Mail |
  • ភាសាខ្មែរ
  • English
  • ផ្នែកហានិភ័យការងារ

    ១. គោលការណ៍ទូទៅ
    របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារត្រូវបានដាក់ឲ្យអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០០៨ដោយអនុលោមតាមព្រះរាជក្រមលេខ នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ស្ដីពីការប្រកាសឲ្យប្រើ ច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដើម្បីគាំពារដល់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមានវិសាលភាពអនុវត្តជាដំណាក់កាលទៅតាមកត្តាភូមិសាស្រ្ត ព្រមទាំងបានពង្រីកវិសាលភាព ទូទាំងប្រទេសនៅក្នុងឆ្នាំ២០០៩។ ដោយទទួលបានជោគជ័យគួរជាទីមោទកនាពេលកន្លងមក រាជរដ្ឋាភិបាល បានផ្ដល់សេចក្ដីទុកចិត្តលើ ប.ស.ស. ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចជាប្រតិបត្តិករសន្តិសុខសង្គម។ ទើបដាក់ឲ្យដំណើរការ របបសន្តិសុខសង្គមសម្រាប់បុគ្គលនៃវិស័យសាធារណៈដោយអនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែក  ហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើសុវត្ថិភាពការងារ សង្គតិភាពរបបសន្តិសុខសង្គម ការធានានូវសន្តិសុខប្រាក់ចំណូល និងការពារមិនឲ្យប្រជាពលរដ្ឋធ្លាក់ចូលក្នុងស្ថានភាពក្រីក្រ។
    ២. និយមន័យ
    ហានិភ័យការងារ សំដៅដល់ព្រឹត្តការណ៍ដែលកើតឡើង ដោយឥតគ្រោងទុកបណ្តាលមកពីគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។
    គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឲ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។
    គ្រោះថ្នាក់ពេលធ្វើដំណើរ សំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាន និងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប។
    ជំងឺវិជ្ជាជីវៈ សំដៅដល់សភាពនៃរោគសមុដ្ឋាន ឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារ សារធាតុឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺ ទោះបីក្នុងកំលុងពេលដែលសាមីជនកំពុងបំពេញការងារឬមុខរបរ ឬក្រោយកំលុងពេលដែលលែងបំពេញការងារឬមុខរបរទាំងនោះក្តី។
    ដើម្បីអាចដាក់ឯកសារស្នើសុំតាវកាលិកផ្នែកហានិភ័យការងារ ជនរងគ្រោះត្រូវជូនដំណឹងជាបន្ទាន់ ទៅនិយោជក ឬអ្នកតំណាងសហគ្រាស គ្រឹះស្ថាន។ ករណីគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត កាតព្វកិច្ចជូនដំណឹងនេះ ត្រូវផ្ទេរទៅសិទ្ធិវន្ត(បុគ្គលទទួលបានសិទ្ធិក្នុងការស្នើសុំតាវកាលិក)។ ក្រោយពីទទួលបានការជូនដំណឹងពីជនរងគ្រោះ និយោជក ឬអ្នកតំណាងសហគ្រាសគ្រឹះស្ថានត្រូវធ្វើលិខិតបញ្ជូនជនរងគ្រោះទៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. និងធ្វើរបាយការណ៍ហានិភ័យការងារ និងឯកសារជំនួយស្មារតីមក ប.ស.ស. ដើម្បីអធិការសន្តិសុខសង្គមធ្វើការអង្កេតករណីគ្រោះថ្នាក់។
    ៣. តាវកាលិក
    ក. ការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត
    សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត មានដូចខាងក្រោម៖
    • ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត រហូតជាសះស្បើយ ទោះអ្នករងគ្រោះសម្រាក ឬមិនសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្តី
