Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រុមការងារ ស.ផ.ក នៃ ប.ស.ស ចុះបណ្តុះបណ្តាល និងអំពាវដល់អ្នកបើកបរនៅខេត្តព្រះសីហនុ ត្រូវគោរពច្បាប់ឱ្យខ្ជាប់ខ្ជួន

    ព្រះសីហនុ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្ដិសុខសង្គម កាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានចុះបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត និងត្រៀមប្រឡងផ្តល់បណ្ណបើកបរ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលមិនមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនស្របតាមយានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមចំនួន ៤៥នាក់។

    ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរឡានដឹកកម្មករនិយោជិត ត្រៀមប្រឡងយកបណ្ណបើកបរឡានដឹកកម្មករស្របតាមយានយន្ត និងជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។

    ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានសំណូមពរដល់អ្នកបើកបរដឹកកម្មករទាំងអស់ ត្រូវមកចុះឈ្មោះប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយានយន្តដែលច្បាប់បានកំណត់។

    រយៈពេលកន្លងមក ក្រុមការងារ ស.ផ.ក បានសហការជាមួយរដ្ឋបាលរោងចក្រគ្រប់តំបន់នៅក្នុងខេត្តព្រះសីហនុ ដើម្បីប្រមូលអ្នកបើកបររថយន្តដឹកកម្មករ មកធ្វើការបណ្តុះបណ្តាល មានចំនួនសរុប ៣៣០នាក់ ក្នុងនោះ អ្នកបើកបរដែលគ្មានបណ្ណបើកបរមានចំនួន ៣៧នាក់ និងមានបណ្ណបើកបរមិនស្របតាមប្រភេទយានយន្តមានចំនួន ១៧០នាក់។

    ក្រុមការងារ ស.ផ.ក ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវ៖

    • ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
    • មិនត្រូវផ្ទុកកម្មករលើសចំណុះ
    • ត្រូវត្រួតពិនិត្យយានយន្តមុនពេលចេញទៅដឹកកម្មករ
    • ត្រូវឈៀករថយន្តជាប្រចាំ
    • ត្រូវទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន
    • ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

    ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសិល្ប៍ធម៌ទាំង ១០ចំណុចរបស់គណៈកម្មការជាតិ គ.ស.ច.គ​ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page