្នុងវិស័យសេវាកម្ម និងចំណីអាហារកម្ពុជា (CFSWF), សហភាពការងារកម្ពុជា (CLC), អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) អង្គការមូលនិធិកុមារកម្ពុជា(CCF), សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU), អង្គការជនពិការកម្ពុជា (CDPO), និងអង្គការមនុស្សចាស់កម្ពុជា (HAC) សរុបប្រមាណ ១៥០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.