    • ការផ្តល់សេវាសង្រ្គោះបន្ទាន់
    • ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល
    • ការផ្តល់សេវាដឹកសព ឬសេវាបញ្ជូនជនរងគ្រោះដែលត្រូវសង្រ្គោះបន្ទាន់
    • ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំអ្នករងគ្រោះ ក្នុងពេលសម្រាកព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរដែលសាមីជនរងគ្រោះមិនអាចបម្រើខ្លួនឯងបាន។
    ខ. ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន
    តាវកាលិកនេះ សំដៅដល់ការអាក់ខានមិនអាចធ្វើការងារក្នុងរយៈពេលនៃការសម្រាកព្យាបាល ជំងឺ ឬមុខរបួសដែលបណ្តាលមកពីហានិភ័យការងារ ដោយគិតរួមទាំងការសម្រាកក្រោយ ការព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យផ្លូវការដែលទទួលស្គាល់ដោយ ប.ស.ស.។ ចំពោះការអាក់ខាននេះ ជនរងគ្រោះ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ដោយផ្តល់ជូនរាប់ចាប់ពីថ្ងៃទីពីរ ដែលសាមីជនរងគ្រោះថ្នាក់រហូតមុខរបួស ឬជំងឺជាសះស្បើយ ឬទទួលមរណភាពដោយគិតរួមទាំងរយៈពេលដែលគ្រូពេទ្យព្យាបាលអនុញ្ញាតឲ្យឈប់សម្រាកបន្ទាប់ពីចេញពីមូលដ្ឋានសុខាភិបាលផងដែរ។ ប្រាក់ឈ្នួលរបស់សាមីជនសម្រាប់ថ្ងៃផ្អាកការងារដំបូងជាបន្ទុករបស់និយោជក។ បុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរបស់ខ្លួន។ ដោយឡែកចំពោះបុគ្គលនៃវិស័យសាធារណៈ ប្រាក់បៀវត្សរបស់សាមីជនរងគ្រោះត្រូវបានរក្សាទុកដដែល។ អាជ្ញាយុកាលនៃការស្នើសុំមានរយៈពេល ១ឆ្នាំ។
    គ. ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
    សមាជិក ប.ស.ស. ជាបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ដែលទទួលរងហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិតចាប់ពី ២០% ឡើង មានសិទ្ធិទទួលបានធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍។
    សម្រាប់បុគ្គលដែលមានចែងក្នុងកថាខណ្ឌខាងលើ ដែលកំពុងទទួលបានធនលាភដោយការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ដោយផ្នែក ប៉ុន្តែបានទទួលរងហានិភ័យការងារជាថ្មី ត្រូវទទួលបានធនលាភស្របតាមកម្រិតនៃការបាត់បង់សមត្ថភាពការងារសរុប។ ដោយកម្រិតនៃការបាត់បង់សមត្ថភាពការងារសរុបនេះ ត្រូវស្មើនឹងកម្រិតបាត់បង់សមត្ថភាពការងារដើមដំបូង បូកនឹងកម្រិតបាត់បង់សមត្ថភាពការងារបន្តបន្ទាប់នៃសរីរាង្គផ្សេងទៀត ប៉ុន្តែមិនត្រូវលើសពី ១០០% ឡើយ។ ប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ត្រូវចាត់ទុកជាប្រាក់បណ្តោះអាសន្នជានិច្ច និងត្រូវត្រួតពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដោយអនុលោមតាមអត្រាអតិផរណាដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប.ស.ស. នឹងរៀបចំឲ្យមានការពិនិត្យសុខភាព និងវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងាររបស់ជនរងគ្រោះជាទៀងទាត់ ដើម្បីវិនិច្ឆ័យពីការប្រែប្រួលចំពោះកម្រិតនៃការបាត់បង់សមត្ថភាពការងារ និងមានការវាយតម្លៃព្រមទាំងសើរើចំនួនប្រាក់ធនលាភដែលត្រូវផ្ដល់ឡើងវិញ។ ករណីសាមីជនរងគ្រោះជំទាស់ ឬមិនបានចូលខ្លួនមកពិនិត្យតាមការកំណត់ខាងលើ ប.ស.ស. អាចផ្អាកការផ្តល់ធនលាភរហូតដល់មានការបង្ហាញខ្លួនរបស់សាមីជន។ អាជ្ញាយុកាល នៃការស្នើសុំប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍មានរយៈពេល ៥ឆ្នាំ។
