Mail |
  •  ភាសាខ្មែរ
  • English English
  • សំណួរ និង ចំលើយ

    • សំណួរទី១៖ តើច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានសារៈសំខាន់ដូចម្ដេចខ្លះសម្រាប់កម្មករនិយោជិត?
    • ចំលើយ៖ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺជាយន្ដការដែលមានសារៈសំខាន់បំផុត ហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្ដិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ដ តាវកាលិកជម្ងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ។
      របបនេះផ្ដោតសំខាន់ទៅលើរបបសន្ដិសុខសង្គមទាំង ០៥ផ្នែកសំខាន់មានជាអាទិ៍៖

      • ផ្នែកប្រាក់សោធន៖ នៅពេលដែលពួកគេចាស់ជរា  ឬធ្លាក់ក្នុងទុព្វលភាព ឬមរណៈភាពរបស់មេគ្រួសារដែលត្រូវទទួលបានប្រាក់សោធនជរាភាព  ឬប្រាក់សោធនទុព្វលភាព  ឬប្រាក់សោធនចំពោះអ្នកនៅក្នុងបន្ទុកមានប្ដី ឬប្រពន្ធនិងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល។
      • ធានារ៉ាប់រងហានិភ័យការងារ៖នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ  ឬវិលមកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន  ឬមានជម្ងឺវិជ្ជាជីវៈ ពួកគេត្រូវទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារ  ឬជម្ងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងារនោះ។
      • របបថែទាំសុខភាព៖ នៅពេលដែលពួកគេមានជម្ងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសសម្រាកមាតុភាព។
      • របបនិកម្មវេលា៖ត្រូវទទួលអត្ថប្រយោជន៍ពីរបបនេះនៅពេលដែលពួកគេពុំមានការងារធ្វើដោយទទួលបានប្រាក់ឧបត្ថម្ភក្នុងឱកាសគ្មានការងារ បណ្ដុះបណ្ដាល មុខជំនាញថ្មី ឬជួយស្វែងរកការងារធ្វើ។
      • របបគ្រួសារ៖ របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋលើកទឹកចិត្តជួយផ្ដត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន។  ការលើកទឹកចិត្តនេះច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំចង់បានកូនច្រើន ក្នុងគោលបំណងធានានូវស្ថិរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាម រយៈកំណើនប្រជាជនស្របតាមសូចនាករប្រជារាស្រ្ដ។
    • សំណួរទី២៖ តើតាវកាលិកសំខាន់ៗមានប៉ុន្មាន យោងតាមអនុសញ្ញាអន្ដរជាតិលេខ ១០២ ស្ដីពីរបបសន្ដិសុខសង្គមរបស់អង្គការអន្ដរជាតិខាងការងារ (ILO) ចូររៀបរាប់ពីតាវកាលិកនីមួយៗ។
    • ចំលើយ៖ របបសន្ដិសុខសង្គមមានតាវកាលិក ០៩សំខាន់ៗគឺ៖
      • តាវកាលិកជរាភាព
      • តាវកាលិកទុព្វលភាព
      • តាវកាលិកមរណៈភាព
      • តាវកាលិកហានិភ័យការងារ
      • តាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ដ
      • តាវកាលិកជម្ងឺ
      • តាវកាលិកមាតុភាព
      • តាវកាលិកនិកម្មវេលានិង
      • តាវកាលិកគ្រួសារ។

      តាវកាលិករបបសន្ដិសុខសង្គមនីមួយៗមានដូចតទៅ៖

      • តាវកាលិកជរាភាព៖ផ្ដល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាព ឬបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់ សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតី និងកម្លាំងកាយ។
      • តាវកាលិកមរណៈភាព៖ ផ្ដល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធ ឬប្ដី និងកូនតាមលក្ខខណ្ឌដូចខាងក្រោម៖
        • នៅពេលសាមីជនទទួលមរណៈភាពហើយនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះ គាត់បានបំពេញលក្ខខណ្ឌដើម្បីទទួលបានសោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព។
        • នៅពេលដែលសាមីជនកំពុងទទួលប្រាក់សោធនជរាភាព ឬសោធនកាលាទិករណ៍  ឬសោធនកាលាទិករណ៍ ហើយគាត់ទទួលមរណៈភាព។
      • តាវកាលិកហានិភ័យការងារ៖ផ្ដល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងជម្ងឺវិជ្ជាជីវៈ។
      • តាវកាលិកការថែទាំនិងព្យាបាលវេជ្ជសាស្រ្ដ៖ ផ្ដល់ជូនចំពោះការព្យាបាល និងថែទាំវេជ្ជសាស្រ្ដ។
      • តាវកាលិកជម្ងឺ៖ ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជម្ងឺ ឬជួបឧបទ្ទវហេតុជាយថាភាព។
      • តាវកាលិកមាតុភាព៖ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកលំហែមាតុភាព។
      • តាវកាលិកនិកម្មវេលា៖គឺជាតាវកាលិកផ្ដល់ជូនក្នុងឱកាសគ្មានការងារ មានដូចជា ប្រាក់ឧបត្ថម្ភពេលគ្មានការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងជួយ ស្វែងរកការងារធ្វើ។
      • តាវកាលិកគ្រួសារ៖គឺជាការឧបត្ថម្ភសម្រាប់ការលើកទឹកចិត្តដល់គ្រួសារដែលមានកូនច្រើន ក្នុងគោលបំណងធានាបាននូវ ស្ថិរភាព នៃកត្តាប្រជារាស្រ្ដ និងស្ថិរភាពចំណូលគ្រួសារ។
    • សំណួរទី៣៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ?
    • ចំលើយ៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ តាវកាលិកហានិភ័យការងារមាន៖
      • ការថែទាំនិងព្យាបាលមុខរបួស ដែលបណ្ដាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ពេលធ្វើដំណើរឬជម្ងឺវិជ្ជាជីវៈ ទោះបីជាគ្រោះថ្នាក់នោះបណ្ដាលឲ្យមានការ អាក់ខានធ្វើការក្ដី ឬគ្មានក្ដី។
      • ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ  ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យបាត់បង់ការងារជាបណ្ដោះអាសន្ន។
      • ការផ្ដល់ធនលាភ(ប្រាក់សោធនបាត់បង់សមត្ថភាពផ្ដល់ជូនអស់មួយជីវិត) ឬប្រាក់វិភាជន៍(ប្រាក់បើកផ្ដាច់តែម្ដងគត់) សម្រាប់ការងារបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យ បាត់បង់សមត្ថភាពការងារជាអចិន្ដ្រៃយ៍។
      • ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសពនិងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។
      • ការសម្របសម្រួសមុខងារការអប់រំវិជ្ជាជីវៈឡើងវិញ ការចាត់ថ្នាក់ការងារឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់។
      • ការដឹកជញ្ជូនជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅកាន់កន្លែងព្យាបាលឬលំនៅស្ថាន។
    • សំណួរទី៤៖ ដូចម្ដេចដែលហៅថា ហានិភ័យការងារ(គ្រោះថ្នាក់ការងារ)?
    • ចំលើយ៖ ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលធ្លាក់លើរូបរាយកាយកម្មករនិយោជិត ដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅណាផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ។ ម្យ៉ាងទៀតជម្ងឺទាំងឡាយណា ដែលកើតឡើងទាក់ទងទៅនឹងការងារ(ជម្ងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែលមានជាអាទិ៍៖ មុខរបរដែលប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ។
    • សំណួរទី៥៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់តាវកាលិកនីមួយៗ។
    • ចំលើយ៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍៖
      • សោធនជរាភាព៖ កាលណាសាមីជនដែលមានអាយុ  ៥៥ឆ្នាំ  មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖
        -ចុះឈ្មោះនៅក្នុងបញ្ជីបេឡាជាតិរបបសន្ដិសុខសង្គមក្នុងផ្នែកប្រាក់សោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ) ឆ្នាំ។ខ-បានបង់ភាគទានយ៉ាងតិច ៦០ (ហុកសិប) ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គិតរហូតមកដល់ កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន។
      • សោធនកាលាទិករណ៍៖កាលណាសាមីជនចុះខ្សោយសម្បាទាមុនអាយុ ៥៥ឆ្នាំ ទោះជាខាងស្មារតី ឬរាង្គកាយក្ដីបណ្ដាលឲ្យបាត់បង់សមត្ថភាពការងារ ដែល ទទួលបានប្រាក់ចំណូល ប៉ុន្ដែបានបំពេញលក្ខខណ្ឌដូចចំណុច១ អាចស្នើសុំប្រាក់សោធនកាលាទិករណ៍បាន។
      • វិភាជន៍ជរាភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ បានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង៦០(ហុកសិប) ខែ មានសិទ្ធិទទួលវិភាជន៍ជរាភាពដែលត្រូវបើកឲ្យតែម្ដងគត់។
      • សោធនទុព្វលភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ មានសិទ្ទិទទួលបានប្រាក់សោធនទុព្វលភាពប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ៖
        ក-មានឈ្មោះក្នុងបញ្ជី បេឡាជាតិរបបសន្ដិសុខសង្គមយ៉ាងតិច ៥(ប្រាំ)ឆ្នាំខ-បានបង់ភាគទានចំនួន ៦ (ប្រាំមួយ) ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល ១២(ដប់ពីរ)ខែចុងក្រោយ ដោយគិតមកដល់ ថ្ងៃដែលគាត់ចាប់ផ្ដើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព
      • សោធនចំពោះអ្នកនៅក្នុងបន្ទុក៖ ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វលភាព ឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែល សមាជិក បេឡាជាតិរបបសន្ដិសុខសង្គមទទួលមរណៈភាព ហើយដែលនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកអត្ថប្រយោជន៍ពីសោធនជរាភាព ឬទុព្វលភាព ឬក៏បានបង់ភាគទានចំនួន១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្ដិសុខ សង្គមផ្នែកប្រាក់សោធនរួចហើយ អ្នកសិទ្ធិវន្ដរបស់គាត់មានសិទ្ធិទទួលបាននូវ សោធនចំពោះអ្នកនៅក្នុងបន្ទុក។
      • វិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក៖ ប្រសិនបើសាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាព និងមិនទាន់បានបង់ភាគទានគ្រប់ចំនួន ១៨០ (មួយរយប៉ែតសិប)ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន គិតមកទល់ថ្ងៃខ្លួនទទួលមរណៈភាពទេនោះ ប្ដីឬប្រពន្ធដែលជាទុព្វលភាពជនក្ដី ឬមិន មែនក្ដី ព្រមទាំងកូនកំព្រានៃសាមីជន  ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឲ្យតែម្ដងគត់ក្នុងចំនួនមិនតិចជាង ប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបសន្ដិសុខសង្គមនោះទេ។
    • សំណួរទី៦៖ ចូររៀបរាប់ពីវិសាលភាព និងដែនអនុវត្តនៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ?
    • ចំលើយ៖ ជនដែលត្រូវដាក់បញ្ចូលឲ្យនៅក្នុងរបបសន្ដិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើម កំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬធ្វើសកម្មភាពក្នុងសហជីពគឺ៖
      • កម្មករនិយោជិតទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់និយោជកម្នាក់ ឬច្រើននាក់ដោយមិនគិតដល់ ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យា ឬ ប្រភេទ  និងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ។
      • កម្មករនិយោជិតរដ្ឋកម្មករនិយោជិតនៃអង្គការសាធារណៈ និងបុគ្គលិកទាំងអស់ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល ឬ លក្ខន្ដិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្ដោះអាសន្ន។
      • សិស្សសាលាវិជ្ជាជីវៈជនដែលដាក់អោយធ្វើការនៅក្នុងមណ្ឌលបណ្ដុះបណ្ដាល សម្របសម្រួលនិងអប់រំវិជ្ជាជីវៈឡើងវិញ និងកូនជាងត្រូវចាត់ទុកដូចជាកម្មករ និយោជិតដែរ។
      • ជនដែលប្រកបរបរក្នុងវិជ្ជាជីវៈសេរីនិងកម្មករនិយោជិតធ្វើការម្ដងម្កាលឬតាមរដូវ។
    • សំណួរទី៧៖ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់ពីតាវកាលិកនីមួយៗ។
    • ចំលើយ៖ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា៖
      • សេវាព្យាបាលថែទាំវេជ្ជសាស្រ្ដ
        • ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យនិងសេវាពិគ្រោះជម្ងឺក្រៅមានជាអាទិ៍៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ដ្រ សេវាធ្វើរោគ វិនិឆ្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាវេជ្ជសាស្រ្ដផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារផ្នែកវេជ្ជសាស្រ្ដផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជា បន្ទប់(ធម្មតា) និងអាហារដែលផ្ដល់ដោយមូលដ្ឋានសុខាភិបាល។
        • សេវាសង្រ្គោះបន្ទាន់៖គឺជាអន្ដរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបានគ្រោងទុក ហើយអន្ដរាគមន៍ទាំងនេះអាចធ្វើឡើងភ្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬការជួយការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជម្ងឺ  ឬជន រងគ្រោះ។
        • សេវាព្យាបាលដោយស្អំ និងដោយចលនា។
        • សេវាសម្រាលកូននិងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
        • សេវាស្ដារនីតិសម្បទា៖ ផ្ដល់ដោយបេឡាជាតិរបបសន្ដិសុខសង្គមកម្មវិធីជាតិ អង្គភាព ឬស្ថាប័ននិងអង្គការដែលទាក់ទងនឹងការស្ដារនីតិសម្បទាដទៃទៀត។
      • សេវាបញ្ជូនអ្នកជម្ងឺឬជនរងគ្រោះ និងសេវាបញ្ជូនសព
      • ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្ដល់ជូននៅពេលមានជម្ងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ
      • សេវាបង្ការសុខភាព

