Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. បង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

    (ភ្នំពេញ)៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅកម្ពុជា មានលក្ខណៈស្តង់ដាបែបទំនើប និងទាន់សម័យ ដែលស្ថិតនៅក្នុងទឹកដីសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សព្វថ្ងៃមន្ទីរពេទ្យដ៏ល្អមួយនេះកំពុងមានពលរដ្ឋមកទទួលសេវារហូតជិតមួយពាន់នាក់ក្នុងមួយថ្ងៃៗ ដែលក្នុងនោះ សមាជិក ប.ស.ស. មានប្រមាណជាង ៥០ភាគរយ មកទទួលសេវាថែទាំសុខភាពនៅទីនោះផងដែរ ។
    លោកស្រី ទូច ចាន់ធឿន សមាជិក ប.ស.ស. ជាស្រ្តីវ័យកណ្តាលម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ ដែលបានមកទទួលសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព លោកស្រីបានបង្ហាញអារម្មណ៍ពិតថា លោកស្រីពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលលោកស្រីត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចជាលោកស្រី។
    លោកស្រីបន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោកស្រី ប្រសិនបើគ្មានប័ណ្ណ ប.ស.ស. ទេ នោះមិនដឹងថាគាត់ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលនោះដែរ។ លោកស្រីបន្តថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស.។
    លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យរដ្ឋដែលធំជាងគេបំផុតនៅកម្ពុជា ដោយមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាលអ្នកជំងឺ និងមិនចាញ់មន្ទីរពេទ្យនៅបណ្តាប្រទេសជិតខាងនោះទេ។ លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យ បានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. ក៏ដូចជាប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាដើម គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
    លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ត្រូវបានសម្ភោធបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្តួចផ្តើមកសាងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ មានពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានពលរដ្ឋមកទទួលសេវាចំនួន ៦៣០នាក់ ហើយក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស. (ប្រើប្រាស់ប័ណ្ណ ប.ស.ស.) មានរហូតដល់ ៣២៥នាក់ ដែលស្មើជាងពាក់កណ្តាលនៃអ្នកជំងឺសរុប ក៏បានមកទទួលសេវានៅទីនេះផងដែរ។
    សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.