ក្រុម​ការងារ​បច្ចេកទេស​ព័ត៌មាន​វិទ្យា បាន​បង្កើត​ឡើង​ដោយ ​ប្រកាស​លេខ​១៣៦២ប្រក ចុះថ្ងៃទី​០៧ ខែ​មេសា ​ឆ្នាំ​២០១៤ ជាក្រុម​ការងារ​អន្តរក្រសួង ក្នុងនោះ​រួមមាន ក្រសួង​មហាផ្ទៃ និង ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ក្រុម​ការងារ​នេះ មាន​តួនាទី​ភារកិច្ចរៀប​ចំនីតិ​វិធី នៃការ​បែបបទ​អត្តសញ្ញាណ​កម្មករ​និយោជិត​ដែល​ជា​សមាជិក​បេឡាជាតិ​​សន្តិ​សុខ​សង្គម, ភ្ជាប់​បណ្តាញ​ព័ត៌មានវិទ្យា​រវាងនាយក​ដ្ឋាន​នគរបាល​ស្ថិតិ និង​លិខិត​ឆ្លងដែន នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ជាមួយ​បេឡាជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង     បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ដើម្បីផ្តល់ និងទទួល​ទិន្នន័យ​បញ្ជាក់​អត្តសញ្ញាណ​កម្មករ​និយោជិត​ក្នុង​របបធានារ៉ាប់រង​សុខភាព, សិក្សា​ស្រាវ​ជ្រាវ​លើក​ផែនការ​ថវិកា​សម្ភារៈ​បច្ចេកទេស ដើម្បីធានាដល់​ការ​គ្រប់គ្រង​ទិន្នន័យ​កម្មករ​និយោជិត​រវាង​នាយកដ្ឋាន​នគរបាល​ស្ថិតិ និង​លិខិត​ឆ្លងដែន នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ជាមួយបេឡាជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ, សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ រៀប​ចំផែនការ ដើម្បីផ្តល់អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខែ្មរ​អេឡិច​ត្រូនិច​ឱ្យ​បាន​ត្រឹមត្រូវ​តាមនីតិវិធី ជូន​កម្មករ​និយោជិត ដែលស្ថិត​ក្រោម​បទប្បញ្ញត្តិ នៃច្បាប់ស្តី​ពី​ការងារ, សហការ និង​សម្រប​សម្រួល​ការងារ​ជាមួយ​អ្នក​ជំនាញ​ការជាតិ អន្តរជាតិ ដែល​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យការ​បំពេញ​ភារកិច្ច​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង ធ្វើរបាយការណ៍​ស្តី​ពី​សភាពការណ៍ និង​លទ្ធផល​ការងារ​ប្រចាំខែ​ជូន​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ករណី​ចាំបាច់ត្រូវ​ធ្វើ​របាយ​ការណ៍​វិសាមញ្ញ ដើម្បី​ក្រសួង​មាន​គោលការណ៍ និង​ចាត់​វិធាន​ការដោះ​ស្រាយ​ទាន់​ពេល​វេលា ។