បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ចុះបញ្ជីចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីតាំង ២ផ្សេងគ្នា គឺនៅការ៉ាស់សាំងកាល់តិច គល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៦ នេះ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ និងផ្សារលេីធំថ្មី ខេត្តសៀមរាប រយៈពេល ៤ថ្ងៃដែរចាប់ពីថ្ងៃទី៧ ស្អែកនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដូច្នេះបងប្អូនប្រជាពលរដ្ឋជាអាជីវករ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាសមាជិក ប.ស.ស. អាចនាំកូនៗក្នុងបន្ទុកមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅស្តង់ចុះបញ្ជីចល័ត ប.ស.ស. បាន។
ការរៀបចំស្តង់ចុះបញ្ជីចល័តនេះ គឺដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់មកស្នើសុំប័ណ្ណ ប.ស.ស. នៅតាមទីស្នាក់ការ ប.ស.ស.។ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករនិយោជិត ឬបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក៏អាចមកប្រឹក្សា និងបំពេញព័ត៌មានចុះបញ្ជីសហគ្រាស នៅស្តង់ចល័តនេះបានផងដែរ។
សូមរំលឹកឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដាក់ស្ដង់ចុះបញ្ជីចល័តនៅតាមទីតាំងផ្សារ និងសាលាឃុំ/សង្កាត់ មួយចំនួនរួចមកហើយ គឺខេត្តសៀមរាប ខេត្តកំពង់ចាម និងក្នុងរាជធានីភ្នំពេញ ហើយគោលដៅបន្តបន្ទាប់ ប.ស.ស. នឹងចុះដាក់ស្តង់ចុះបញ្ជីចល័តនៅតាមខេត្តគោលដៅសំខាន់ៗមួយចំនួនទៀត រួមមាន ខេត្តបាត់ដំបង និងខេត្តតាកែវ៕