Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ពិធីប្រជុំបូកសរុបសមិទ្ធផលរយៈពេល ១០ឆ្នាំ (២០០៨-២០១៧) និងទិសដៅការងារឆ្នាំ២០១៨ របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨​ បានរៀប​ចំពិធីប្រជុំបូកសរុបសមិទ្ធផលរយៈពេល ១០ឆ្នាំ (២០០៨-២០១៧) និងទិសដៅការងារឆ្នាំ២០១៨ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ដោយមានការចូលរួមពីបណ្តាក្រសួង, ស្ថាប័​​ន, អង្គភាព, តំណាងឱ្យសមាគមនិយោជក, អង្គការវិជ្ជាជីវៈ (សហជីព កម្មករ និយោជិត) មន្ទីរសុខាភិបាលរាជធានី/ខេត្ត មូលដ្ឋានសុខាភិបាលជាដៃគូប្រមាណជាង ៤៣២នាក់។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានលើកឡើងថា ពិធីប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលការងារកន្លងទៅ រយៈពេល១០ឆ្នាំ របស់ ប.ស.ស ដល់ក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា​ ដែលនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់វាស់វែង តាមដានវាយតម្លៃលើការអនុវត្តរបបសន្តិសុខសង្គម និងឈានដល់ការចូលរួមដោះស្រា​យ​បញ្ហារួមគ្នា ដែលនឹងកំណត់បានទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៨ ឱ្យបានល្អប្រសើរបន្ថែមទៀត ឱ្យបានដូចខាងក្រោម៖

    • ផ្នែកគ្រោះថ្នាក់ការងារ ប​.ស.ស បានទទួលចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានចំនួន ១០ ៨៤៩សហគ្រាស ស្មើនឹង ១ ៤៣៥ ៣១៦នាក់ ទទួលបានភាគទានចំនួន​ ៤២៧ប៊ីលានរៀល។ បានផ្តល់តាវកាលិកជូនជនរងគ្រោះដោយហានិភ័យការងារ សរុប ២០១ ៧៩៧ (ដងនាក់) ចំណាយសរុបជាង ៧៦ប៊ីលានរៀល។
    • ផ្នែកថែទាំសុខភាព ដោយបានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ ចំនួន ៣ ២​៧​១​សហគ្រាស ស្មើនឹង ១ ១២១ ៤០៩នាក់។ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ចំនួន ១ ២​៩​​៥មូលដ្ឋាន។ សមាជិកដែលបានទៅប្រើប្រាស់បាន ចំនួន ៥៥៩ ៦៤៩ (ដងនាក់) ដែលដំណើរការនេះអាចវាយតម្លៃបា​ន​​ថាមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
    • ផ្នែកប្រាក់សោធ នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩ ខាងមុខនេះ។
    • ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធ​ជ​​ន
    • ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៨។
    • ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩។
    • ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់​កម្មករ​និយោជិត ក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់​កម្មករ​និយោជិត​ជាស្រ្តីនៅពេល​សម្រា​ល​កូន
    • បានចុះបញ្ជិកាសហគ្រាស និងកម្មករនិយោជិតក្រៅប្រព័ន្ធ (មូលនិធិសមធម៌) ចំនួន ២១ ៣​៧៩សហគ្រាស មានកម្មករនិយោជិតជាសមាជិក ចំនួន ១៨៤ ៤៣៦នាក់ ស្រី ២៧ ៦៦៥នាក់។
    • ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវដាក់ឱ្យអនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

     

    ទិសដៅការងារឆ្នាំ២០១៨៖

    • ពង្រឹង និងពង្រីកការអនុវត្តផ្នែកហានិភ័យការងារ៖ បន្តពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមទំហំការងារដែលកំពុងវិវឌ្ឍន៍ទៅមុខ, សម្របសម្រួល ដោះស្រាយបញ្ហាប្រឈមដែលកើតមានឱ្យទាន់ពេលវេលា, ពង្រឹងការអនុវត្តគោលនយោបាយវិស័យការងារ ដល់កន្លែងស្នាក់នៅដែលប្រមូលផ្តុំរបស់បងប្អូនកម្មករនិយោជិត, បន្តផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម អំពីសុវត្ថិភាពរបស់កម្មករ ទាំងនៅកន្លែងធ្វើការ និងពេលធ្វើដំណើរ។
    • ពង្រឹង និងពង្រីកការអនុវត្តផ្នែកថែទាំសុខភាព៖ បន្តចុះកំណត់អត្តសញ្ញាណកម្មករជាថ្មីឱ្យអស់ក្នុងឆ្នាំនេះ, បន្តចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឱ្យកាន់តែទូលំទលាយ, សហការជា​មួ​យ​​មូលដ្ឋានសុខាភិបាល ដោះស្រាយរាល់បញ្ហាប្រឈមជាប្រចាំ, ផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗ ឱ្យបានទូលំទូលាយ និងគ្រប់រូបភាព, លើកកម្ពស់សេវាបង្ការសុខភាពដល់កម្មករ ចុះផ្សព្វផ្សាយអប់រំផ្ទាល់នៅនឹងកន្លែងការងារ, បង្កើនភ្នាក់ងារសម្របសម្រួល និងបរិក្ខាអេឡិចត្រូនិច តាមដៃគូមូលដ្ឋានសុខាភិបាលដែលមានកម្មករប្រើប្រាស់សេវាច្រើន។
    • ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន៖ រៀបចំដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩។
    • ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង​អតីតយុទ្ធជន
    • ជម្រុញការចុះបញ្ជីមន្ត្រីសាធារណៈឱ្យអស់ក្នុងឆ្នាំនេះ
    • សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល
    • ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីត យុទ្ធជន
    • ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិត ក្រៅ​ប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់ស្រ្តីនៅពេលសម្រាលកូន៖
    • និយោជក និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមកចុះបញ្ជីនៅ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនេះ
    • សម្របសម្រួលផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីសម្រាលកូនឱ្យបានឆាប់
    • សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល

    តាមរយៈកិច្ចប្រជុំនេះ ប.ស.ស បានដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានា និងបានទទួលនូវព័ត៌​មា​​ន​សំខាន់ៗជាច្រើន ដែលជាធាតុចូលដ៏សំខាន់សម្រាប់កែលំអ ដើម្បីបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំ​ពារ​សង្គមឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការផ្តល់សេវារដ្ឋបាលសាធារណៈនៃរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតបានកាន់តែប្រសើរមួយកម្រិតទៀត។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page