Mail |
  •  ភាសាខ្មែរ
  • English English
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៤៥២នាក់ មកពីរោងចក្រ ៨២ផ្សេងៗគ្នា នៅសាលមហោស្រពកោះពេជ្រ។
    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនីចំនួន ៧ដងរួចហើយ ក្នុងនោះនៅតាមរោងចក្រគឺជួបបាន ៣ដង រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈ២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ។
    ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេស បានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារ នឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុន គឺតែជាង ៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ដុល្លារ និងឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង ១៦០ដុល្លារក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពផងដែរ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ៖
    ១. ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
    ២. រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
    ៣. រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅ តម្លៃភ្លើងត្រូវបានចុះមកនៅត្រឹម ៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងតម្លៃទឹកតែ ៧០០រៀល ប៉ុណ្ណោះក្នុងមួយម៉ែត្រគីប និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើង មានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
    ៤. ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ នេះ ដោយតម្រូវឱ្យនិយោជក (ម្ចាស់ក្រុមហ៊ុន) បង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី ៨,០០០៛-១២,០០០៛ក្នុង១ខែ។ ជាមួយគ្នានេះដែរ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ និងទទួលបានប្រាក់ឈ្នួល ១២០% ។ លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបានប្រាក់ ៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ ទទួលបាន ៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន ១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីសម្ដេចតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ ដោយមិនអស់លុយ រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% ដែលទទួលបាននៅថ្ងៃធ្វើការចុងក្រោយ។
    ៥. បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
    មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មការិនី ជិយោជក ទាំងអស់ឱ្យរួមថែរក្សាសន្តិភាព និងអភិវឌ្ឍដើម្បីប្រទេសជាតិកាន់តែរីកចំរើន បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ កម្មការិនីមានផ្ទៃពោះចំនួន ២៣១នាក់ បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយជាកម្មករ កម្មការិនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕
    01

    02

    03

    05

    04

    06

    12

    07

    08

    10

    09

    11

    13

    15

    14

    16

    17

    18

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page