Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • អ្នកបើកឡានដឹកកម្មករនៅខេត្តព្រះសីហនុ ទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ពេញ ២៤ម៉ោង

    ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨  បានរៀបចំពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកបណ្ណចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដល់អ្នកបើកបរឡានដឹកកម្មករប្រមាណជាង ២០០នាក់។

    ពិធីនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យនៃ ប.ស.ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស និងជាប្រធានក្រុមកាងារ ស.ផ.ក ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងម្ចាស់តំបន់ មន្ត្រី ប.ស.ស ខេត្ត ប្រធានសមាគមឡានដឹកកម្មករ និងបងប្អូនអ្នកបើកបរឡានដឹកកម្មករនិយោជិត។

    ឯកឧត្តម ជាវ ប៊ុនរិទ្ធ បានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់បណ្ណ​ចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងការដឹកជញ្ជូនកម្មករ និយោជិតឱ្យមានសុវត្ថិភាព ដោយ ប.ស.ស បានសហការជាមួយខាងតំបន់ ដើម្បីចេញបណ្ណចេញ-ចូល។ ពិសេសជាងនេះទៀត ប.ស.ស បានផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ចំនួន ១៩៦បណ្ណ ដល់អ្នកបើកបរឡានដឹកកម្មករផងដែរ ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយមិនបង់ប្រាក់។ ការ​ផ្តល់បណ្ណសមធម៌សុខាភិបាលនេះ បានធ្វើឡើងក្រោយពីទទួលបានទិន្នន័យរបស់អ្នកបើកឡានដឹកកម្មករ ក្រោមកិច្ចសហការពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងសមាគមអ្នកបើកឡានដឹកកម្មករ។

    តាមរបាយការណ៍ប្រជុំបូកសរុបសមិទ្ធផលការងារសម្រេចបានឆ្នាំ២០១៧ របស់ក្រុមការងារ ស.ផ.ក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍របស់កម្មករ និយោជិតមានចំនួន ១ ៧៧១ករណី បណ្តាលឱ្យរងរបួសសរុបចំនួន ២៣២៦នាក់ (ស្រីទាំងអស់) របួសធ្ងន់ ចំនួន ៣២០នាក់ របួសស្រាល ចំនួន ១ ៩៧០នាក់ និងស្លាប់ ចំនួន ៣៦នាក់។ ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយកត្តាម៉ូតូមានចំនួន ៨៧.៦២% កត្តារថយន្ត ចំនួន ៣.៩៦% និងកត្តាផ្សេងៗ ចំនួន ៨.៤២%។

    ឯកឧត្តម បានបន្តថា ដោយមានកិច្ចសហការពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ប.ស.ស បានរៀបចំពិធីចែកបណ្ណចេញ-ចូលបរិវេណក្រុមហ៊ុន និងផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់បងប្អូនអ្នកបើកឡានដឹកកម្មករ អាចទៅទទួលសេវាពិនិត្យ និងព្យាបាល ដោយមិនអស់លុយ នៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស​។

    ទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន​ បេឡាជាតិរបបសន្តិសុខសង្គម ជាសេនាធិការ បានអនុវត្តលើប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់។

    សូមបញ្ជាក់ដែរ ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតបង់ថ្លៃ។ ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីសម្រាប់ស្ត្រីនៅពេលសម្រាលកូនរួមមាន៖

    *សម្រាលបានកូនម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល

    *សម្រាលបានកូនភ្លោះ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៨០ម៉ឺនរៀល

    *សម្រាលបានកូនភ្លោះ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១លាន ២០ម៉ឺនរៀល ហើយគួរត្រេកអរបំផុតនោះ កូនភ្លោះ៣ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៥លានរៀល។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page