    ការគណនាប្រាក់ធនលាភបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ត្រូវគិតតាមរូបមន្តដូចខាងក្រោម៖
    ធល =បឈម x (កបក – ១/៥កបក)
    ធល =ធនលាភបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍
    បឈម =ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ
    កបក =កម្រិតបាត់បង់សមត្ថភាពការងារ
    ឃ. វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
    សមាជិក ប.ស.ស. ជាបុគ្គលនៃវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ដែលទទួលរងហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ក្នុងកម្រិតតិចជាង ២០% (ពិការភាព ឬខូចខាតផ្នែកណាមួយនៃរាងកាយ) មានសិទ្ធិទទួលបានវិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍។ អាជ្ញាយុកាលនៃការស្នើសុំមានរយៈពេល ១ឆ្នាំ។ វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ត្រូវបានបើកផ្តល់ជូនជនរងគ្រោះតែម្តងគត់ ដោយគិតតាមរូបមន្តដូចខាងក្រោម៖
    វបក=បថ ឬ បឈម x កបក x ២០%មតប
    វបក  = វិភាជន៍បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍
    បថ =ប្រាក់បៀវត្សមូលដ្ឋានប្រចាំខែរបស់មន្រ្តីសាធារណៈ
    បឈម=ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ
    កបក=កម្រិតបាត់បង់សមត្ថភាពការងារ
    មតប=មេគុណតម្លៃបច្ចុប្បន្ន
    ង. វិភាជន៍បូជាសព និងធនលាភឧត្តរជីវី
    សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិត ប.ស.ស. ផ្តល់វិភាជន៍បូជាសព និងធនលាភឧត្តរជីវី។
    វិភាជន៍បូជាសព សំដៅដល់ប្រាក់ឧបត្ថម្ភសម្រាប់ការចាត់ចែងបូជាសពសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិត។ វិភាជន៍បូជាសព សម្រាប់បុគ្គលដែលស្ថិតនៅក្នុង    វិស័យសាធារណៈ និងបុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះចំនួន ១០ ០០០ ០០០ (ដប់លាន)រៀល ដោយត្រូវផ្តល់ជូនសិទ្ធិវន្តដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះ ឬអ្នករៀបចំចាត់ចែងបូជាសព។ លក្ខខណ្ឌដើម្បីទទួលបានវិភាជន៍បូជាសព សិទ្ធិវន្តត្រូវបំពេញទម្រង់ទាមទារវិភាជន៍បូជាសព ក្នុងកំឡុងពេល ៣ខែ បន្ទាប់ពីការទទួលមរណភាពរបស់សមាជិក ប.ស.ស. ។ សិទ្ធិនៃការទាមទារវិភាជន៍ បូជាសពនេះមានសុពលភាពរយៈពេល ១ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលមរណភាពរបស់សមាជិក ប.ស.ស.
    ធនលាភឧត្តរជីវី សំដៅដល់ប្រាក់ឧបត្ថម្ភដែលត្រូវបើកផ្ដល់ដល់សិទ្ធិវន្តឧត្តរជីវីរបស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតបាត់បង់ជីវិត។ សិទ្ធិវន្តនៃធនលាភឧត្តរជីវី រួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជន មុនពេលទទួលមរណភាព និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
    ១. សម្រាប់ប្តីឬប្រពន្ធ ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍មុនកាលបរិច្ឆេទនៃហានិភ័យការងារ ឬមុនពេលទទួលមរណភាពដោយហានិភ័យការងារ។
    ២. ចំពោះកូន ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
    – មិនទាន់រៀបអាពាហ៍ពិពាហ៍
    – ជាកូនបង្កើត
    – ក្នុងករណីមានការលែងលះឬករណីមរណភាពនៃប្តីឬប្រពន្ធ កូននៃគូស្រករក្រោយ ដែលនៅក្នុងបន្ទុកផ្ទាល់របស់សាមីជន ក៏មានសិទ្ធិដូចកូននៃអាពាហ៍ពិពាហ៍មុនដែរ