       

    • សំណួរទី៨៖ តើបេឡាជាតិរបបសន្ដិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាលក្រសួងណាខ្លះ? ហើយសមាសភាពក្រុមប្រឹក្សាភិបាលមានតំណាងមកពីក្រសួង ស្ថាប័ន ឬអង្គភាពណាខ្លះ?
    • ចំលើយ៖ បេឡាជាតិរបបសន្ដិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិរបបសន្ដិសុខសង្គមមានសមាសភាពត្រីភាគី មានសមាជិក០៩រូប៖
      • តំណាងរាជរដ្ឋាភិបាល០៥រូប
      • តំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ០១រូប           ប្រធាន
      • តំណាងទីស្ដីការគណៈរដ្ឋមន្រ្ដី០១រូប                                         សមាជិក
      • តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ០១រូប                             សមាជិក
      • តំណាងក្រសួងសុខាភិបាល០១រូប                                           សមាជិក
      • នាយកនៃបេឡាជាតិរបបសន្ដិសុខសង្គម០១រូប                        សមាជិកស្វ័យប្រវត្តិ
      • តំណាងនិយោជក០២រូប                                                           សមាជិក
      • តំណាងកម្មករនិយោជិត០២រូប                                                 សមាជិក
    • សំណួរទី៩៖ តើអត្ថប្រយោជន៍ នៃរបបសន្ដិសុខសង្គមមានអ្វីខ្លះ?
    • ចំលើយ៖ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម រួមមាន៖
      • ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិតនៅពេលដែលរងហានិភ័យនានា
      • លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាសតាមរយៈការជឿជាក់លើការងារ
      • រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការចូលរួមភាគទានសង្គម
      • លើកស្ទួយសមធម៌សាមគ្គីធម៌ និងយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័យ
      • ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
      • កម្មករនិយោជិតមានក្ដីសង្ឃឹមលើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រងនៅពេលជួបហានិភ័យសង្គមនានា ដូចមន្រ្ដីរាជការ រដ្ឋដែរ
      • កម្មករនិយោជិតទទួលបានការងារប្រពៃ តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាពការងារ និងអនាម័យការងារតាមសហគ្រាស គ្រឹះស្ថាន
      • ធ្វើអោយមានសុខដុមរមណីយកម្មក្នុងសង្គមជាតិពិសេសរវាងកម្មករនិយោជិត និងនិយោជក
      • ចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈ ការវិនិយោគប្រាក់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក
      • ចូលរួមចំណែកកសាងនីតិរដ្ឋព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបាន ជោគជ័យ
      • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣  ដែលមានចែងក្នុងចតុកោណទី៣ មុំទី៤ ទទួលបានជោគជ័យតាម ការកំណត់
      • និយោជកបានបំពេញករណីកិច្ចគុណធម៌  ដោយចែករំលែកតាមរយៈ  កាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្ដិសុខសង្គម
      • បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្ដរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

      នៅបណ្ដាប្រទេសជឿនលឿនមូលធនសន្ដិសុខសង្គមអាចរួមចំណែកដល់កំណើននៃផលទុនជាតិដូច្នេះប្រព័ន្ធសន្ដិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ។

    • សំណួរទី១០៖ តើអ្នកយល់យ៉ាងណាចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កើតរបបសន្ដិសុខសង្គម?
    • ចំលើយ៖ ចំពោះទស្សនៈខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្ដិសង្គមនោះគឺជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណាដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្ដល់នូវធនធានខាងហរិញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏ការផ្ដល់សេវាកម្មផ្សេងៗម្យ៉ាងវិញទៀតការបង្កើតរបបសន្ដិសុខសង្គម បានធានាសមាជិកសង្គមមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ។ ការផ្ដល់ជូនការគាំពារចំពោះប្រជាពលរដ្ឋផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្ដិសុខប្រាក់ចំណូល។ តាមរយៈរបបនេះ សមាជិកសង្គមត្រូវបានគាំពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ។ ការណ៍នេះញ៉ាំងពួកគេឲ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូលដែលជាបច្ច័យនាំទៅដល់ភាពនឹងនរនៅក្នុងសង្គម ធានាស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម និងរួមចំណែកជួយពន្លឿន ដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
    • សំណួរទី១១៖ ដូចម្ដេចដែលហៅថាហានិភ័យសង្គម? ចូររៀបរាប់? មានគោលការណ៍គ្រឹះប៉ុន្មានចំណុច?
    • ចំលើយ៖ ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសេដ្ឋកិច្ចរបស់បុគ្គល។  ហានិភ័យសង្គមមានគោលការណ៍គ្រឹះ  ០៥ចំណុចគឺ៖
      • កត្តាធម្មជាតិ
        -ទាក់ទងទៅនឹងភូគសាស្ត្រ ដូចជាការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្ដាល មកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូរច្រោះដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង-ឧតុសាស្រ្ដ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្ដៅខ្លាំង ត្រជាក់ខ្លាំង
      • កត្ដាសង្គម មានដូចជាការកើតកលយុគសង្រ្គាមក្នុងស្រុក ឬសង្គ្រាមឈ្លានពានពីបរទេស  វិបត្តិនយោបាយច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែងនិងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម
      • កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើអោយមានបន្ទុកគ្រួសារ  ហើយបន្ទុកនេះត្រូវ បន្ដដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ។  ការចូលរួមវិភាគទានសង្គមមានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍។
      • កត្ដាសរីរៈសាស្ត្រ ជម្ងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពិការភាព ទុព្វលភាព ជរាភាពនិងមរណៈភាពមេគ្រួសារជាដើម។
      • កត្តាវិជ្ជាជីវៈ
        -អសន្ដិសុខមុខរបរ មានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអៅ និកម្មវេលា(គ្មានការងារធ្វើ)-គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និង  ជម្ងឺវិជ្ជាជីវៈ
    • សំណួរទី១២៖ ចូររៀបរាប់ពីទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៦ របស់បេឡាជាតិរបបសន្ដិសុខសង្គម?
    • ចំលើយ៖ ទិសដៅអនុវត្តបន្ដឆ្នាំ២០១៦ របស់បេឡាជាតិរបបសន្ដិសុខសង្គម មានដូចជា៖
      • ពង្រឹងពង្រីក និងអនុវត្តផ្នែកហានិភ័យការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
      • បន្តរៀបចំបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអោយដាក់ដំណើរការ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦នេះ
      • រៀបចំបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអោយដាក់ដំណើរការ ផ្នែកប្រាក់សោធន
      • បន្ដដាក់ភ្នាក់ងាររបបសន្ដិសុខសង្គមនិងសម្របសម្រួលជាមួយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងឲ្យផ្ដល់សេវាកាន់តែមានប្រសិទ្ធភាព និង ល្អប្រសើរជាងមុន។
      • បន្ដធ្វើការផ្សព្វផ្សាយ សម្របសម្រួល និងពន្យល់ណែនាំពីការអនុវត្តគោលនយោបាយផ្នែកហានិភ័យដល់ម្ចាស់សហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត
      • បន្ដចុះអង្កេតគ្រោះថ្នាក់ការងារចំពោះជនរងគ្រោះដែលជាសមាជិកប.ស.ស
      • បន្ដចុះស្រាវជ្រាវ សហគ្រាសគ្រឹះស្ថានដែលបង្កើតថ្មីអោយមកចុះបញ្ជិកានៅ ប.ស.ស
      • បន្ដចុះបញ្ជិការកម្មករឡើងវិញ
      • បណ្ដុះបណ្ដាលធនធានមនុស្សនិងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា។
    • សំណួរទី១៣៖ ចូររៀបរាប់ពីប្រភពធនធានរបស់បេឡាជាតិរបបសន្ដិសុខសង្គម?
    • ចំលើយ៖ប្រភពធនធាន នៃបេឡាជាតិរបបសន្ដិសុខសង្គម មានដូចខាងក្រោម៖
      • ធនធានដំបូងដែលរដ្ឋផ្ដល់សម្រាប់ការបង្កើតបេឡាជាតិរបបសន្ដិសុខសង្គម
      • ការផ្ទេរក្នុងលក្ខណៈជាអន្ដរាគមន៍សាធារណៈ ដែលមានចែងក្នុងថវិការដ្ឋដូចជាឧបត្ថម្ភសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
      • ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្ដិសុខសង្គមនិងនិយោជកសម្រាប់ទុកហរិញ្ញប្បទានលើផ្នែកនីមួយៗ នៃរបបសន្ដិសុខសង្គម
      • ប្រាក់ពិន័យពីការយឺតយូរក្នុងការបង់ភាគទាន ឬការផ្ដល់តារាងបៀវត្ស ព្រមទាំងការប្រាក់ពីការយឺតយូរនេះ
      • ផលចំណេញបានមកពីការវិនិយោគ
      • អំណោយនិងអច្ច័យទានផ្សេងៗ

