Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាជំហានដំបូង នៃការវិភាគទីផ្សារក្នុងវិស័យសំណង់

    ប.ស.ស៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស លោកស្រី Betina Ramirez Lopez មកពីអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងនាយកដ្ឋានពេទ្យការងារ, អ្នកជំនាញការក្រុមហ៊ុន DEFT, តំណាងសមាគមអ្នកសាងសង់កម្ពុជា (CCA), តំណាង CAMFEBA,  តំណាង GMAC, និងតំណាងសហជីព។

    កន្លងមកក្រុមការងារ ប.ស.ស និងអង្គការ ILO បានចុះជួបប្រជុំពន្យល់អំពីការអនុវត្តនូវគម្រោងកិច្ចគាំពារសង្គមសម្រាប់កម្មករក្នុងវិស័យសំណង់ ជាមួយនឹង តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ០១លើក ជួបប្រជុំជាមួយនាយកដ្ឋានពេទ្យការងារចំនួន ០១លើក ជួបប្រជុំជាមួយសមាគម អ្នកសាងសង់កម្ពុជា (CCA) ចំនួន ០២លើក ជួបប្រជុំជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ចំនួន ០១លើក និងចុះទស្សនៈកិច្ចសិក្សាដល់ការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC (ស្តាតអូឡាំពិក) ចំនួន ០១លើក។ ឆ្លងកាត់ការប្រជុំដាច់ដោយឡែក និងការចុះទស្សនៈកិច្ច សិក្សាដល់ការដ្ឋានសំណង់ គ្រាន់តែបានបង្ហាញប្រាប់ជាគំនិតផ្តើម ដឹងពីសវតា និងលក្ខណៈសម្បត្តិខ្លះៗ របស់កម្មករក្នុងវិស័យសំណង់។

    ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើបទបង្ហាញដោយអ្នកជំនាញការរបស់ក្រុមហ៊ុន DEFT ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូល សំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំធ្វើការវិភាគទីផ្សារជំហានដំបូងក្នុងវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យច្រើន។ វិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ការលូតលាស់ និងរីកចំរើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ហើយជាវិស័យអាទិភាពទី២ បន្ទាប់ពីវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង កម្លាំងពលកម្មនៅក្នុងវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ចំណូលនៃថវិកាជាតិ។ វិស័យសំណង់ក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ភាគច្រើន ការងារទាំងនេះជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរកន្លែងការងារច្រើនកន្លែងក្នុងពេលតែមួយពិបាកគ្រប់គ្រង មិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់គឺប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធ (ជាកម្មករផង និងជាកសិករផង) និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការ ចំណាយច្រើននៅក្នុងជីវភាពគ្រួសារ ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀតអ្នករកចំណូលក្នុងគ្រួសារ ទទួលរងគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឱ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

    របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក្នុងប្រព័ន្ធ និងបានចូលរួមលើកកម្ពស់ផលិតភាពការងារផងដែរ។ តាមរយៈការផ្តល់នូវរបបខាងលើនេះ កម្លាំងពលកម្មសកម្មបច្ចុប្បន្នមានភាពកក់ក្តៅ ព្រោះអាចធានាបាននូវ សន្តិសុខប្រាក់ចំណូលរបស់ពួកគាត់ នៅពេលដែលមានហានិភ័យការងារកើតឡើង។ នាពេលថ្មីៗនេះ យោងតាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម ពីបេឡាជាតិរបបសន្តិសុខសង្គម  (ប.ស.ស)។

    សរុបមក ភាគីពាក់ព័ន្ធទាំងអស់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ សហជីព បណ្តាដៃគូអភិវឌ្ឍ និងមន្ត្រីរាជការនិងបុគ្គលិក បេឡាជាតិរបបសន្តិសុខសង្គមគ្រប់ជាន់ថ្នាក់ បានខិតខំរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។  ដើម្បីឱ្យការងារនេះអាចបន្តសម្រេចបានតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហការគ្នា ដើម្បីរួមចំណែកពង្រឹងនិងពង្រីករបបសន្តិសុខសង្គមស្របតាម ផែនការដែលបានគ្រោងទុក។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.