    – កូនសុំរបស់សាមីជនរងគ្រោះ ដែលបានស្មុំស្របតាមបទប្បញ្ញត្តិជាធរមាន ឬក្មេង កំព្រារស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនរងគ្រោះ
    – មានអាយុមិនលើសពី២១(ម្ភៃមួយ)ឆ្នាំ។
    កូនពិការឬមានជំងឺរ៉ាំរ៉ៃ ហើយមិនអាចប្រកបការងារឬមុខរបរដែលមានប្រាក់ចំណូល ត្រូវផ្តល់ធនលាភឧត្តរជីវីអស់មួយជីវិត។ ការកំណត់ស្ថានភាពពិការឬជំងឺរ៉ាំរ៉ៃត្រូវបញ្ជាក់ដោយគ្រូពេទ្យឯកទេស និងមានការយល់ព្រមពីក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃបេឡាជាតិសន្តិសុខសង្គម។
    ៣.ឪពុកមា្តយឬមនុស្សចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ ដែលមានអាយុយ៉ាងតិច៦០(ហុកសិប)ឆ្នាំ គិតត្រឹមកាលបរិចេ្ឆទនៃការទទួលមរណភាពរបស់ជនរងគ្រោះនិងមិនមាន ប្រកបមុខរបរដែលមានប្រាក់ចំណូល ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព។ ចំពោះឪពុកម្តាយឬមនុស្សចាស់ជរាដែលមានជំងឺរ៉ាំរ៉ៃ ព្យាបាល មិនជា ឬមានទុព្វលភាព និងមិនមាន ប្រាក់ចំណូល ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព មិនត្រូវបានកំណត់អាយុឡើយ។
    ៤.សិទ្ធិទទួលបានធនលាភឧត្តរជីវីត្រូវផុតរលត់ក្នុងករណីដូចខាងក្រោម៖
    – សាមីជនទទួលមរណភាព
    – ប្តីឬប្រពន្ធរៀបអាពាហ៍ពិពាហ៍ជាថ្មី ស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ ក្នុងករណីនេះ សាមីជនត្រូវជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម យ៉ាងយូរ ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីកាលបរិចេ្ឆទនៃការរៀបអាពាហ៍ពិពាហ៍ថ្មី។
    សិទ្ធិនៃការទាមទារធនលាភឧត្តរជីវីត្រូវអស់សុពលភាពត្រឹមរយៈពេល ៥ឆ្នាំ។
    ធនលាភឧត្តរជីវី សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ត្រូវបានផ្ដល់ជូនតាមរូបមន្តដូចខាងក្រោម៖
    . ចំពោះសិទ្ធិវន្ត ជារួមមានប្តី ឬប្រពន្ធ កូន និងឪពុកម្តាយ ឬមនុស្សចាស់នៅក្នុងបន្ទុក៖
    • ប្តីឬប្រពន្ធ = ៣/៥ x ៦៣%ប.ខ. ដែល ប.ខ. ជាប្រាក់បៀវត្សមូលដ្ឋានប្រចាំខែរបស់សាមីជន
    • ធនលាភសរុបសម្រាប់កូន = ២/៥ x ៦៣%ប.ខ.
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ដែលនៅក្នុងបន្ទុក = ៧%ប.ខ.
    . ចំពោះសិទ្ធិវន្ត ជារួមមាន ប្តី ឬប្រពន្ធ និងកូន៖
    • ប្តី ឬប្រពន្ធ = ៣/៥ x ៧០%ប.ខ.
    • ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២/៥ x ៧០%ប.ខ.
    . ចំពោះសិទ្ធិវន្ត ជារួមមាន ប្តី ឬប្រពន្ធ និងឪពុកម្តាយឬមនុស្សចាស់៖
    • ប្តីឬប្រពន្ធ = ២៨%ប.ខ.
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ដែលនៅក្នុងបន្ទុក = ២៨%ប.ខ.
    . ចំពោះសិទ្ធិវន្តជា ប្តី ឬប្រពន្ធ ឬកូននៅក្នុងបន្ទុក ធនលាភសម្រាប់ប្ដី ឬប្រពន្ធ ឬធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ៥៦%ប.ខ.
    . ចំពោះសិទ្ធិវន្តជា ឪពុកម្តាយឬមនុស្សចាស់ ធនលាភសម្រាប់ឪពុកម្ដាយ ឬមនុស្សចាស់ដែលនៅក្នុងបន្ទុក = ៣៥%ប.ខ.
    ច. ចំពោះសិទ្ធិវន្តជារួមមាន កូន និងឪពុកម្តាយឬមនុស្សចាស់៖
    • ធនលាភសរុបសម្រាប់កូន = ២៨%ប.ខ.
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ដែលនៅក្នុងបន្ទុក = ២៨%ប.ខ.
