Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងការងារ៖ ការផ្លាស់ប្ដូររថយន្ដដឹកកម្មករនិយោជិតស្របតាមលក្ខណៈបច្ចេកទេស និងផាសុកភាព គឺជាការវិនិយោគដើម្បីផលិតភាពការងារឱ្យប្រសើរជាងមុន

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការកែប្រែ និងជំរុញការផ្លាស់ប្ដូររថយន្ដដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះ មិនមែនរាជរដ្ឋាភិបាលចាប់បង្ខំ ឬមានបំណងធ្វើឱ្យបងប្អូនដែលជាអ្នកបើកបរយានយន្ដដឹកកម្មករបាត់បង់អាជីព បាត់បង់ចំណូលនោះទេ គឺជាការចូលរួមផ្លាស់ប្ដូរជាបណ្ដើរម្ដងបន្ដិចៗ ដែលមានលទ្ធភាពទទួលយកបាននូវរថយន្ដមានលក្ខណៈបច្ចេកទេស និងមានផាសុកភាពជាងមុន ដើម្បីធានាឱ្យបងប្អូនកម្មករនិយោជិតមានសុខសុវត្ថិភាព នៅពេលធ្វើដំណើរទៅ និងមកពីកន្លែងការងារ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងារច្រើនជាងមុន។
    ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការជំរុញការផ្លាស់ប្ដូររថយន្ដដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព” ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើយុទ្ធនាការទាក់ទាញវិនិយោគិន នៅពេលដែលមានវិនិយោគបន្ថែមកាន់តែច្រើន តម្រូវការក៏កាន់តែច្រើន ធ្វើឱ្យកម្លាំងពលកម្មកាន់តែច្រើន ដែលនេះជាឱកាសសម្រាប់បងប្អូនកម្មករនិយោជិតមានលទ្ធភាពក្នុងការតម្លើងប្រាក់ឈ្នួល ក៏ដូចជាឱកាសសម្រាប់បងប្អូនអ្នកបើកបរដឹកកម្មករនិយោជិត នៅពេលដែលមានយានយន្ដស្របតាមលក្ខណៈបច្ចេកទេស និងមានផាសុកភាព បងប្អូនកម្មករនិយោជិតមានទំនុកចិត្ត និងធ្វើឱ្យចំណូលបងប្អូនកើនឡើងផងដែរ ។
    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី បានសំណូមពរចំពោះភាគីនិយោជក ក៏ដូចជាភាគីនិយោជិត និងភាគីពាក់ព័ន្ធនានា ត្រូវចូលរួម និងចាត់ទុកថា នេះគឺជាកាតព្វកិច្ចរួមទាំងអស់គ្នា ជាពិសេសចំពោះភាគីនិយោជក ដែលការផ្លាស់ប្ដូររថយន្ដដឹកកម្មករនិយោជិតឱ្យស្របតាមលក្ខណៈបច្ចេកទេស និងផាសុកភាពនេះ គឺជាការវិនិយោគដ៏សំខាន់ ព្រោះនៅពេលបងប្អូនកម្មករនិយោជិតមានសុខភាពល្អ និងមានសុខសុវត្ថិភាព នោះនឹងធ្វើឱ្យផលិតភាពការងារក៏កាន់តែរីកចម្រើនផងដែរ។
    ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានឱ្យដឹងទៀតថា ប.ស.ស. ដែលជាសេនាធិការផ្ទាល់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានក្រុមការងារសុវត្ថិចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ត្រូវរៀបចំសិក្ខាសាលាបន្ថែមដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្នុងសិក្ខាសាលានាឱកាសនេះ ត្រូវដកស្រង់រាល់បញ្ហាប្រឈមនានាពីភាគីពាក់ព័ន្ធ និងបទពិសោធន៍ជាក់ស្ដែង ដើម្បីជាធាតុចូលក្នុងការសម្រេចបាននូវទិសដៅអាទិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ។
    គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ មានយានយន្ដដឹកកម្មករនិយោជិតសរុបចំនួន ៣ ៤២០គ្រឿង ដែលក្នុងនោះមានរថយន្តដឹកអ្នកដំណើរសរុបចំនួន ១ ៣៦៩គ្រឿង រថយន្តដឹកទំនិញសរុបចំនួន ១ ៩៦៣គ្រឿង (បានកែច្នៃកៅអីអង្គុយមានចំនួន ២៦៧គ្រឿង) រ៉ឺម៉កម៉ូតូចំនួន ៨៨គ្រឿង និងមធ្យោបាយផ្ទាល់ខ្លួនតាមម៉ូតូសរុបចំនួន ២៩១ ៤៨៥គ្រឿង ដែលមានបងប្អូនកម្មករនិយោជិតធ្វើដំណើរតាមរយៈរថយន្ត សរុបប្រមាណជាង ២៩ម៉ឺននាក់ និងបងប្អូនកម្មករនិយោជិតធ្វើដំណើរតាមរយៈរ៉ឺម៉កម៉ូតូ និងម៉ូតូ សរុបប្រមាណជាង ៤៥ម៉ឺននាក់ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត។
    គួរបញ្ជាក់ជូនផងដែរថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការ បានរៀបចំសិក្ខាសាលាបែបនេះចំនួន ៥លើករួចមកហើយ ដើម្បីស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ហើយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ ក៏ជាលើកទី៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលានេះឡើង ហើយក្នុងសិក្ខាសាលាលើកទី៦នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអញ្ជើញចូលរួមជាគណៈអធិបតី ដែលប្រព្រឹត្តទៅក្រោមអធីបភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា សរុបប្រមាណជា ៥០០រូប និងប្រព្រឹត្តដោយផ្ទាល់នៅសណ្ឋាគារភ្នំពេញ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.