Mail |
  • ភាសាខ្មែរ
  • English
  • ការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតនាពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកបងប្អូនកម្មករនិយោជិត នឹងត្រូវបានជំរុញយ៉ាងយូរត្រឹមឆ្នាំ២០២៧

    (បន្ទាយមានជ័យ) : ថ្លែងក្នុងឱកាសអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ HI-TECH APPAREL (CAMBODIA) CO., LTD.ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ប.ស.ស. បាននិងកំពុងជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតនាពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកបងប្អូនកម្មករនិយោជិត យ៉ាងយូរត្រឹមឆ្នាំ២០២៧ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ដោយបច្ចុប្បន្នភាពរថយន្តដឹកកម្មករនិយោជិតក្នុងខេត្តបន្ទាយមានជ័យ មានរថយន្តដឹកកម្មករចំនួន ៤៩គ្រឿង ដែលក្នុងនោះមានកម្មករនិយោជិតប្រមាណ ៧៩៤នាក់ បានប្រេីប្រាស់រថយន្តខាងលេីជាមធ្យោបាយសម្រាប់មកបំពេញការងារ និងត្រលប់ទៅផ្ទះវិញ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះបងប្អូនកម្មករនិយោជិតរាប់សិបនាក់បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។
    ជាមួយគ្នានេះ ឯកឧត្តម យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុងពិធីខាងលើ ក៏បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹងកាន់តែច្បាស់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.