Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​​សម្តេចតេជោ (ស.គ.យ.ត) ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស នៅសណ្ឋាគារភ្នំពេញ។

    ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជាង ៥០នាក់។

    ឯកឧត្តម អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា គោលបំណង នៃពិធីចុះអនុស្សារណៈយោគយល់ នាពេលនេះ គឺដើម្បីសម្រេចឱ្យបាននូវអនុសា​ស​ន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស ឱ្យ​កាន់​តែ​ល្អ​ប្រសើរឡើង ដែលធ្វើឱ្យសមាជិក ប.ស.ស ទាំងអស់មានភាពងាយស្រួល និងមានភាពកក់ក្តៅក្នុងការទទួលបានសេវាសុខាភិបាល តាមរយៈការ សហការគ្នារវាង ប.ស.ស និងសមាគមដែលពោរពេញទៅដោយវេជ្ជបណ្ឌិតជំនាញៗ និងមានបទពិសោធន៍ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺ។

    ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរសាទរ​យ៉ាងក្លៀវក្លា ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានសហការជាមួយ ប.ស.ស ក្នុងការរួមចំណែកផ្តល់សេវាព្យាបាលជូនបងប្អូនកម្មករនិយោជិត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា កាលពីពេលកន្លងទៅ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានសហការជាមួយ ក្រុមការងារ ប.ស.ស ក្នុងការចុះផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប​ងប្អូនកម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផងដែរ។

    សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺវះកាត់តូច ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះនិងបំពង់ក ជំងឺបេះដូង អេកូបេះដូង ជំងឺឬសដូងបាត ជំងឺរោគស្ត្រី អេកូស្រ្តីមានផ្ទៃពោះ  ពិនិត្យឈាមរកមេរោគផ្សេងៗ ជំងឺពកក ជំងឺថ្លើម ជំងឺសួត ជំងឺក្រពះពោះវៀន ជំងឺស្បែក  និង   ជំងឺផ្សេងៗទៀត។

    សូមបញ្ជាក់ផងដែរថា​ សមាគម ស.គ.យ.ត បង្កើតឡើងក្នុងគោលបំណង ចំនួន ៣ធំៗ រួមមាន៖

    1. ចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិ​សាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។
    2. ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា។
    3. ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ឱ្យបានចូលរួមចំណែកម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page