Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អនុញ្ញាតឱ្យលោក Kim Yong-Wan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្នែកស្ដារនីតិសម្បទានៅកម្ពុជា

    (ភ្នំពេញ)៖ នៅទីស្នាក់ការកណ្ដាល ប.ស.ស. នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ។
    ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានសម្តែងនូវការអរគុណ ចំពោះអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទា ជាពិសេសចំពោះការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងអនុវត្តគម្រោងបច្ចុប្បន្ន និងបន្តជួយគាំទ្របន្ថែមទៅលើការអនុវត្តសកម្មភាពក្នុងផែនការមេ លើការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ និងការកសាងសមត្ថភាពរបស់បុគ្គលិកផ្នែកស្តារនីតិសម្បទារបស់ ប.ស.ស.។
    ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានបន្តថា កិច្ចសហប្រតិបត្តិការរវាង COMWEL និង ប.ស.ស. កើតមានឡើងចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយរយៈពេលច្រើនឆ្នាំកន្លងមកនេះ វិស័យសន្តិសុខសង្គមកម្ពុជាបានទទួលនូវការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនពីសាធារណរដ្ឋកូរ៉េ ហើយកិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសន្តិសុខសង្គម ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
    ក្នុងជំនួបខាងលើនេះផងដែរ លោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ក៏សាទរចំពោះគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា សម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ (ODA Project) ដែលបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន ហើយពិសេសជាងនេះទៅទៀត COMWEL នឹងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. លើអ្វីដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងលើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ព្រមទាំងសិក្សាលើគម្រោងថ្មីបន្ថែមសម្រាប់ផ្នែកស្តារនីតិសម្បទា នៃវិស័យសន្តិសុខសង្គមកម្ពុជាផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.