Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • គ្រោះថ្នាក់ចរាចរណ៍លើកម្មករមានការថយចុះ ៤៦% ធៀបនឹងរយៈពេល ៤ខែដូចគ្នាឆ្នាំ២០១៧ ស្របពេល ប.ស.ស បង្កើនការផ្សព្វផ្សាយចរាចរណ៍កាន់តែខ្លាំងឡើង

    ភ្នំពេញ៖ ឯកឧត្តម ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត ក្នុងរយៈ ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨ មានការថយចុះ ចំនួន ៤៦% បើប្រៀបធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ក្នុងឆ្នាំ២០១៧ កន្លងទៅ។

    ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៤ខែ ក្នុងឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ ចំនួន ៥២៤លើក មានការថយចុះ ចំនួន ៤៤៣លើក បណ្តាលឱ្យកម្មករនិយោជិតរងរបួសសរុប ចំនួន ៥៦៣នាក់ ថយចុះ ៨៦២នាក់ ស្មើនឹង ៦០%។ ក្នុងនោះដែរ របួសស្រាល ចំនួន ៤៣៣នាក់ ថយចុះចំនួន ៦៥% ស្មើនឹង ៧៩៤នាក់ រងបួសធ្ងន់ចំនួន ១២០នាក់ ថយចុះ ៣១% ស្មើនឹង ៥៥នាក់ និងអ្នកស្លាប់មាន ចំនួន ១០នាក់ ថយចុះ ចំនួន ៥៧% ស្មើនឹង ១៣នាក់ ធៀបនឹងឆ្នាំ២០១៧។

    លទ្ធផលថយចុះនៃគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិតនេះ ស្របពេលជាមួយក្រុមការងារ ស.ផ.ក បានកំពុងបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់កម្មករ កម្មការិនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចរាល់ពេលធ្វើដំណើរ ទៅនឹងមកពីកន្លែងធ្វើការ រួមទាំងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ត្រូវបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាពិសេសត្រូវប្រកាន់ខ្ជាប់សីលធម៌ ១០ចំណុច សម្រាប់​សុវត្ថិ​ភាព​ចរាចរណ៍ ដូច​ខាង​ក្រោម៖

    ១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត

    ២៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងដាច់ខាត

    ៣៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត

    ៤៖ មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត

    ៥៖ ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត

    ៦៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច

    ៧៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច

    ៨៖ ត្រូវប្រកាន់ស្តាំជានិច្ច

    ៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច

    ១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច៕

    យោងតាមរបាយការណ៍រយៈពេល ៤ខែ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី ចំនួន ២១៦លើក អ្នកចូលរួមសរុប ៤៦ ៦៦៥នាក់ និងប្រជុំអប់រំផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តដឹកកម្មករ ចំនួន ៨២លើក មានអ្នកចូលរួមសរុប ចំនួន ១៧ ៧៦៧នាក់។

    ដោយកន្លងមក ប.ស.ស បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់​ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៃក្រសួងមហា​ផ្ទៃ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោ​ក នាយកដ្ឋា​ន​សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រ​សួ​ង​សាធារណការ និងដឹកជញ្ជូន កាកបាទក្រហមកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page