Mail |
  •  ភាសាខ្មែរ
  • English English
  • សាលមហោស្រពខេត្តកោះកុង៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃអភិបាលខេត្តកោះកុង បានអញ្ជើញចូលជាសហអធិបតីភាពក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងកម្មរនិយោជិត។

              ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ប.ស.ស និងក្រុមការងារពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងរួមគ្នា ទៅតាមតួនាទីភារកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមអនុវត្តនិងផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងាររហូតដល់សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដើម្បីចូលរួមដោះស្រាយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងលើកកំពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង ឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើននូវឱកាសការងារ បង្កើតនូវបរិយាកាសការងារល្អ ពង្រឹងភាពសុខដុមនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ធ្វើយ៉ាងណាឆ្លើយតបនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ និងលើកកំពស់កម្រិតជីវភាពរបស់កម្មករនិយោជិត។

               ជាការពិត លទ្ធផលដែលយើងខិតខំសម្រេចបាននាពេលកន្លងមកនេះ៖ទី១. រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ ផ្សេងៗបានចំនួន១៣លើក ជូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដោយកើនពី ៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ ដោយបូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួល ចាប់ពី ១៧០ ដុល្លារអាមេរិក ទៅ ១៨១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ នេះ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានដំឡើងកម្រិតអប្បរបមានៃប្រាក់បៀវត្សជាប់ពន្ធ ឱ្យឡើងដល់ ១.០០០.០០១រៀល និងលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែមចំនួន២០% លើសោហ៊ុយធ្វើដំណើរ កន្លែងស្នាក់នៅ ប្រាក់ថ្លៃបាយ ភាគទានប.ស.ស ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់ នៃការបញ្ឈប់លែងឱ្យធ្វើការ ចាប់ពីឆ្នាំ២០១៧ តទៅ។ បានតភ្ជាប់បណ្តាញអគ្គិសនីដោយតម្លៃ ថោកជូនកម្មករនិយោជិត សិស្ស និស្សិត នៅតាមបន្ទប់ជួល ផ្ទះជួល នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចំនួនប្រមាណជាង ២៥០.០០០ បន្ទប់ និងបានភ្ជាប់បណ្តាញទឹកស្អាតផងដែរ។ ទី២. ប.ស.ស បានប្រមូលសមាជិកជាសហគ្រាស គ្រឹះស្ថានបានចំនួន ៩.០៨៧ ដែលមានកម្មករនិយោជិតចំនួន ១.១៦០.៧៩៤ នាក់ នៅទូទាំងប្រទេស។ បានផ្តល់តាវកាលិក (ការជួយសង្គ្រោះ ការព្យាបាល និងអត្ថប្រយោជន៍ផ្សេងៗ)បានចំនួន១៥៧.៧០២នាក់។ បានអនុវត្តផ្នែកថែទាំសុខភាពចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដោយបានពង្រីកដល់សហគ្រាស គ្រឹះស្ថានចំនួន ៧៣៨ ដែលមានកម្មករនិយោជិតចំនួន ៧៩៤.២២៥ នាក់ និងបន្តពង្រីកនៅទូទាំងប្រទេស ផ្អែកតាមអនុក្រឹត្យលេខ០១ អនក្រ បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ បានធ្វើការសិក្សាស្រាវជ្រាវ និងកំពុងរៀបចំយន្តការស្នើសុំដាក់ឱ្យដំណើរការនូវប្រាក់សោធន នៅក្នុងឆ្នាំខាងមុខដ៏ខ្លីនេះ។

                ផ្សាភ្ជាប់នឹងសមិទ្ធិផលនេះ ឯកឧត្តម បានបង្ហាញពីទិសដៅសម្រាប់អនុវត្តបន្តទៀតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលក្រុមការងារនឹង ចូលរួមយកចិត្តទុកដាក់ ដូចតទៅ៖

    ១- បន្តពង្រឹង និងពង្រីករោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យបានកាន់តែច្រើនថែមទៀតនៅតាមឃុំ/សង្កាត់ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើនល្បឿនអភិវឌ្ឍន៍ឃុំ/សង្កាត់

    ២-បន្តពង្រឹង និងពង្រីកសេវារកការងារធ្វើក្នុង និងក្រៅប្រទេសដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ/សង្កាត់ ព្រមទាំងបង្ការ និងទប់ស្កាត់រាល់អំពើជួញដូរពលកម្ម

