Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • រាជរដ្ឋាភិបាលបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៤០០ ០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដល់កម្មការិនីជាស្ត្រីសម្រាលកូន

    ព្រះវិហារ៖ នៅព្រឹកអង្គារ ០៤ រោច ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះវិហារ បានធ្វើការសម្របសម្រួល និងរៀបចំឯកសារដល់កម្មការិនី ដែលបានសម្រាលកូនចំនួន ០១នាក់ ឈ្មោះ អុន ចន្ថា បម្រើការងារនៅក្រុមហ៊ុន ហេន ស៊ើវេន អឹភែរឹល បានសម្រាលកូននៅមណ្ឌលសុខភាពសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម ដើម្បីឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ចំនួន ៤០០ ០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ជូន។

    ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នឹងឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីជាមួយ ប.ស.ស សម្រាប់ស្ត្រីនៅពេលសម្រាលបានកូន ១នាក់ នឹងទទួលបានថវិកាឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន១លាន ២០ម៉ឺនរៀល ជាងនេះទៅទៀតអ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ជាកូនរបស់ សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល។

    ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលគឺត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម ៖

    ១. សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទរបស់ខ្លួន

    ២. សាមីខ្លួនត្រូវភ្ជាប់តាមខ្លួននូវ ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល

    ៣. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមន្ទីរពេទ្យ ដែលគ្មានភ្នាក់ងារ ប.ស.ស

    ៤. មូលដ្ឋានសុខាភិបាល ត្រូវផ្តល់កិច្ចសហការ និងព័ត៌មាន ដល់មន្រ្តីសាខា ប .ស.ស នៅទីស្នាក់ការ រាជធានី ខេត្ត ខណ្ឌ អំពីការទទួលសេវាសម្រាលកូន ក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន។

    គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០%៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page