Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស សហការជាមួយក្រុមគ្រូពេទ្យ TYDA ចុះអប់រំផ្សព្វផ្សាយសុខភាព និងអត្ថប្រយោជន៍សន្តិសុខសង្គម ដល់កម្មករនិយោជិត ក្នុងសង្កាត់ទឹកថ្លា

    ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ក្រៅពីធ្វើការសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅនឹងកន្លែង ក្រុមការងារបានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមដល់កម្មករនិយោជិតនៅតាមខ្នងផ្ទះផងដែរ។

    លោក យ៉ាម យុទ្ធា មន្ត្រីនៃបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា កន្លងមកក្រុមការងារ ប.ស.ស ចូលរួមសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចំនួន ៣លើករួចមកហើយ នេះជាលើកទី៤ ហើយ សម្រាប់ការសហការ ដោយក្រុមការងារបានទទួលអ្នកជំងឺទូទៅ ចំនួន៣៨០នាក់ ជំងឺសើរស្បែក ចំនួន ៥៥នាក់ ពិនិត្យជំងឺកុមារ ចំនួន ៥០នាក់ ពិនិត្យជំងឺមាត់ធ្មេញ ចំនួន ១៨នាក់ និងចុះអប់រំសុខភាព(មាត់ធ្មេញ) នៅតាមខ្នងផ្ទះ បានចំនួន ៤៣៦គ្រួសារ។

    លោកបានបន្តថា បងប្អូនជាកម្មករ កម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ក៏អាចទៅទទួលសេវាពិនិត្យ និងថែទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យជាដៃគូររបស់ ប.ស.ស ទូទាំងរាជធានី-ខេត្ត ដោយឥតគិតថ្លៃទៀតផង។ សម្រាប់ការទៅពិនិត្យ និងព្យាបាលជំងឺបងប្អូនកម្ម​ករ កម្មការិនីគ្រាន់តែកាន់បណ្ណសមាជិក ប.ស.ស ទៅជួមជាមួយភ្នាក់ងារប្រចាំការនៅតាមមន្ទីរពេទ្យ នោះភ្នាក់ងារ ប.ស.ស នឹងធ្វើការសម្របសម្រួលជូន។

    លោកក៏បានផ្តាំផ្ញើឱ្យ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគិតគូថែរក្សាសុខភាព ដោយបរិភោគអាហារដែលមានជីវជាតិ និងមានអនាម័យល្អ ហើយក៏សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់ សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page