      ប្រភពធនធានដទៃទៀតដែល បេឡាជាតិរបបសន្ដិសុខសង្គម អាចទទួលបានស្របតាមច្បាប់

    • សំណួរទី១៤៖ ឧត្តរជីវីគឺជាជនប្រភេទណាខ្លះ? ចូរឲ្យឧទាហរណ៍?
    • ចំលើយ៖ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវិតដែលជាសហព័ន្ធ កូន និងឪពុកម្ដាយ (ប្ដី ឬប្រពន្ធ) ឬជនចាស់ជរាដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិត ហើយមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
      • ប្រពន្ធ  ឬប្ដីដែលមានការលែងលះ   ឬក៏បែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជី អត្រានុកូលដ្ឋានមុនពេលមានគ្រោះថ្នាក់ ឬមុនពេលជនរងគ្រោះបាត់បង់ជីវិត ទោះជាការរៀបការនេះធ្វើឡើងក្រោយ ពេលដែលមានគ្រោះថ្នាក់ការងារក៏ដោយ
      • កូនទាំងអស់ដែលនៅក្នុងបន្ទុកជនរងគ្រោះហើយឳពុកម្ដាយរបស់គេមានសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវព្រមទាំងកូនចិញ្ជឹមស្របតាមច្បាប់ជាធរមាន

      ឳពុកម្ដាយ ឬជនចាស់ជរា ដែលស្ថិតនៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុកដោយផ្ទាល់ នៃអ្នករងគ្រោះថ្នាក់

