(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់បទសម្ភាសន៍ពិសេសជាមួយស្ថានីយទូរទស្សន៍ CNC នៅក្នុងកម្មវិធី “វេនអ្នក ឬ Your Turn” ក្រោមប្រធានបទ “សារ:សំខាន់ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.)” ។
ក្នុងការផ្តល់បទសម្ភាសន៍នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា ប័ណ្ណសមាជិក ប.ស.ស. គឺមានសារៈសំខាន់ណាស់ ដោយអាចចាត់ទុកជាធនាគារមួយនៅក្នុងគ្រួសារ សម្រាប់រ៉ាប់រងលើការចំណាយថ្លៃពេទ្យ ដែលលែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា សមាជិក ប.ស.ស. អាចទៅប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលថែទាំវេជ្ជសាស្រ្ត នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទាំងរដ្ឋ និងឯកជន ចំនួន ១ ៥៧៣ មូលដ្ឋានសុខាភិបាល ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។
នៅក្នុងកិច្ចសម្ភាសន៍នោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជូនសាធារណជន ជាពិសេស សមាជិក ប.ស.ស. ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់បន្ថែមទៀត ហើយឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់មានប័ណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញមកធ្វើប័ណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា៕