    ធនលាភឧត្តរជីវី សម្រាប់បុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ត្រូវផ្ដល់ឲ្យសិទ្ធិវន្តនៃជនរងគ្រោះតាមអត្រាដូចខាងក្រោម៖
    . ក្នុងករណីសិទ្ធិវន្ត មានរួមទាំងប្រពន្ធ ឬប្តី កូន និងឪពុកម្តាយ ឬមនុស្សចាស់ជរានៅក្នុងបន្ទុក
    • ប្រពន្ធ ឬប្តី= ៣/៥ x ៦៣%បឈម
    • ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២/៥ x ៦៣%បឈម
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ៧%បឈម
    . ក្នុងករណីសិទ្ធិវន្តមានតែប្រពន្ធ ឬប្តី និង/ឬកូន
    • ប្រពន្ធ ឬប្តី= ៣/៥ x ៧០%បឈម
    • ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២/៥ x ៧០%បឈម
    . ក្នុងករណីសិទ្ធិវន្ត មានតែឪពុកម្តាយ ឬមនុស្សចាស់ជរា
    • ធនលាភសរុបសម្រាប់ឪពុកម្ដាយឬមនុស្សចាស់ជរាក្នុងបន្ទុក = ៣៥%បឈម
    . ក្នុងករណីសិទ្ធិវន្ត មានតែកូន និងឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក
    • ធនលាភសរុបសម្រាប់កូនក្នុងបន្ទុក = ២៨%បឈម
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ២៨%បឈម
    . ក្នុងករណីសិទ្ធិវន្ត មានតែ ប្រពន្ធ ឬប្តី និងឪពុកម្តាយ ឬមនុស្សចាស់ជរា
    • ប្រពន្ធ ឬប្តី = ២៨%បឈម
    • ធនលាភសរុបសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ជរាក្នុងបន្ទុក = ២៨%បឈម
    . ក្នុងករណីសិទ្ធិវន្តមានតែប្រពន្ធ ឬប្តី ឬកូនក្នុងបន្ទុក = ៥៦%បឈម
    ច. សេវាស្តារនីតិសម្បទា
    សមាជិក ប.ស.ស. ជាបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ដែលទទួលរងហានិភ័យបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍មានសិទ្ធិទទួលបានសេវាស្តារនីតិសម្បទាដែលរួមមាន សេវាស្តារនីតិសម្បទាផ្នែកវេជ្ជ-សាស្រ្ត ឬសេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម។
    លក្ខខណ្ឌដើម្បីទទួលបានសេវាស្ដារនីតិសម្បទា ត្រូវធ្វើឡើងតាមរយៈទម្រង់ “ពាក្យស្នើសុំសេវា ស្ដារនីតិសម្បទា” ដោយមានភ្ជាប់មកជាមួយនូវវេជ្ជបញ្ជារបស់គ្រូពេទ្យ ឬអ្នកឯកទេសដែលទទួលស្គាល់ ដោយ ប.ស.ស. ឬឯកសារពាក់ព័ន្ធចាំបាច់ដទៃទៀត។
    ជនពិការត្រូវមកបង្ហាញខ្លួននៅ ប.ស.ស. ដើម្បីពិនិត្យ វាយតម្លៃ និងតម្រង់ទិសការផ្ដល់សេវា។ ក្នុងករណីដែលជនពិការ មិនអាចបង្ហាញខ្លួនក្នុងការស្នើសុំដោយសារស្ថានភាពពិការភាពមានសភាពធ្ងន់ធ្ងរ ការស្នើសុំនេះ អាចត្រូវធ្វើឡើងដោយអ្នកតំណាង។ អ្នកតំណាងអាចជាសហព័ន្ធ កូន ឬជនដែលមានភារៈថែរក្សាដោយផ្ទាល់ចំពោះជនពិការ។
    សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យ ការងារ សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្តឬសម្រាប់ជួយសម្រួលដល់ជនរងគ្រោះ ដែលបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍។
    សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ដែលធ្លាក់ខ្លួនពិការដោយហានិភ័យការងារ ដើម្បីមានឱកាសទទួលបានការងារឬមុខរបរថ្មី ស្របតាមកាយសម្បទារបស់  ខ្លួន។ ដើម្បីទទួលបានសេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ជនពិការត្រូវមានលក្ខខណ្ឌកាយសម្បទា និងសតិបញ្ញាសមស្រប។ ការបណ្ដុះបណ្ដាលនេះ ត្រូវបានផ្ដល់ជូនរយៈពេលយ៉ាងយូរ ១ឆ្នាំ។
    សេវាសង្គម ត្រូវបានផ្ដល់ជូនសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារបណ្ដាលឲ្យពិការភាព មានសិទ្ធិទទួលបាននូវសេវាដូចជា ការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្រ្ត និងសេវា សង្គមនានា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវផ្នែកចិត្តសាស្រ្តសង្គម ទទួលបានភាពម្ចាស់ការស្របតាមស្ថានភាពរស់នៅប្រចាំថ្ងៃ។
    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.