    • សំណួរទី១៥៖ ដើម្បីទទួលបានតាវកាលិកឧត្តរជីវី តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
    • ចំលើយ៖ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
      • ប្ដី ឬប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានមុនពេលមាន គ្រោះថ្នាក់ការងារឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្ដី   ឬប្រពន្ធដែលជាសមាជិកនៃ ប.ស.ស។  ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ  ឬប្ដីរៀបអាពាហ៍ពិពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក្ដីត្រូវផុតរលត់សិទ្ធិទទួលបានតាវកាលិកឧត្តរជីវី។
      • កូនដែលមានអាយុត្រឹម១៨ឆ្នាំចុះ ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមានស្ថានភាពដូចខាងក្រោម៖
      • កូននៃសហព័ទ្ធដែលបានរៀបអាពាហ៍ពិពាហ៍ ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ។ក្នុងករណីមានការលែងលះ  ឬមរណៈភាពនៃប្ដីឬប្រពន្ធ  កូននៃអាពាហ៍ពិពាហ៍ក្រោយក៏មានសិទ្ធ ដូចកូននៃអាពាហ៍ពិពាហ៍ទី១ ដែរ។
      • កូនចិញ្ចឹមរបស់សមាជិកប.ស.ស។  ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយអនុលោមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។ អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់២១ឆ្នាំ  ចំពោះកូនដែលកំពុងទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថានសាធារណៈ ឬឯកជនមានការទទួលស្ដាល់ពីស្ថាប័នមាន  សមត្ថកិច្ច និងមានលិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ  ឬមានជម្ងឺរ៉ាំរ៉ៃមិនមានលទ្ធផលធ្វើការងារដែលបានប្រាក់ឈ្នួល។
      • ឳពុកម្ដាយឬមនុស្សចាស់ជរាស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃ ប.ស.ស។
    • សំណួរទី១៦៖ ដូចម្ដេចដែលហៅថាជម្ងឺវិជ្ជាជីវៈ?
    • ចំលើយ៖ ជម្ងឺវិជ្ជាជីវៈ គឺជាជម្ងឺដែលបណ្ដាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ។ រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកវិស័យរបបសន្ដិសុខសង្គម និងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ត្រូវចេញប្រកាសរួមស្ដីពីការកំណត់បញ្ជីជម្ងឺវិជ្ជាជីវៈដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌ ឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឲ្យអ្នកធ្វើការកើតជម្ងឺផ្សេងៗ។ បន្ទាប់ពីការផ្ដល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស។បញ្ជីនេះ ត្រូវសើរើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អបច្ចេកទេសឲ្យបានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្រ្ដសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ។ជម្ងឺដែលគេប្រកាសថាជាហានិភ័យការងារក្រោយពីបរិច្ឆេទ ដែលកម្មករនិយោជិតបានធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឲ្យជនរងគ្រោះទទួលតាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេលដែលមានបញ្ជាក់ក្នុងបញ្ជីនៃជម្ងឺវិជ្ជាជីវៈ។
    • សំណួរទី១៧៖ ចូលរៀបរាប់ភារកិច្ចសំខាន់របស់បេឡាជាតិរបបសន្ដិសុខសង្គម?
    • ចំលើយ៖បេឡាជាតិរបបសន្ដិសុខសង្គមមានភារកិច្ចដូចខាងក្រោម៖
      • គ្រប់គ្រងរបបសន្ដិសុខសង្គម ដោយអនុលោមតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ
      • ធានាឲ្យបានសមស្របនូវតាវកាលិកទាំងឡាយសម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណ ភាព ហានិភ័យការងារ ឬពេលជួបប្រទះជាយថាហេតុផ្សេងៗទៀតដូចជាជម្ងឺ មាតុភាពជាដើម
      • ប្រមូលភាគទានពីសមាជិកនៃប.ស.ស និងនិយោជក
      • សម្របសម្រួលនិងរៀបចំឲ្យមានសេវាកម្មផ្នែកសុខាភិបាល និងសង្គមកិច្ចសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន
      • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បី៖
      • អប់រំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារនិងជម្ងឺវិជ្ជាជីវៈ
      • ចាត់វិធានការផ្នែកបច្ចេកទេសសន្ដិសុខនិងអនាម័យការងារ
      • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវនិងអង្កេតហានិភ័យការងារ
      • ចាត់ចែងនិងការគ្រប់គ្រងការវិនិយោគមូលនិធិសន្ដិសុខសង្គម។
    • សំណួរទី១៨៖ តើអ្នកគិតយ៉ាងថារបបសន្ដិសុខសង្គមជួយអ្វីខ្លះដល់អ្នក?
    • ចំលើយ៖ របបសន្ដិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទ ឬនាងខ្ញុំដូចជា៖ ជាទូទៅរបបសន្ដិសុខសង្គមនេះនូវបណ្ដាប្រទេសនានាលើពិភពលោកគេតែងតែអនុវត្តហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឲ្យមានការបង់ភាគទានក៏ដោយ ប៉ុន្ដែ អត្រាបង់ភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា។ ហើយសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្ដីពីរបប សន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់ ដែលមានគំនិតផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គភាពបេឡាជាតិរបប សន្ដិសុខសង្គមនេះឡើង។ ពេលដែលពួកយើងមានហានិភ័យសង្គមនានាកើតឡើង ពួកយើងនៅតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់ ដែលយើងអាច ជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើងនៅពេលដែលយើងជួបឧបទ្ទវហេតុនានាមានដូចជា  ទទួលរងហានិភ័យការងារ  មានជម្ងឺ ឬជួបឧបទ្ទវហេតុផ្សេងៗ ដល់ពេលចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬទទួលមរណភាពនៃមេគ្រួសារ ទាំងនេះបានជួយយើងទាំងការព្យាបាល និងថែទាំវេជ្ជសាស្រ្ដ  ការចិញ្ចឹមពេលយើងទទួលរងហានិភ័យការងារដែលបាត់បង់សមត្ថភាពការងារលើសពី២០(ម្ភៃ)ភាគរយទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជម្ងឺ ទទួល បានប្រាក់សោធនជរាភាពសោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុក។ ហើយកត្តានេះធ្វើឲ្យប្រទេសអភិវឌ្ឍន៍បានជឿនលឿនដោយសារមានទំនុកចិត្ត និង កំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ។ លើសពីនេះ រដ្ឋអាចចាត់ចែងថវិការបបសន្ដិសុខសង្គមដែលលើសដើម្បីវិនិយោគទៅលើរបបសន្ដិ សុខសង្គមនេះ និងវិនិយោគរាល់ហេដ្ឋារចនាសម្ព័នទាំងអស់របស់រដ្ឋ តាមកំចីដែលមានការប្រាក់តិចតួចស្របទៅតាមច្បាប់។សរុបសេចក្ដីមក របបសន្ដិសុខសង្គមគឺបង្ហាញពីសាមគ្គីធម៌ក្នុងសង្គម ពិសេសជាងនេះទៅទៀតគឺធានាបានសន្ដិសុខប្រាក់ចំណូល របស់ពួកយើងទាំងអស់គ្នានៅពេល ជួបហានិភ័យសង្គមដូចបានរៀបរាប់ខាងលើ។
    • សំណួរទី១៩៖ តើបេឡាជាតិរបបសន្ដិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈអ្វីខ្លះ?
    • ចំលើយ៖ បេឡាជាតិរបបសន្ដិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល  ការឲ្យ សងបំណុល  និងការការពារទ្រព្យសម្បត្តិ។  បុព្វសិទ្ធិនេះអាចអនុវត្តនៅពេលដែលសហគ្រាស  គ្រឹះស្ថានក្ស័យធន   ឬត្រូវបានជម្រះបញ្ជីដោយតុលាការ   បន្ទាប់ពីការបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ។នីតិវិធីនៃការទារបំណុលរបស់បេឡាជាតិរបបសន្ដិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ភ្នាក់ងារមានសមត្ថកិច្ចតាមច្រក ត្រូវហាមឃាត់មិនឲ្យចាកចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះជនណាដែលមិនទាន់បានសងបំណុលបេឡាជាតិរបប សន្ដិសុខសង្គម តាមដីការរបស់តុលាការ។
    • សំណួរទី២០៖ តើសេវាស្ដានីតិសម្បទាមានអ្វីខ្លះ?
    • ចំលើយ៖ សេវាស្ដានីតិសម្បាទាមាន ០៣ចំណុចសំខាន់៖
      • សេវាកែលម្អសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារ  និងជីវភាពសង្គមបាន  ដោយការព្យាបាលតាមរយៈការធ្វើចលនា  ការផ្ដល់អវៈយវៈសិប្បនិមិត្ត និងការសម្រួលធ្វើចលនានានាដូចជារទេះរុញ  ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យ ជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន។ បង្វិកជនរងគ្រោះ ឲ្យចេះប្រើសម្ភារ ឬអវៈយវៈសិប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ និងទំនាក់ទំនងសង្គម។
      • បណ្ដុះបណ្ដាលវិជ្ជាជីវៈ ធើ្វយ៉ាងណាអោយជនរងគ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្ដុះបណ្ដាល។ ករណីខ្លះទៀតត្រូវបណ្ដុះបណ្ដាលជំនាញថ្មី  ដើម្បីឲ្យជនរងគ្រោះបានប្រកបរបរចិញ្ចឹមជីវិតស្របទៅតាមពិការភាពរបស់ខ្លួន ហើយនឹងតម្រូវការជាក់ស្ដែងនៅក្នុងសង្គម
      • ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ នៅពេលដែលជនរងគ្រោះត្រូវបានបណ្ដុះបណ្ដាលហើយ យើងត្រូវរកទីផ្សារជូនគាត់ដើម្បីឲ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់រដ្ឋមាន។ ការងារនេះទាមទារឲ្យមានកាតព្វកិច្ចរបស់និយោជក ជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
    • សំណួរទី២១៖ កាតព្វកិច្ចរបស់និយោជកជាមួយបេឡាជាតិរបបសន្ដិសុខសង្គម  ទាក់ទងនឹងគ្រោះថ្នាក់ការងារលើកម្មករនិយោជិតរបស់ខ្លួន?
    • ចំលើយ៖ ក្រោយពីជនរងគ្រោះទទួលរងគ្រោះថ្នាក់ការងារ  ឬក្រោយទទួលបានដំណឹងពីកម្មករនិយោជិត  ឬសិទ្ធិវន្ដរបស់កម្មករនិយោជិតអំពីព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ  និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយជនរងគ្រោះជូនទៅមូលដ្ឋានសុខាភិបាល  ដែលបានចុះកិច្ចព្រមព្រៀងជាមួយ  ប.ស.ស។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃថ្ងៃធ្វើការ និយោជកត្រូវផ្ងើរបាយការណ៍គ្រោះថ្នាក់ការងារមកបេឡាជាតិរបបសន្ដិសុខសង្គម ព្រមទាំងរៀបចំឯកសារដើម្បីទាមទារតាវកាលិកពីបេឡាជាតិរបបសន្ដិសុខសង្គម  មានជាអាទិ៍ តាវកាលិកព្យាបាល ក្នុងករណីដែលព្យាបាលនៅមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង ជាមួយ  ប.ស.ស តាវកាលិកបញ្ជូនជនរងគ្រោះ  តាវកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ  សោហ៊ុយបូជាសព តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ដ្រៃយ៍ និងតាវកាលិកឧត្តរជីវីជាដើម។
