ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ហៅកាត់ថា ស.ផ.ក បានបង្កើតឡើងដោយ សេចក្តីសម្រេចលេខ ០០២ ក.ប/ស.ស.រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ជាក្រុមការងារអន្តរក្រសួង ក្នុងនោះមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណៈការ និងដឹកជញ្ជូន អង្គការជនពិការអន្តរជាតិ សមាគមរោងចក្រកាត់ដេរកម្ពុជា និងសហជីពធំៗ ។ ក្រុមការងារនេះ មានតួនាទីភារកិច្ច កសាងផែនការសកម្មភាពសំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ, សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគរកមូលហេតុចម្បងៗ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត, ស្រង់ស្ថិតិ មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាសទូទាំងប្រទេស, រៀបចំវិធានការផ្សព្វផ្សាយអប់រំ ណែនាំស្តីពីច្បាប់ និង សុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត, សហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ រួមបញ្ចូលទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវទឹក ក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមគោលដៅដើមទីមុនពេលចេញដំណើរ និងសម្របសម្រួលករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ និង អនុវត្តភារកិច្ចផ្សេងៗទៀត តាមករប្រគល់របស់រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។