Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. សម្លឹងឃើញពីសក្តានុពល និងឱកាស នៃការវិនិយោគនៅក្នុងវិស័យមូលបត្រ

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយ អគ្គនាយកដ្ឋានផ្សារមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី “ការវិនិយោគក្នុងវិស័យមូលបត្រ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចំនួន ១ថ្ងៃពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ប្រមាណជា៤០រូប ។
    ឯកឧត្តមបណ្ឌិត អគ្គនាយករង បានមានប្រសាសន៍ថា ប.ស.ស. បានសម្លឹងឃើញពីសក្តានុពល និងឱកាស នៃការវិនិយោគនៅក្នុងវិស័យមូលបត្រ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ការវិនិយោគក្នុងវិស័យមូលបត្រ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ។
    ឯកឧត្តមបណ្ឌិត បានបន្តទៀតថា កន្លងមក ប.ស.ស. បានធ្វើការវិនិយោគទៅលើសញ្ញាបណ្ណសាជីវកម្មជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក លើគម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ ដែលជាប្រភេទសញ្ញាបណ្ណមានបុគ្គលធានា កាលពីឆ្នាំ២០២២កន្លងទៅរួចមកហើយ។ នាយកដ្ឋានគ្រប់គ្រងការវិនិយោគ មូលនិធិសន្តិសុខសង្គម មានផ្នែកមួយដែលកំពុងធ្វើការសិក្សា និងធ្វើវឌ្ឍនភាពទៅលើការសិក្សាវិស័យមូលបត្រ ដើម្បីជំរុញ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ហេតុដូច្នេះត្រូវតែសិក្សាលើផ្នែកនេះឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យការអនុវត្តប្រាសចាកនិងគោលការណ៍ដែលមានចែងជាធរមាន។
    សូមបញ្ជាក់ថា៖ នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខ ដែលជាអង្គភាពចំណុះឱ្យ ប.ស.ស. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៩៦ អនក្រ ប.ក ដែលមានតួនាទីជាសេនាធិការឱ្យក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមក្នុងការគ្រប់គ្រង និងចាត់ចែងការវិនិយោគមូលនិធិសន្តិសុខសង្គម ឱ្យស្របទៅតាមគោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកធានានូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម និងដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមជូនទៅ ដល់សមាជិក ប.ស.ស. ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.