    • សំណួរទី២២៖ កាតព្វកិច្ចរបស់កម្មករនិយោជិត  ឬសិទ្ធិវន្ដ  ជាមួយនិយោជក  និងបេឡាជាតិរបបសន្ដិសុខសង្គម    ទាក់ទងនឹងហានិភ័យការងារ(គ្រោះថ្នាក់ការងារ)?
    • ចំលើយ៖ នៅពេលជនរងគ្រោះថ្នាក់ការងារដែលកើតឡើងនៅពេលដែលកំពុងធ្វើការ  ការធ្វើដំណើរពីលំនៅស្ថានទៅកន្លែងធ្វើការ និងត្រលប់មកវិញ ឬជម្ងឺវិជ្ជាជីវៈ កម្មករនិយោជិត  ឬសិទ្ធិវន្ដត្រូវរាយការណ៍ជូននិយោជក អំពីគ្រោះថ្នាក់ការងារដែលកើតមកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាម     រយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្ដិសុខសង្គមពិនិត្យ និងសម្រេច។  ឯកសារនេះមានជាអាទិ៍  វិក័យបត្រដែលចំណាយលើការព្យាបាលផ្ទាល់ខ្លួននៅពេលដែលប្រើបា្រស់សេវាជាមួយមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង អត្តសញ្ញាណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍សំបុត្រកំណើតប្ដី  ឬប្រពន្ធនិងកូន  និងសំបុត្រមរណៈភាពក្នុងករណីជនរងគ្រោះបាត់បង់ជីវិត។
    • សំណួរទី២៣៖ ដើម្បីឲ្យរបបសន្ដិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ តើត្រូវមាននយោបាយយ៉ាងណា?
    • ចំលើយ៖ ដើម្បីធ្វើឲ្យរបបសន្ដិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលនយោបាយដូចជា៖
      • ត្រូវផ្សព្វផ្សាយតាមរយៈនិយោជកឬអ្នកតំណាងដើម្បីផ្ដល់ព័ត៌មានទៅដល់កម្មករនិយោជិត
      • ត្រូវបណ្ដុះបណ្ដាលជនបង្គោលរបស់សហគ្រាស គ្រឹះស្ថានឬតំណាងកម្មករនិយោជិតដើម្បីផ្សព្វផ្សាយ
      • ផ្សព្វផ្សាយតាមប្រព័ន្ធអប់រំដោយផ្ទាល់តាមរយៈពន្យល់ដល់ក្រុមជនគោលដៅ
      • ផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មានជាអាទិ៍វិទ្យុ កាសែត គេហទំព័រ Facebook ការបោះផ្សាយខិតប័ណ្ណ កូនសៀវភៅតូចៗ ព្រឹត្តប័ត្រព័ត៌មាន
    • សំណួរទី២៤៖ តើគោលការណ៍គាំពារសង្គមមានអ្វីខ្លះ?
    • ចំលើយ៖គោលការណ៍គាំពារសង្គមមានដូចជា៖
      • មូលនិធិសាមគ្គីធម៌៖សាមគ្គីភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម។   ចំពោះការអនុវត្តន៍វាគឺជាយន្ដការដូចៗគ្នាសម្រាប់បែងចែកជាថ្មី នៃប្រាក់ចំណូល ចំពោះជនទាំងឡាយណាដែលជាគ្រួសារជនពិការមានកូនក្នុងបន្ទុក។    តាមរយៈការយោគយល់នេះ កម្មករនិយោជិតត្រូវចែករំលែកនូវកំរិតដូចគ្នា នៃការប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យ ដោយមិនគិតពីប្រភេទឧស្សាហកម្ម    ដែលកម្មករនិយោជិតកំពុងបម្រើការឲ្យ។
      • ប្រាក់ចំណូល៖គោលការណ៍នេះត្រូវបានអនុវត្តន៍ នៅពេលដែលមានការកំណត់នូវចំនួនការបង់អត្ថប្រយោជន៍ (តាវកាលិក)។  វាពាក់ព័ន្ធនឹងការបង់ប្រាក់ភាគទាន ដែលផ្អែកលើប្រាក់ខែរបស់កម្មករនិយោជិត។  បរិបទនេះ  គឺត្រូវធានាថា  កម្មករនិយោជិតមិនមានអារម្មណ៍ទទួលសម្ពាធ   ផ្នែកហិរញ្ញវត្ថុ   ប្រសិនបើកម្មករនិយោជិតមានពិការភាព   ឬទុព្វលភាព។  ក្នុងករណី  មរណៈភាពរបស់សាមីជនដែលត្រូវបានធានាប្រាក់ចំណូលត្រូវផ្ដល់ទៅឲ្យសមាជិក នៅក្នុងបន្ទុកតាមរយៈសោធនប្រចាំខែ។
      • សមភាព៖ មូលដ្ឋានគ្រឹះនៃគោលការណ៍នេះ គឺស្ថិតក្នុងការអនុវត្តន៍ និងបញ្ញត្តិរបស់ខ្លួន។ តាមរយៈបរិបទនេះ ការគាំពារគ្រោះថ្នាក់  គឺមានគោលដៅកំណត់យកការកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកំរិតសូន្យ និងជំរុញឲ្យមានវប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ គួរត្រូវបានអនុវត្ត ពីព្រោះការកំណត់សន្ដិសុខសង្គមពិតកំពុងរក្សាឲ្យកម្មករនិយោជិតមានការងារធ្វើរហូតដល់វ័យចូលនិវត្តន៍។ ប្រសិនបើការអនុវត្តន៍នេះអាចប្រព្រឹត្តទៅបានមែន   ប្រាក់ចំណូលពិតរបស់កម្មករនិយោជិត  នឹងឡើងកាន់តែខ្ពស់ស្របនឹងគំរូសេដ្ឋកិច្ចថ្មី ដែលផ្ដោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់។ បរិបទនេះ ក៏ផ្ដល់ឲ្យឱកាសសម្រាប់កម្មករនិយោជិតដែលត្រូវបានលើកទឹកចិត្តឲ្យត្រលប់ទៅធ្វើការឡើងវិញ។  ការស្ដារនីតិសម្បទាក៏ត្រូវផ្ដល់ឲ្យកម្មករនិយោជិតដែលទទួលរងនូវពិការភាព និងទុព្វលភាព។
    • សំណួរទី២៥៖ តើគោលការណ៍គាំពារសុខភាពមានអ្វីខ្លះ?
    • ចំលើយ៖ គោលការណ៍គាំពារសុខភាពមានដូចជា៖ វិសាលភាពគ្របដណ្ដប់ប្រជាជនជាសកល វិសាលភាពតាវកាលិកជាសកល វិសាលភាពគ្របដណ្ដប់ការគាំពារហិរញ្ញវត្ថុ ជាសកល សមភាពហិរញ្ញប្បទាន សមភាពក្នុងការប្រើប្រាស់ ចិរភាពហិរញ្ញវត្ថុ អភិបាលកិច្ចល្អ ភាពសក្ដ័សិទ្ធិក្នុងការគ្រប់គ្រងទូទៅនៃការគាំពារសុខភាពសង្គម និងគុណភាពសេវាថែទាំ។
    • សំណួរទី២៦៖ តើខ្ញុំអាចស្វែងរកឱកាសការងារនៅប.ស.ស ដោយរបៀបណា?
    • ចំលើយ៖ ឱកាសការងារនៅប.ស.ស ត្រូវបានបង្ហោះនៅលើគេហទំព័រ ផេកហ្វេសបុក របស់ប.ស.ស និងតាមប្រព័ន្ធព័ត៌មានក្នុងស្រុក។
    • សំណួរទី២៧៖ តើខ្ញុំអាចដាក់ពាក្យសុំសម្រាប់តាវកាលិកបានយ៉ាងដូចម្តេច?
    • ចំលើយ៖ អ្នកអាចដាក់ពាក្យសុំនៅការិយាល័យ ប.ស.ស
    • សំណួរទី២៨៖ តើខ្ញុំអាចទំនាក់ទំនង ប.ស.ស ដោយរបៀបណា?
    • ចំលើយ៖ ព័ត៌មានជាច្រើនត្រូវបានកាន់កាប់ក្នុងការិយាល័យរបស់យើង។ អ្នកអាចមកកាន់ការិយាល័យរបស់ ប.ស.ស ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទ និងអ៊ីម៉ែល ដែលស្ថិតនៅលើ គេហទំព័រ ប.ស.ស។
    • សំណួរទី២៩៖ តើខ្ញុំអាចស្វែងរកទម្រង់ពាក្យស្នើសុំសម្រាប់តាវកាលិកបានដោយរបៀបណា?
    • ចំលើយ៖ ទម្រង់ពាក្យស្នើសុំសម្រាប់តាវកាលិក គឺអាចរកបានតាមគេហទំព័ររបស់ប.ស.ស និងនៅទីស្នាក់ការ នៃការិយាល័យរបស់ ប.ស.ស។
    • សំណួរទី៣០៖ តើខ្ញុំអាចចុះឈ្មោះជាមួយ ប.ស.ស បានយ៉ាងដូចម្តេច?
    • ចំលើយ៖ អ្នកអាចចុះឈ្មោះនៅការិយាល័យរបស់ប.ស.ស។ អ្នកក៏អាចទាញយកទម្រង់ចុះឈ្មោះរបស់សមាជិកបានដែរ ។
    • សំណួរទី៣១៖ តើខ្ញុំត្រូវបង់ភាគទានប៉ុន្មាន?
    • ចំលើយ៖ ចំនួននៃការបង់ភាគទានប្រចាំខែ នឹងប្រែប្រួលអាស្រ័យលើប្រាក់បៀវត្សរបស់និយោជិតក្នុងសហគ្រាសរបស់អ្នក។ គ្រប់និយោជកត្រូវបង់ ០,៨% នៃប្រាក់ឈ្នួលរបស់និយោជិត។ ការបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ គឺជាបន្ទុករបស់និយោជក។
    • សំណួរទី៣២៖ ខ្ញុំជឿថាវាអាចនឹងមានការលួចបន្លំ ឬកិបកេងពីកម្មវិធី ឬការប្រតិបត្តិផ្សេងៗរបស់ ប.ស.ស។ តើខ្ញុំត្រូវរាយការណ៍ដោយរបៀបណា?
    • ចំលើយ៖ ប.ស.ស បានធ្វើការតាំងចិត្តថានឹងធ្វើឲ្យមានភាពច្បាស់លាស់, ការរៀបចំដែលមានទំនួលខុសត្រូវ និងអាចទទួលយកបាន។ ដើម្បីរាយការណ៍ពីសកម្មភាពក្លែងបន្លំ ឬកិបកេងផ្សេងៗ នៅក្នុងការប្រតិបត្តិនានា អ្នកអាចផ្ញើរតាមរយៈអ៊ីម៉ែល info@nssf.gov.kh.។
    • សំណួរទី៣៣៖ តើខ្ញុំត្រូវធ្វើដូចម្តេចបើនិយោជករបស់ខ្ញុំមិនបានចុះបញ្ជិកាជាមួយ ប.ស.ស?
    • ចំលើយ៖ និយោជកទាំងអស់ត្រូវតែចុះបញ្ជិកាជាមួយ ប.ស.ស។ បើមិនដូច្នោះទេភ្នាក់ងារជំរុញរបស់យើងនឹងធ្វើឲ្យប្រាកដថានិយោជករបស់អ្នកបានចុះបញ្ជិកាជាមួយ ប.ស.ស ។
    • សំណួរទី៣៤៖ បើខ្ញុំផ្លាស់ប្តូរកន្លែងធ្វើការ តើមានអ្វីកើតឡើង?
    • ចំលើយ៖ អ្នកអាចចុះជាសមាជិកប.ស.ស បានតែម្តងប៉ុណ្ណោះក្នុងឆាកជីវិត។ លេខសមាជិករបស់អ្នកគឺជាលេខគណនីរបស់អ្នក ដែលអ្នកត្រូវតែរក្សាទុកសម្រាប់ភាពសមស្រប ឬព័ត៌មានទាំងអស់របស់អ្នក។ លេខគណនីរបស់អ្នកនឹងនៅតែដដែលទោះបីជាអ្នកប្តូរការងារក៏ដោយ។
    • សំណួរទី៣៥៖ ចុះបើខ្ញុំផ្លាស់ប្តូរអាសយដ្ឋាន ?
    • ចំលើយ៖ សូមរាយការណ៍ជាបន្ទាន់ទៅ ប.ស.ស ពីអាសយដ្ឋានថ្មីរបស់អ្នក។ ដូច្នោះពួកយើងអាចបញ្ចូលថ្មីនូវព័ត៌មានរបស់អ្នក ។
    • សំណួរទី៣៦៖ តើកម្មករជាសមាជិក ប.ស.ស ដែលមានផ្ទៃពោះត្រូវសម្រាលកូន អាចទៅទទួលសេវាសម្រាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពតាមបណ្ដាខេត្តបានទេ?
    • ចំលើយ៖ ចំពោះកម្មការិនីមានផ្ទៃពោះត្រូវសម្រាលកូន គាត់អាចទៅទទួលសេវាសម្រាលមាតុភាព នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅតាមបណ្ដាខេត្តនានា ដែលនៅជិតផ្ទះ ឬស្រុកកំណើតរបស់គាត់។
    • សំណួរទី៣៧៖ មានកម្មករម្នាក់មានជម្ងឺ ហើយខាងមន្ទីរពេទ្យបានចេញលិខិតអនុញ្ញាតច្បាប់ចំនួន ០១ខែ តែដោយសារគាត់មិនអាចចូលធ្វើការតាមកាលកំណត់ ក៏ទទួលបានលិខិតសម្រាកចំនួន ០៥ថ្ងៃទៀត។ តើករណីនេះគាត់ត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃចំនួន ០៥ថ្ងៃ បូកជាមួយ ៣០ថ្ងៃ ដែរឬទេ?
    • ចំលើយ៖ ក្នុងករណីនេះគាត់ទទួលបានប្រាក់ចំណាច់ប្រចាំថ្ងៃដោយបូកបញ្ចូលគ្នាគឺបាន៣៥ថ្ងៃ។
    • សំណួរទី៣៨៖ សមាជិកប.ស.សបានទៅទទួលការព្យាបាលជម្ងឺនៅមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.ស ពេលព្យាបាលរួចហើយខាងគ្រូពេទ្យបានចេញលិខិតមួយដែលដាក់ម៉ោងចេញ-ចូលមន្ទីរពេទ្យ និងក្រដាសដែលមាន Logo របស់ ប.ស.ស តែខាងរដ្ឋបាលរោងចក្របានកាត់លុយប្រចាំថ្ងៃរបស់គាត់ដែលបានទៅពេទ្យនោះ តើហេតុអ្វីបានជារដ្ឋបាលកាត់លុយ? តើ ប.ស.ស ត្រូវដោះស្រាយជូនគាត់យ៉ាងណា?
    • ចំលើយ៖ ក្នុងករណីនេះកម្មករ-កម្មការិនីមុនទៅពិនិត្យ និងព្យាបាលជម្ងឺត្រូវសុំអនុញ្ញាតច្បាប់ពីរដ្ឋបាលជាមុនសិន(កំពុងធ្វើការងារ)ពេលព្យាបាលរួចហើយខាងគ្រូពេទ្យបានចេញលិខិតមួយដែលដាក់ម៉ោងចេញ-ចូលមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅក្នុងរង្វង់ម៉ោងចូល និងចេញ គឺខាងរដ្ឋបាលមិនកាត់ប្រាក់ទេ ក្រោយពីពិនិត្យ និងព្យាបាលរួចត្រូវទៅកន្លែងធ្វើការវិញ បើខាងមន្ទីរពេទ្យអនុញ្ញាត្ដច្បាប់ឲ្យសម្រាក ២-៣ថ្ងៃ ដើម្បីព្យាបាលជម្ងឺ ខាងរដ្ឋបាលមិនមានសិទ្ធិកាត់ប្រាក់ខាងកម្មករ កម្មការិនីក្នុងរង្វង់គ្រូពេទ្យអនុញ្ញាត្តនោះទេ។
