រាជរដ្ឋា​ភិបាល​កម្ពុជា បាន​ខិត​ខំប្រឹង​ប្រែង​យ៉ាង​សកម្ម ក្នុង​ការ​គិតគូរ​ដល់​បញ្ហា​សុខភាព​​របស់​​កម្មករ​​និយោ​ជិត ដើម្បី​ឱ្យមានការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​សុខភាព មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​ច្បាស់​លាស់​​។ ចាប់​ពី​ឆ្នាំ១៩៩៧ តាម​រយៈ​វត្ត​មាន​របស់​ច្បាប់​ស្តី​ពីការងារ សហគ្រាស គ្រឹះ​ស្ថាន​ទាំងអស់​​តម្រូវ​ឱ្យមាន ​សេវា​​ពេទ្យ​​​​ការងារ ដើម្បី​រៀប​ចំ​ឱ្យ​មាន​ការ​សង្គ្រោះ និង ព្យាបាល​បឋម សម្រាប់​កម្មករ​និ​យោជិត​​របស់​ខ្លួន។

នា​ឆ្នាំ២០០៩ រាជ​រដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​អង្គការ GRET របស់​បារាំង អនុវត្ត​គម្រោង​​ធានា​​រ៉ាប់​រង​សុខភាព HIP ដៃគូ​​ជា​​មួយ​​ក្រសួង​​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង GMA​C ផ្តល់​ជំនួយ​ដោយ​ AFD ចាប់​ផ្តើម​​ដំណើរ​​ការ​អនុវត្ត​សាក​ល្បង​លើគ​ម្រោ​ង​​ធានា​រ៉ាប់រង​​សុខ​ភាព​កម្មករ​​រោង​ចក្រ​កាត់​ដេរ​​ជា​កាតព្វកិច្ច​រប​ស់​​​បេឡា​​ជាតិ​របប​​សន្តិសុខ​​សង្គម ក្នុង​គោល​ដៅប្រមូល​នូវ​ស្ថិតិ និង​ បទ​​ពិសោធន៍​ការងារ មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​នៅ​កម្រិត​​ថ្នាក់​ជាតិ។

ចាប់​ពីឆ្នាំ​២០១១ បាតុ​ភាព​នៃ​កម្មករ​និយោជិត​សន្លប់ បាន​កើត​មាន​ឡើង​តាម​បណ្តា​​រោង​ចក្រ​​កាត់​ដេរ​សម្លៀក​បំពាក់ និង ស្បែក​ជើង​មួយ​ចំនួន ដែល​ករណី​​នេះ​ទាក់ទង​​ជា​ចម្បង​ទៅនឹង​​បញ្ហា​​សុខភាព​របស់​​កម្មករ​​និយោជិត  ដោយ​មើល​ឃើញ​ពីបញ្ហា​នេះ សម្តេច​អគ្គ​មហា​​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្រ្តី​​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ផ្តល់​ចំណារ​​ឯកភាព​​ដ៏ខ្ពង់​ខ្ពស់ ចុះ​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១១​ ឱ្យ​មាន​ការ​រៀប​ចំ​កិច្ច​ដំណើរ​ការ​​របប​​ធានា​​រ៉ាប់រង​​សុខភាព ដើម្បី​ធានា​លើក​កម្ពស់​សុខភាព​កម្មករ​និយោជិត។

នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៣ ក្រុម​ប្រឹក្សា​ភិបាល​នៃបេ​ឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​​សម្រេច​​ជា​ឯ​កច្ឆន្ទ​ទៅ​លើ​ការរៀបចំ​ដាក់​ឱ្យដំណើរ​ការ​របបធានា​រ៉ាប់រង​សុខភាព (SHI Road Map) និង​​ទទួល​​ការ​​យល់​ព្រម​ពីក្រសួង​អាណាព្យាបាល​ទាំងពីរ (ក្រសួង​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ទទួល​បន្ទុក​ផ្នែក​បច្ចេក​ទេស និង ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញ​វត្ថុ ទទួល​បន្ទុក ហិរញ្ញ​វត្ថុ) ដើម្បី​ដាក់​បញ្ចូល​នូវគម្រោង​​ធានារ៉ាប់រង​​សុខ​ភាព​​របស់ HIP នៅចុ​ង​​ខែ​កញ្ញា ឆ្នាំ​២០១៣ មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​បេឡាជាតិ​របប​សន្តិសុខ​សង្គម ។

ជា​លទ្ធផល​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទាំងអស់​នេះ គម្រោង​​ធានា​រ៉ាប់​​សុខភាព HIP ដែល​មាន​​រោងចក្រចំនួន​១១ និង កម្មករ​និយោជិត​ចំនួន ៧.២០០ ​នាក់ បាន​កាត់​បញ្ចូល​​មក​ឱ្យ​បេឡាជាតិ​​របប​​សន្តិសុខ​សង្គម​គ្រប់គ្រង​​នៅខែ​តុលា ឆ្នាំ​២០១៣ ។ បច្ចុប្បន្ន​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​និង​​កំពុង​រៀបចំ​ក្រុម​ការងារ​ចុះទៅ​តាម​រោងចក្រ​កាត់ដេរ និង ផលិតស្បែក​ជើង ដើម្បី​ស្រង់​ព័ត៌មាន​កម្មករ​​និយោជិត ដែល​ឈាន​ដល់​ការ​កំណត់​អត្ត​សញ្ញាណ​កម្មករ​និយោជិត​ច្បាស់​លាស់ ងាយស្រួល​គ្រប់គ្រង​ និង ទទួល​យក​សេវា​ថែទាំ​សុខភាព ប្រកប​ដោយ​គុណ​ភាព តម្លា​ភាព គណនេយ្យ​ភាព និង ប្រសិទ្ធ​ភាព សម្រាប់​អនុវត្ត​របប​ធានា​រ៉ាប់រង​សុខភាព នា​ដើម​ឆ្នាំ​២០១៥ នេះ ។