    ៣-បន្តបើកទូលាយទីផ្សារការងារនៅក្រៅប្រទេស ផ្តល់ឱកាសជូនប្រជាជនធ្វើការស្របច្បាប់នៅក្រៅប្រទេស ការពារសិទ្ធិ ផលប្រយោជន៍ និងកិត្តិយសសេចក្តីថ្លៃថ្នូរ ជូនពលករខ្មែរនៅក្រៅប្រទេសស្របតាមច្បាប់ និងគាំពារគ្រួសារពលករចំណាកស្រុក ក្នុងមូលដ្ឋានឃុំ/សង្កាត់

    ៤- បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ បូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលនឹងគ្របដណ្តប់វិស័យ ផ្សេងទៀត

    ៥- បន្តជំរុញការតបណ្តាញអគ្គិសនី ទឹកស្អាត ដោយតម្លៃថោកជូនកម្មករនិយោជិត សិស្ស-និស្សិត នៅបន្ទប់ជួល ផ្ទះជួល និងជំរុញការអនុវត្តច្បាប់ស្តីពីភតិសន្យា ពិសេស (ច្បាប់ជួលបន្ទប់) បន្តលើកលែងពន្ធចំពោះប្រាក់អត្ថប្រយោជន៍បន្ថែម និងបន្តកែសម្រួលកម្រិតប្រាក់បៀវត្សអប្បបរមាត្រូវជាប់ពន្ធចាប់ពី១លានរៀលឡើង

    ៦- បន្តការអភិវឌ្ឍការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាពនិងជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ បន្តផ្តល់អាហារូបករណ៍និងបង្កលក្ខណៈងាយស្រួលដល់យុវជន-យុវនារីឱ្យទទួលបានការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

    ៧-បន្តជម្រុញកម្មវិធីលើកកម្ពស់ផលិតភាពជាតិ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ជាតិនៅក្នុងតំបន់ ជាពិសេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

    ៨- បន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ ព្រមទាំងអនុវត្តផ្នែក ប្រាក់សោធនដល់កម្មករនិយោជិត

    ៩- បន្តអភិវឌ្ឍការថែទាំសុខភាព អនាម័យការងារ ការលើកកម្ពស់សុវត្ថិភាពកន្លែងធ្វើការងាររៀបចំកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ

    ១០-ធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងនិយោជក និងការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជកស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារជាធរមាន។

               ទន្ទឹមនឹងនេះ ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ក៏ត្រូវខិតខំបន្តចុះផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធវិស័យការងារ, វិធានការទប់ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយ ដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត, វិធានការទប់ស្កាត់ករណីសន្លប់ ។

    ១/.បេឡាជាតិរបបសន្តិសុខសង្គម ពង្រឹងការអប់រំអំពីវិធានការទប់ស្កាត់ហានិភ័យការងាររួមមាន៖ ការការពារគ្រោះថ្នាក់ក្នុងកន្លែងការងារ, ការការពារសុវត្ថិភាព ក្នុងពេលធ្វើដំណើរ, និងការការពារសុវត្ថិភាពដទៃផ្សេងៗទៀត ពង្រឹងការអនុវត្តផ្នែកថែទាំសុខភាព ជាការរួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិត និងគ្រួសារ រួមទាំងការផ្តល់ការបង្ការជំងឺទូទៅ ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួយដោះស្រាយដល់បងប្អូនកម្មករ និយោជិតយើងឱ្យកាន់តែមានភាពនឹងនកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួននៅពេលចាស់ទៅមានប្រាក់សោធនសម្រាប់ផ្គត់ផ្គងជីវភាព និងក្រុមគ្រួសារ

    ២/.អាជ្ញារធរដែនដី សហការជាមួយក្រុមការងារសម្របសម្រួលចុះផ្សព្វផ្សាយនៅតាមបន្ទប់ជួល ផ្ទះជួលរបស់កម្មករនិយោជិត ជាបន្តបន្ទាប់ទៀត ផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិត ដោយស្នាមញញឹម រាក់ទាក់ និងឱ្យទាន់ពេលវេលា ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពង្រឹងការគោរពច្បាប់

    ៣/.ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ បន្តផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី/ខេត្ត ជាគោលដៅទី១ ផ្សព្វផ្សាយនៅតាមមូលដ្ឋានបន្ទប់ជួល ផ្ទះជួលរបស់កម្មករនិយោជិត ជាគោលដៅទី២ ដែលត្រូវធ្វើទន្ទឹមគ្នា។

    A10-10

    A1-1

    A4-4

    A5-5

    A6-6

    A7-7

    A2-2

    A3-3

    A8-8

    A9-9

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,១៦៥ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៦,៧៣៦ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៦,២៨២ នាក់
    ប.ស.ស Facebook Page