    • សំណួរទី៣៩៖ កម្មករម្នាក់គាត់ជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរចេញពីធ្វើការត្រលប់ទៅផ្ទះវិញតាំងពី ០៥ថ្ងៃមុន តែទើបតែពេលនេះគាត់មានអាការៈឈឺមុខរបួសទើបមករាយការណ៍ប្រាប់រដ្ឋបាល តើករណីនេះខាងរដ្ឋបាលអាចប្រើលិខិតបញ្ជូនជូនរងគ្រោះបានដែរឬទេ?
    • ចំលើយ៖ ករណីនេះរដ្ឋបាលរោងចក្រអាចប្រើលិខិតបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។
    • សំណួរទី៤០៖ កម្មករមានជម្ងឺផ្ទាល់ខ្លួនបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យដែលមិនមានជាដៃគូរបស់ ប.ស.ស តើគាត់អាចទាមទារសំណងពី ប.ស.ស វិញបានដែលឬទេ?
    • ចំលើយ៖ ក្នុងករណីខាងលើនេះគឺគាត់មិនអាចទាមទារសំណងពីខាង  ប.ស.ស  នោះវិញបានទេ (ផ្នែកថែទាំសុខភាព)។
    • សំណួរទី៤១៖ បើសិនជាកម្មករមានជម្ងឺធ្ងន់(ជម្ងឺផ្ទាល់ខ្លួន) តម្រូវឲ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស តើត្រូវបំពេញឯកសារអ្វីខ្លះមក ប.ស.ស?
    • ចំលើយ៖ ក្នុងករណីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស គាត់អាចទាមទារសំណងពី ប.ស.ស បានក្នុងពេលសង្គ្រោះបន្ទាន់ ចំពោះឯកសារដែលត្រូវបំពេញមានដូចជា៖ ១.ទម្រង់តាវកាលិកថែទាំ និងព្យាបាលវេជ្ជសាស្រ្ដផ្នែកថែទាំសុខភាព ២.ទម្រង់ប្រាក់បំណាច់ប្រចាំថ្ងៃផ្នែកថែទាំសុខភាព ៣.វិក័យបត្រ ឬវេជ្ជបញ្ជា ៤.លិខិតសុំអនុញ្ញាតច្បាប់។
    • សំណួរទី៤២៖ កម្មករម្នាក់គាត់មានផ្ទៃពោះ តែដោយសារបញ្ហាសុខភាពទើបគ្រូពេទ្យតម្រូវឲ្យគាត់ឈប់សម្រាកពីការងារមុនពេល ដើម្បីតាមដានកូនក្នុងផ្ទៃខ្លាចកើតមុនខែ ក្នុងអំឡុងពេលពិនិត្យតាមដានគាត់មានសិទ្ធិក្នុងការប្រើប្រាស់ថែទាំសុខភាព តែនៅពេលគាត់សម្រាលកូន កាតថែទាំសុខភាពក៏ហួសសុពលភាព(សម្រាលខែ៣) តើករណីនេះ អាចរាប់ជាជម្ងឺដដែល មានសិទ្ធិប្រើចំនួន១៨០ថ្ងៃ បានទេ? (បង់ត្រឹមខែ១២)
    • ចំលើយ៖ ការពិនិត្យតាមដានសុខភាពកូនក្នុងផ្ទៃ និងការសម្រាលកូនមិនអាចរាប់ជាជម្ងឺបានទេ ព្រោះករណីនេះស្ថិតនៅក្នុងកញ្ចប់សេវាផ្សេងគ្នា។
    • សំណួរទី៤៣៖ ក្នុងករណីកម្មករគាត់ខ្ចីបានឯកសារ ហើយបានប្ដូរឯកសារគ្នាវិញមកឈ្មោះត្រឹមត្រូវហើយ តើឈ្មោះចាស់ដែលបានបង់ភាគទានកន្លងមកនោះត្រូវបាត់បង់ដែរឬទេ?
    • ចំលើយ៖ ក្នុងករណីនេះគាត់ត្រូវប្ដូរឈ្មោះប្រើឲ្យបានត្រឹមត្រូវហើយអតីតភាពរក្សានៅដដែល តែខាងរដ្ឋបាលត្រូវធ្វើលិខិតស្នើសុំបង្វែរអតីតភាពមកឈ្មោះត្រឹមត្រូវវិញ។
    • សំណួរទី៤៤៖មានកម្មករមួយចំនួនគាត់បានទៅពិនិត្យអេកូមើលភេទកូនក្នុងផ្ទៃនៅមន្ទីរពេទ្យកាល់ម៉ែត គឺមិនមានចំណាយប្រាក់ទេ ដោយប្រើកាតថែទាំសុខភាព តែមាន កម្មករគាត់ទៅអេកូមើលភេទកូននៅគ្លីនិកសុខាបែកចាន បែរជាយកលុយទោះប្រើកាតថែទាំសុខភាពក៏ដោយ តើមកពីហេតុអ្វីបានជាមានភាពខុសគ្នា?
    • ចំលើយ៖ករណីនេះបើទៅពិនិត្យផ្ទៃពោះពេទ្យតម្រូវឲ្យថតពិនិត្យដើម្បីមើលសុខភាពកូន គឺមិនមានចំណាយប្រាក់ទេ តែបើយើងចង់ពិនិត្យមើលតាមចិត្តរបស់ខ្លួនគឺត្រូវ ចំណាយប្រាក់។
    • សំណួរទី៤៥៖បុគ្គលិកចំនួន០៣នាក់ គាត់នៅផ្នែកដឹកជញ្ជូនបានធ្វើការដឹកអីវ៉ាន់ទៅខេត្ត ទៅដល់ទីរួមខេត្តគាត់ក៏បានចូលសម្រាកនៅផ្ទះសំណាក់មួយកន្លែង តែដោយ សារម្ចាស់ទំនិញប្រញាប់អីវ៉ាន់ពួកគាត់ក៏បានបន្ដដំណើរទាំងយប់ នៅតាមផ្លូវដោយសារងងុយគេងពេកពួកគាត់បានឈប់ឡានសម្រាកនៅតាមផ្លូវ ក៏ត្រូវឡានមួយទៀត បើកមកកិនពួកគាត់ពេលពួកគាត់កំពុងគេងតែខាងរដ្ឋបាលបានប្រើលិខិតបញ្ជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ការងារទៅមន្ទីរពេទ្យកាល់ម៉ែត តែខាងភ្នាក់ងារប្រចាំ ការនៅមន្ទីរពេទ្យកាល់ម៉ែត បាននិយាយថាករណីនេះមិនទាន់អាចនិយាយថាជាគ្រោះថ្នាក់ការងារទេ ខាងជនរងគ្រោះក៏ចេញលុយខ្លួនឯងសិនមិនអាចប្រើលិខិតបញ្ជូន ជនរងគ្រោះបាន តើខាង Hotline អាចជួយដោះស្រាយបញ្ហានេះបានទេ? ព្រោះបុគ្គលិកពុំមានលទ្ធភាពចេញលុយខ្លួនឯងមុនទេ។
    • ចំលើយ៖ករណីនេះគឺជាគ្រោះថ្នាក់ការងារ (ខាងរដ្ឋបាលក្រុមហ៊ុនបកស្រាយទៅភ្នាក់ងារពេទ្យមិនច្បាស់លាស់ទើបធ្វើអោយមានការភាន់ច្រឡំ) បន្ទាប់ពីបានបកស្រាយការយល់ច្រឡំរួចភ្នាក់ងារបានអនុញ្ញាតឲ្យប្រើលិខិតបញ្ជូនវិញ។
    • សំណួរទី៤៦៖ ខ្ញុំមានកាត ប.ស.ស តើខ្ញុំអាចទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យបានទេ? តើគួរទៅពេទ្យណា?
    • ចំលើយ៖ក្នុងករណីនេះគាត់មានកាត មុនពេលគាត់អាចទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យបានលុះត្រាតែ បង់ភាគទានបានរយៈពេល០២ខែជាប់គ្នា ឬ០៦ខែក្នុងកំឡុង ពេល១២ខែចុងក្រោយ គិតរហូតមកទល់ខែដែលមានបញ្ហាសុខភាព។ គាត់អាចទៅព្យាបាលនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមូយ ប.ស.ស។
    • សំណួរទី៤៧៖ពេលបុគ្គលិករបស់ក្រុមហ៊ុនមួយជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដោយមិនមែនក្នុងម៉ោងការងារ តើត្រូវរៀបចំឯកសារអ្វីខ្លះមកប.ស.ស ដើម្បីឲ្យគាត់ទទួលបានសេវា ដោយឥតគិតថ្លៃ?
    • ចំលើយ៖ ករណីនេះ បើសិនជា៖
      • ជាគ្រោះថ្នាក់ការងារត្រូវសរសេរលិខិតបញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ការងារទៅមន្ទីរពេទ្យដៃគូប.ស.ស បន្ទាប់មកបញ្ជូនរបាយការណ៍ហានិភ័យការងារ និង ឯកសារជំនួយស្មារតីសម្រាប់រោងចក្រសហគ្រាសមក ប.ស.ស។
      • មិនមែនគ្រោះថ្នាក់ក្នុងម៉ោងការងារ សមាជិកប.ស.ស ត្រូវយកកាតបង្ហាញដល់ភ្នាក់ងាររបស់ប.ស.ស ដែលប្រចាំការ ឬគ្រូពេទ្យដើម្បីឆែកកាតរបស់គាត់ថាមានសុពលភាពអាចប្រើប្រាស់បាន ឬមិនបាន។
    • សំណួរទី៤៨៖ ស្រ្ដីមានផ្ទៃពោះត្រូវសម្រាលកូន តែដោយសារមានបញ្ហាធ្លាក់ឈាមខ្លាំងតម្រូវឲ្យមានការ  សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត(មិនមែនជាពេទ្យដៃគូរបស់ប.ស.ស) តើគាត់អាចទទួលបានប្រាក់បំណាច់លំហែមាតុភាពទេ?
    • ចំលើយ៖ ក្នុងករណីនេះគាត់អាចទទួលសេវាសង្គ្រោះបន្ទាន់ដែលទទួលបានសំណងពី ប.ស.ស ហើយគាត់នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានតាមលំដាប់ថ្នាក់ ក្នុងករណីដែលគាត់បានបង់ភាគទានគ្រប់ចំនួន០៩ខែជាប់គ្នាមកប.ស.ស។
    • សំណួរទី៤៩៖ ក្នុងករណីសង្គ្រោះបន្ទាន់រួច(ពេទ្យដែលមិនមែនជាដៃគូ) ហើយតម្រូវឲ្យគាត់សម្រាកនៅមន្ទីរពេទ្យនោះពី ២-៣ថ្ងៃទៀត តើអាចទាមទារសំណងថ្លៃបន្ទប់ ឬថ្លៃថ្នាំក្នុងពេលដែលគាត់នៅសម្រាកនោះបានពី ប.ស.ស វិញទេ?
    • ចំលើយ៖ ក្នុងករណីនេះជនរងគ្រោះសង្រ្គោះបន្ទាន់គឺជាបន្ទុករបស់ ប.ស.ស។ បើសិនជាគាត់សម្រាកក្នុងមន្ទីរពេទ្យនោះបន្ដ គាត់មិនអាចទាមទារសំណងថ្លៃថ្នាំ និងថ្លៃបន្ទប់បានវិញទេ។
    • សំណួរទី៥០៖ មានបុគ្គលិកម្នាក់គាត់បានលាឈប់ពីការងារ តើត្រូវប្រកាស ឬរាយការណ៍មក ប.ស.ស ដែរឬទេ?
    • ចំលើយ៖ បើបុគ្គលិកលាឈប់ពីការងារនៅក្នុងខែដែលគាត់ធ្វើការ នៅខែថ្មីមិនចាំបាច់ប្រកាសឈ្មោះមក ប.ស.សទៀតទេ។
    • សំណួរទី៥១៖ កម្មករទើបចូលធ្វើការមិនទាន់បានមកធ្វើកាត ប.ស.ស បើគាត់មិនមានលេខកូដ១៥ខ្ទង់ទេ តើត្រូវបង់ភាគទានលើផ្នែកថែទាំសុខភាពមក ប.ស.ស ដូចម្ដេច?
    • ចំលើយ៖ ក្នុងករណីកម្មករមិនទាន់មានលេខកូដ១៥ខ្ទង់ រដ្ឋបាលត្រូវប្រកាសឈ្មោះកម្មករបង់ភាគ ទានមក ប.ស.ស ដោយដាក់លេខ ID 0 (សូន្យ)។  ពេលគាត់ទទួលបានកាត ប.ស.ស បានលេខកាត១៥ខ្ទង់ហើយ ខាងរដ្ឋបាលត្រូវរៀបចំលិខិតស្នើសុំបង្វែរការបង់ភាគទានលើលេខកូដ 0 មកលេខកូដត្រឹមត្រូវវិញ។
    • សំណួរទី៥២៖ កម្មករដែលបានដាក់ច្បាប់លំហែមាតុភាព តើត្រូវបង់ភាគទានមក ប.ស.ស ទេ? បើត្រូវបង់ តើត្រូវបង់យ៉ាងដូចម្ដេច?
    • ចំលើយ៖ ក្នុងករណីដែលសមាជិកលំហែមាតុភាពបើគាត់បានបើកប្រាក់ឈ្នូលពីសហគ្រាសចំនួនពាក់កណ្ដាល គឺរដ្ឋបាលត្រូវប្រកាសឈ្មោះបង់ភាគទានមកប.ស.ស គឺត្រូវបង់ក្នុង១ខែម្ដង (មិនបង់សរុបក្នុងរយៈពេល ០៣ខែ ដែលគាត់ទទួលបានប្រាក់ឈ្នួលពីសហគ្រាសចំនួនពាក់    កណ្ដាលនោះទេ ដោយដាក់ប្រាក់ឈ្នួលសូន្យ។
    • សំណួរទី៥៣៖ កម្មករជួបគ្រោះថ្នាក់នៅថ្ងៃឈប់សម្រាក បានទៅមន្ទីរពេទ្យ(ប្រើកាតថែទាំសុភាព) ខាងមន្ទីរពេទ្យចេញច្បាប់ឲ្យឈប់សម្រាក ៣០ថ្ងៃ តើត្រូវបំពេញឯកសារអ្វីខ្លះមក ប.ស.ស? តើអាចដាក់ឲ្យមានអ្នកតំណាងបើកឲ្យបានទេ?
    • ចំលើយ៖ជនរងគ្រោះ ឬតំណាងជនរងគ្រោះត្រូវបំពេញឯកសារមក ប.ស.ស មានដូចជា៖
      • ទម្រង់តាវកាលិកថែទាំ និងព្យាបាលវេជ្ជសាស្រ្ដផ្នែកថែទាំសុខភាព
      • ទម្រង់ប្រាក់បំណាចប្រចាំថ្ងៃផ្នែកថែទាំសុខភាព
      • វិក័យបត្រ ឬវេជ្ជបញ្ជា
      • លិខិតសុំអនុញ្ញាតច្បាប់
      • ជនរងគ្រោះអាចផ្ទេរសិទ្ធិឲ្យអ្នកតំណាងបើកប្រាក់បំណាច់ប្រចាំថ្ងៃផ្នែកថែទាំសុខភាពជំនួសបាន។
    • សំណួរទី៥៤៖ សព្វថ្ងៃ ប.ស.សបានដំណើរការលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុភាព ចំពោះហានិភ័យការងារ និងថែទាំសុខភាព តើជនរងគ្រោះ ឬអ្នកជម្ងឺមានលក្ខខណ្ឌអ្វីខ្លះទើបទទួល ប្រាក់បំណាច់ប្រចាំថ្ងៃ?
    • ចំលើយ៖ ដើម្បីទទួលបានប្រាក់ប្រចាំថ្ងៃ៖
      • ហានិភ័យការងារសមាជិកប.ស.ស មានគ្រោះថ្នាក់ការងារសម្រាកក្នុងមន្ទីរពេទ្យ ឬសម្រាកនៅផ្ទះដោយមានវេជ្ជបញ្ជាពីមន្ទីរពេទ្យ ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ រាប់ចាប់ពីថ្ងៃទី២ឡើងទៅ។ថែទាំសុខភាព សមាជិក ប.ស.ស សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ឬសម្រាកព្យាបាលនៅផ្ទះដោយមានវេជ្ជបញ្ជាពីមន្ទីរពេទ្យចាប់ពី ៨ថ្ងៃឡើងទៅ គឺទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានតាមលំដាប់ថ្នាក់ដោយរាប់គិតចាប់ពីថ្ងៃទី១ ឡើងមកវិញ។

