Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ស៊ុំ សោភ័ណ៖ ដើម្បីឱ្យការផ្តល់សេវាដល់កម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព និង ទាន់ពេលវេលា ត្រូវមានការចូលរួមយកចិត្តទុកដាក់ពីខាងមន្ទីរពេទ្យជាដៃគូរផងដែរ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកផ្នែកថែទាំសុខភាព បានប្រជុំពិគ្រោះយោបល់ជាមួយនឹងមូលដ្ឋានសុខាភិបាលថ្នាក់ជាតិ ចំនួន៥ នៅក្នុងរាជធានីភ្នំពេញ អំពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្តសម្រាប់ព្យាបាលជំងឺលើសឈាម ព្យាបាលជំងឺទឹកនោមផ្អែម និងសារធាតុគីមីសម្រាប់ព្យាបាលជំងឺមហារីក ជូនដល់សមាជិក ប.ស.ស នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។

    កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីពិភាក្សាលើការផ្តល់សេវាឱ្យមានភាពងាយស្រួលក្នុងការទៅទទួលសេវារបស់សមាជិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលថ្នាក់ជាតិទាំង៥ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ឱ្យទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរបស់ទីស្នាក់ការកណ្តាល ប.ស.ស មានភាគីចូលរួមសរុប ចំនួន ៤០នាក់ ជាតំណាងមកពីមូលដ្ឋានសុខាភិបាលកម្រិតជាតិទាំង៥។

    ឯកឧត្តម ស៊ុំ សោភ័ណ បានឱ្យដឹងថា កម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ដឹងពីនីតិវិធីក្នុងការទៅទទួលសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅឡើយទេ។ ដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត គឺសូមឱ្យមានការចូលរួមយកចិត្តទុកដាក់បន្ថែមទៀតពីខាងមន្ទីរពេទ្យ។

    ដើម្បីបង្កើនការផ្តល់សេវាដល់កម្មកនិយោជិត សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ នាពេលបច្ចុប្បន្ននេះ បេឡាជាតិរបបសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន បានសរុបចំនួន ១ ៣២៥មន្ទីរពេទ្យ។ កិច្ចសហការនេះគឺដើម្បីបង្កើន និងពង្រីក ការផ្តល់សេវាដល់កម្មករនិយោជិត ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.