Mail |
  •  ភាសាខ្មែរ
  • English English
  • សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣២៧ កប/ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ជូនទៅដល់តំណាងមន្ទីរសុខាភិបាលរាជធានី/ខេត្ត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ, តំណាងមន្ទីរពេទ្យបង្អែក, តំណាងមណ្ឌលសុខភាព និងអង្គភាពពាក់ព័ន្ធនានា។

    ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះអាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៌ និងការអនុវត្ត កន្លងមកតំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល។ ឆ្លើយតបចំណុចនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួង លេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព ដោយតំឡើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិតជាសមាជិតដែលបានទៅប្រើប្រាស់សេវាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កំរិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។

    ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឲ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឲ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី ប.ស.ស ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ និង៥០% នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ។

    ជារួម ក្រសួងទាំងពីរបានខិតខំពង្រឹងគុណភាពក្នុងការផ្តល់សេវាជូនកម្មករនិយោជិតនៅក្នុងប.ស.ស ផ្នែកថែទាំសុខភាពឱ្យមានលក្ខណៈល្អប្រសើរជាងមុន របស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដែលថ្មីៗនេះក្រសួងទាំងពីរ បានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលតម្លៃទូទាត់ក្នុងការផ្តល់សេវាជូនមន្ទីរពេទ្យដែលមានតម្លៃខ្ពស់ជាងមុន។ បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១,២៨៩ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១១កន្លែង ដើម្បីផ្តល់សេវាជូនកម្មករនិយោជិតនៅទូទាំងប្រទេស និងជានិច្ចកាលក្រសួងសុខាភិបាលបានធ្វើការណែនាំ និងដាស់តឿនជាប្រចាំដល់មូលដ្ឋានសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងលើកកម្ពស់សមធម៌ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករនិយោជិតផងដែរ៕

    1 2 3 4 5 6 7 8 9 10-1 11-1 12-1 13-1 14-1

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page