       

    • សំណួរទី៥៥៖ បើសិនសមាជិកបានបង់ភាគទានមក ប.ស.ស អស់ជាច្រើនឆ្នាំ តើសមាជិកទទួលបានអ្វីខ្លះពី ប.ស.ស វិញ?
    • ចំលើយ៖ ក្នុងករណីសមាជិក ប.ស.ស បានបង់ភាគទានមក ប.ស.ស អស់រយៈពេលជាច្រើនឆ្នាំសមាជិក ប.ស.ស ទទួលបានការព្យាបាលជម្ងឺនៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ឬជម្ងឺគាត់តម្រូវឲ្យសម្រាកព្យាបាលនៅផ្ទះដោយមានវេជ្ជបញ្ជាពីមន្ទីរពេទ្យចាប់ពី ៨ថ្ងៃឡើងទៅ គឺទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានលំដាប់ថ្នាក់ ដោយរាប់គិតចាប់ពីថ្ងៃទី១ ឡើងមកវិញ។ ករណីសមាជិកសម្រាកមាតុភាព ប.ស.ស ផ្ដល់ជូន ៩០ថ្ងៃ គឺទទួលបាន ៧០%នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានតាមលំដាប់ថ្នាក់(កំពុងបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន)។
    • សំណួរទី៥៦៖ បើសិនជាសមាជិកបានបង់ភាគទានមក ប.ស.ស អស់ជាច្រើនឆ្នាំ តើសមាជិកទទួលបានអ្វីខ្លះពីប.ស.ស វិញពេលឈប់ពីការងារ?
    • ចំលើយ៖ដោយសារបច្ចុប្បន្នប.ស.ស បានដំណើរការលើហានិភ័យការងារ និងថែទាំសុខភាព ដូចនេះដំណាក់កាលទី១ នៅពេលសមាជិកបានឈប់ពីការងារគឺគាត់ មានសិទ្ធិប្រើសេវាថែទាំសុខភាពបាន ២ខែបន្ទាប់ ក្រៅពីនេះមិនទទួលបានពី ប.ស.ស ទេ។
    • សំណួរទី៥៧៖ ករណីសមាជិក ប.ស.ស បានបង់ភាគទានមក ប.ស.ស បើសិនសមាជិកក្រុមគ្រួសារមានប្ដី ប្រពន្ធ កូន របស់គាត់ឈឺ តើអាចប្រើកាត ប.ស.ស បានទេ? ហើយបើគាត់ សុំច្បាប់ដើម្បីជូនគ្រួសារទៅមន្ទីរពេទ្យសួរថាតើរដ្ឋបាលកាត់ប្រាក់ខែគាត់ដែរទេ?
    • ចំលើយ៖ កាត ប.ស.ស ប្រើបានតែសាមីខ្លួនតែប៉ុណ្ណោះ សមាជិកក្នុងគ្រួសារមិនអាចយកកាតទៅប្រើប្រាស់បានទេ(ដំណាក់កាលទី១)។ ករណីគាត់សុំច្បាប់ជូនគ្រួសារទៅពេទ្យ រដ្ឋបាលកាត់លុយ ឬមិនកាត់លុយ គឺអាស្រ័យទៅលើគោលការណ៍ និងបទបញ្ជារបស់សហគ្រាស គ្រឹះស្ថាន។
    • សំណួរទី៥៨៖ មានបុគ្គលិកម្នាក់ជួបគ្រោះថ្នាក់ពេលធ្វើដំណើរត្រលប់មកពីហូបការតាមបញ្ជារបស់ថៅកែក្នុងករណីនេះ តើអាចចាត់ជាគ្រោះថ្នាក់ការងារដែរឬទេ?
    • ចំលើយ៖ ក្នុងករណីនេះជាបញ្ជារបស់ថៅកែ ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ ទោះមិនស្ថិតក្នុងម៉ោងការងារក៏ដោយ។
    • សំណួរទី៥៩៖ សមាជិក ប.ស.ស ទៅសម្រាលកូននៅមន្ទីរពេទ្យដែលមិនមែនជាដៃគូរបស់ ប.ស.ស តើគាត់អាចទទួលបានប្រាក់បំណាច់សម្រាលមាតុភាពក្នុងរយៈពេល ៩០ថ្ងៃដែរទេ?
    • ចំលើយ៖ ក្នុងករណីនេះបើគាត់សម្រាលមាតុភាពនៅមន្ទីរពេទ្យមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស គឺគាត់មិនទទួលបានប្រាក់បំណាច់សម្រាលមាតុភាពក្នុងរយៈពេល ៩០ថ្ងៃទេ។
    • សំណួរទី៦០៖ កម្មកររបស់ខ្ញុំបានសុំច្បាប់ទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.សបន្ទាប់ពីគ្រូពេទ្យពិនិត្យរួច គាត់បានចេញវេជ្ជបញ្ជាថា អ្នកជម្ងឺត្រូវឈប់សម្រាក និងព្យាបាល ជម្ងឺចំនួន៣០ថ្ងៃ កម្មករគាត់មានសុពលភាពក្នុងការប្រើប្រាស់សេវាផ្នែកថែទាំសុខភាពរបស់ ប.ស.ស ប៉ុន្ដែគាត់មិនប្រើ គាត់សុខចិត្តព្យាបាលអស់ប្រាក់ខ្លួនឯង(ព្រោះគាត់គិតថាសេវា របស់ ប.ស.ស មិនសូវល្អ) ចង់សួរថាតើគាត់អាចទាមទារប្រាក់ថ្លៃព្យាបាល និងប្រាក់បំណាច់ប្រចាំថ្ងៃបានដែរឬទេ? ព្រោះអ្វី?
    • ចំលើយ៖ ក្នុងករណីនេះគាត់មិនអាចទាមទារប្រាក់ថ្លៃព្យាបាលមកវិញបានទេ ព្រោះជាចេតនារបស់គាត់ដោយមិនចង់ប្រើប្រាស់សេវារបស់ ប.ស.ស ដោយខ្លាចមិនល្អ (បើចង់ទាមទារថ្លៃព្យាបាលមកវិញគឺមិនលើសពី ៤៨ម៉ោងដែរក្នុងករណីអចេតនា) ចំពោះប្រាក់បំណាច់ប្រចាំថ្ងៃវិញក៏មិនបានដែរ ព្រោះគាត់មិនបានបើកឈ្មោះក្នុងប្រព័ន្ធថែទាំសុខភាពរបស់ ប.ស.សដូចនេះគាត់មិនមានឈ្មោះក្នុងការទាមទារប្រាក់បំណាច់ប្រចាំថ្ងៃនេះទេ។
    • សំណួរទី៦១៖ កម្មការិនីសួរថា ហេតុអ្វីបានជា ប.ស.ស ដាក់ប្រភេទជម្ងឺដោយមិនព្យាបាល(មិនរាប់បញ្ចូល)ច្រើនម្លេះរហូតដល់១៤មុខ?
    • ចំលើយ៖ក្នុងករណីខាងលើនេះមើលទៅហាក់បីដូចជាច្រើនបន្ដិច ប៉ុន្ដែបើមើលអត្ថន័យឱ្យបានច្បាស់គឺមិនច្រើនទេព្រោះថារាល់ជម្ងឺទាំងអស់មិនសូវកើតឡើងទេ  ម្យ៉ាងទៀតនេះគឺជាដំណាក់កាលទី១ដែលចាប់ផ្តើមដំណើរការផ្នែកថែទាំសុខភាព នៅពេលខាងមុខអាចនឹងមានគោលការណ៍ដកជម្ងឺទាំងនេះចេញខ្លះដើម្បីព្យាបាលជូនវិញ។
    • សំណួរទី៦២៖ ចំពោះកម្មករនិយោជិតដែលកំពុងបំពេញការងារពីរកន្លែង តើត្រូវបង់ភាគទានយ៉ាងដូចម្ដេច?
    • ចំលើយ៖ ចំពោះកម្មករនិយោជិតដែលធ្វើការពីរកន្លែង ហើយបានបង់ភាគទានទាំងពីរកន្លែង ប.ស.សនឹងត្រូវបង្វិលភាគទានដែលបង់មក ប.ស.ស ដែលមានទឹកប្រាក់តិចជូនសាមីជនវិញនូវរៀងរាល់បំណាច់ឆ្នាំ។
    • សំណួរទី៦៣៖ កម្មករមានគ្រោះថ្នាក់ការងារព្យាបាលជាសះស្បើយ តែមួយរយៈពេលក្រោយមកក៏រើឡើងវិញ តើខាងប.ស.ស នៅតែព្យាបាលដែរឬទេ?
    • ចំលើយ៖ ក្នុងករណីជម្ងឺរើឡើងវិញ ប.ស.ស នៅតែបន្ដព្យាបាល ប៉ុន្ដែតម្រូវឲ្យជនរងគ្រោះសុំលិខិតព្យាបាលបន្ដពី ប.ស.ស។
    • សំណួរទី៦៤៖កម្មករពីរនាក់បងប្អូនក្នុងក្រុមហ៊ុនតែមួយ ហើយបានធ្វើដំណើរជាមួយគ្នាចៃដន្យមានគ្រោថ្នាក់ការងាររហូតដល់ស្លាប់ទាំងពីរនាក់ តើអ្នកនៅក្នុងបន្ទុក អ្នកទាំងពីរទទួលបានអត្ថប្រយោជន៍ទ្វេដង ឬយ៉ាងណា?
    • ចំលើយ៖ ករណីនេះអត្ថប្រយោជន៍ទទួលបានតែម្នាក់ទេ គឺអ្នកដែលមានប្រាក់ខែច្រើនជាងចំណែកវិភាជន៍បូជាសពផ្ដល់ជូនឲ្យទាំងពីរសព។
    • សំណួរទី៦៥៖ ប្រសិនបើមន្រ្ដីរាជការដែលបានចូលនិវត្តន៍ហើយ តែគាត់បានមកធ្វើការក្រុមហ៊ុនឯកជននៅពេលធ្វើដំណើរគាត់មានគ្រោះថ្នាក់តើប.ស.ស ធានារ៉ាប់រ៉ងដែលឬទេ?
    • ចំលើយ៖ ពេលគាត់ចូលនិវត្តន៍ហើយ តែគាត់បានទៅធ្វើការនៅក្រុមហ៊ុនឯកជនរួចក៏ជួបគ្រោះថ្នាក់ការងារ គាត់នឹងទទួលបានធានារ៉ាប់រងពីប.ស.ស។
    • សំណួរទី៦៦៖ កម្មករគាត់មានជម្ងឺមហារីកស្បូន ឬរលាកស្បូន តើប.ស.ស ព្យាបាលដែលឬទេ?
    • ចំលើយ៖ ក្នុងករណីនេះប.ស.ស ព្យាបាលជូន ប៉ុន្ដែមិនព្យាបាលដោយសារធាតុគីមី ឬដោយកាំរស្មីឡាស៊ែឡើយ។
    • សំណួរទី៦៧៖ ដើម្បីទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ដកម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
    • ចំលើយ៖កម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖
      • កំពុងបំពេញការងារនៅសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជិកាក្នុងប.ស.ស
      • កម្មករនិយោជិតបានចុះបញ្ជិកាក្នុង ប.ស.ស តាមរយៈនិយោជក

      បានបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាពរយៈពេល០២ខែជាប់គ្នា ឬ៦ខែក្នុង១២ខែចុងក្រោយគិតរហូតមកទល់ខែដែលមានបញ្ហាសុខភាព ឬមាតុភាព។

    • សំណួរទី៦៨៖ តើការទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ដផ្នែកថែទាំសុខភាពមានកំណត់ដែរឬទេ?
    • ចំលើយ៖ការទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ដផ្នែកថែទាំសុខភាពកម្មករនិយោជិតទទួលបានសេវាពិគ្រោះជម្ងឺ និងសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាល ចំនួន១៨០ថ្ងៃ ក្នុងរយៈពេល១២ខែ។
    • សំណួរទី៦៩៖ ក្នុងករណីកម្មករជួបគ្រោះថ្នាក់តម្រូវឲ្យមានការសង្គ្រោះបន្ទាន់ (គ្រោះថ្នាក់ការងារ) តើត្រូវធ្វើដូចម្ដេច?
    • ចំលើយ៖ កម្មករដែលជួបគ្រោះថ្នាក់ការងារតម្រូវឲ្យមានការសង្គ្រោះបន្ទាន់ ត្រូវបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីសង្គ្រោះជីវិត ក្នុងករណី មិនមែនជាពេទ្យដៃគូ ប.ស.ស តម្រូវឲ្យមានវេជ្ជបញ្ជាពីខាងមន្ទីរពេទ្យ និងវិក័យបត្ររាយមុខថ្នាំ ឬសេវាវេជ្ជសាស្រ្ដដែលជនរងគ្រោះបានចំណាយ ដើម្បីទាមទារសំណងពី ប.ស.ស វិញ។
    • សំណួរទី៧០៖ សម្រាប់ផ្នែកថែទាំសុខភាព ក្នុងករណីកម្មករនិយោជិតមានជម្ងឺរហូតបាត់បង់ជីវិត តើគាត់អាចទទួលបានអ្វីខ្លះពី ប.ស.ស?
    • ចំលើយ៖ សម្រាប់ផ្នែកថែទាំសុខភាព ក្នុងករណីកម្មករនិយោជិតបាត់បង់ជីវិត គាត់ទទួលបានតែសេវាដឹកជញ្ជូនសពប៉ុណ្ណោះ។
    • សំណួរទី៧១៖តើការទូទាត់ថ្លៃសង្គ្រោះបន្ទាន់ដែលព្យាបាលនៅមូលដ្ឋានសុខាភិបាលមិនមានកិច្ចព្រមព្រៀងជាមួយប.ស.ស គិតយ៉ាងដូចម្ដេច (ផ្នែកថែទាំសុខភាព)?
    • ចំលើយ៖ប.ស.ស នឹងទូទាត់សងលើចំណាយសម្រាប់ការព្យាបាលសង្គ្រោះបន្ទាន់ទៅឲ្យជនរងគ្រោះ ដោយឈរលើមូលដ្ឋានកំរិតផ្ដល់សេវា គុណភាព តម្លៃករណី និង តម្លៃសេវា ដូចមានចែងក្នុងប្រកាសអន្ដរក្រសួងស្ដីពីការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព។
    • សំណួរទី៧២៖ តើការបង់ភាគទានផ្នែកថែទាំសុខភាពជាបន្ទុករបស់អ្នកណា?
    • ចំលើយ៖ ការបង់ភាគទានជាបន្ទុករបស់និយោជក និងនិយោជិតរួមគ្នា។ បន្ទុកនិយោជកត្រូវកំណត់ស្មើ១,៣%នៃប្រាក់ឈ្នួលមធ្យមតាមលំដាប់ថ្នាក់នៃប្រាក់ឈ្មួលប្រចាំថ្ងៃរបស់កម្មករនិយោជិត និងបន្ទុករបស់កម្មករនិយោជិតត្រូវកំណត់ស្មើ១,៣%នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់និយោជិត។
    • សំណួរទី៧៣៖ តើការបង់ភាគទានមកប.ស.ស ត្រូវគិតលើប្រាក់ខែគោល ឬប្រាក់ខែសរុបរបស់កម្មករនិយោជិត?
    • ចំលើយ៖ ក្នុងការបង់ភាគទានមកប.ស.ស គឺត្រូវគិតលើប្រាក់ខែសរុបរបស់កម្មករ លើកលែងប្រាក់ថ្លៃធ្វើដំណើរ។
    • សំណួរទី៧៤៖ ការកំណត់អត្តសញ្ញាណ ឬការចុះបញ្ជិកាកម្មករនិយោជិតលើផ្នែកថែទាំសុខភាពត្រូវមាន ឯកសារអ្វីខ្លះ?
    • ចំលើយ៖ ការកំណត់អត្តសញ្ញាណ ឬការចុះបញ្ជិកាកម្មករនិយោជិតត្រូវមានឯកសារដូចជា៖
      1. អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ ឬ
      2. សៀវភៅស្នាក់នៅ ឬ
      3. សៀវភៅគ្រួសារ ឬ
      4. សំបុត្រកំណើត ឬ
      5. លិខិតឆ្លងដែន
    • សំណួរទី៧៥៖ បើសិនកម្មករម្នាក់បានឈប់ពីរោងចក្រមួយទៅរោងចក្រមួយទៀត តើកម្មករម្នាក់នោះត្រូវចុះបញ្ជិកាជាមួយប.ស.ស សារជាថ្មីដែរឬទេ?
    • ចំលើយ៖ កម្មករនិយោជិតម្នាក់អាចចុះបញ្ជិកាជាមួយប.ស.ស បានតែម្ដងទេ ពេលណាគាត់ផ្លាស់ប្ដូរពីរោងចក្រមួយទៅរោងចក្រមួយទៀត នោះព័ត៌មានផ្ទាល់ខ្លួន និងអតីតភាពត្រូវបានរក្សានូវ ដដែល។
    • សំណួរទី៧៦៖ តើត្រូវធ្វើយ៉ាងណាប្រសិនបើសហគ្រាសខ្ញុំបានធ្វើបាត់វិញ្ញាបនបត្រចុះបញ្ជិកាជាមួយប.ស.ស?
    • ចំលើយ៖ សហគ្រាសត្រូវធ្វើលិខិតស្នើសុំមកខាងប.ស.ស ដើម្បីចេញវិញ្ញាបនបត្រថ្មី ដោយភ្ជាប់មកជាមួយនូវបណ្ណប៉ាតង់ និងវិញ្ញាបណ្ណបត្រក្រសួងពាណិជ្ជកម្ម។
    • សំណួរទី៧៧៖ តើការដាក់ឯកសារបង់ភាគទានមក ប.ស.ស ផុតកំណត់នៅថ្ងៃណា?
    • ចំលើយ៖ ការបង់ភាគទានជារៀងរាល់ខែសម្រាប់ការបង់ចូលធនាគារគឺផុតកំណត់នៅថ្ងៃទី១៥ នៃខែបន្ទាប់ រីឯការដាក់ឯកសារមក ប.ស.ស គឺផុតកំណត់នៅថ្ងៃទី២០ នៃខែបន្ទាប់ តែបើសិនជាកាលបរិច្ឆេទផុតកំណត់ត្រូវលើកនោះនិងមានផុសក្នុងWebsite របស់ប.ស.ស។
    • សំណួរទី៧៨៖ បើសិនជាអ្នកជម្ងឺមិនអាចព្យាបាលជាសះស្បើយនៅក្នុងស្រុកខ្មែរ តើអាចទៅព្យាបាលនៅក្រៅប្រទេសបានដែរទេ? តើ ប.ស.ស ចេញថ្លៃព្យាបាលឲ្យដែរឬទេ?
    • ចំលើយ៖ បើសិនជាគាត់មានជម្ងឺដោយសារគ្រោះថ្នាក់ការងារ គាត់អាចបំពេញបែបបទទាមទារសំណងពី ប.ស.ស វិញ(មានវិក័យបត្រ និងវេជ្ជបញ្ជា បកប្រែជាអក្សរខ្មែរ ឬអក្សរឡាតាំង)តែបើសិនជាជម្ងឺផ្ទាល់ខ្លួន តម្រូវឲ្យប្រើសេវាផ្នែកថែទាំសុខភាព គឺពុំមានការទាមទារសំណងពីប.ស.ស វិញទេ។
    • សំណួរទី៧៩៖ កម្មករនិយោជិតដែលរងគ្រោះដោយហានិភ័យការងារ(បាត់បង់សមត្ថភាពបណ្ដោះអាសន្ន) មានសិទ្ធិទទួលបានអ្វីខ្លះពី ប.ស.ស?
    • ចំលើយ៖បើសិនជាគាត់មានជម្ងឺដោយសារគ្រោះថ្នាក់ការងារ(បាត់បង់សមត្ថភាពបណ្ដោះអាសន្ន) មានសិទ្ធិទទួលបាន៖
      • ប្រាក់បំណាច់ប្រចាំថ្ងៃ៧០% ដែលត្រូវផ្ដល់ជូនចាប់ពីថ្ងៃទី២ បន្ទាប់ពីថ្ងៃរងគ្រោះថ្នាក់
      • ប្រាក់ឧបត្ថម្ភសម្រាប់អ្នកមើលថែជនរងគ្រោះពេលសម្រាកព្យាបាលក្នុងករណីដែលស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរតម្រូវឲ្យមានអ្នកចាំមើលថែតាមសំណើសុំរបស់ គ្រូពេទ្យព្យាបាល។
    • សំណួរទី៨០៖ តើប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំជនរងគ្រោះត្រូវទទួលបានប៉ុន្មាន%?
    • ចំលើយ៖ ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំជនរងគ្រោះត្រូវស្មើនឹង ៥០% នៃប្រាក់បំណាច់៧០% របស់ជនរងគ្រោះ។
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩០៣១ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៥៦,១៣៨ នាក់
    • ចំនួនសមាជិកស្រីសរុប ៨០៩,៨២៤ នាក់
    ប.ស.ស Facebook Page