Mail |
  • ភាសាខ្មែរ
  • English
  • សិស្សនគរបាល នៃសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ទទួលបានការផ្សព្វផ្សាយ អំពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព

    (ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ សិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ នៃសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ជាង ៣០០នាក់ ទទួលបានការផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកវរសេនីយ៍ទោ ហុង សុផា នាយកសាលានគរបាលជាតិភូមិភាគ៣ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
    ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងថា ការផ្ដល់ការថែទាំសុខភាពជូនដល់និស្សិតនគរបាល និងសិស្សនគរបាលនេះ គឺផ្ដើមចេញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល នៅពេលពួកគាត់ឈឺថ្កាត់ មាតុភាព ឬមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នោះនិស្សិតនគរបាល និងសិស្សនគរបាលអាចទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃតាមរយៈ ប.ស.ស. ក្នុងអំឡុងពេលកំពុងសិក្សានេះផងដែរ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ការផ្ដល់ជូននេះ បច្ចុប្បន្នផ្ដល់ជូនចំពោះតែសាមីខ្លួនដែលជាសិស្សនគរបាល និងនិស្សិតនគរបាលប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលពួកគាត់ទាំងអស់បញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្លាយជាមន្រ្ដីនគរបាលពេញសិទ្ធិ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយផ្ដល់ជូនការគាំពារសុខភាពមួយនេះដល់ ប្ដីឬប្រពន្ធ និងកូនៗ ក្នុងបន្ទុកផងដែរ ដែលរាល់បន្ទុកចំណាយបង់ភាគទានជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង។
    ក្នុងឱកាសជាមួយគ្នានេះ លោកវរសេនីយ៍ទោ ហុង សុផា នាយកសាលានគរបាលជាតិភូមិភាគ៣ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.