Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • បេឡាជាតិរបបសន្តិសុខសង្គម សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ប្រឡងយកបណ្ណបើកបរដល់អ្នកបើកឡានដឹកកម្មករ ជាង ៧០នាក់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចាត់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំវគ្គប្រឡងយកបណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) នៅរោងចក្រ Can Sports Shoes Co.,LTD ដែលមានទីតាំងស្ថិតនៅផ្លូវលេខជាតិ៥ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    គោលបំណងចំបងនៃការប្រឡងនេះ គឺដើម្បីឱ្យអ្នកបើកបរថយន្តដឹកកម្មករទាំងអស់ មានបណ្ណបើកបរគ្រប់ៗគ្នា និងត្រូវមានបណ្ណបើកបរស្របតាមប្រភេទយានយន្តដឹកកម្មករ ដែលច្បាប់បានកំណត់។

    ការប្រឡងនេះ រៀបចំឡើងដោយមានបេក្ខជនចូលរួមជាអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរសរុបចំនួន ៧០នាក់ ដែលបានអនុវត្តទាំងការប្រឡងទ្រឹស្តី និងកាន់ដៃចង្កូតផងដែរ។

    មានការបញ្ជាក់ថា វគ្គប្រឡងយកបណ្ណបើកបរនេះ ត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងតាមប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រស្វ័យប្រវត្តិ (Online) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតម្រូវឱ្យអ្នកប្រឡងយកបណ្ណបើកបរទាំងអស់ត្រូវអនុវត្តតាមការណែនាំយ៉ាងត្រឹមត្រូវ។

    បើយោងតាមរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៨ របស់ក្រុមការងារ ស.ផ.ក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិត ត្រូវបានថយចុះចំនួន ១០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨  ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តដឹកកម្មករនិយោជិតមានចំនួន ៨ករណី។

    ដើម្បីធានាបាននូវសុវត្តិភាពក្នុងពេលបើកបរដឹកនិយោជិតនេះ  ក្រុមការងារ ស.ផ.ក ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវ៖

    – គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

    – មិនផ្ទុកកម្មករលើសចំណុះ

    – ត្រួតពិនិត្យយានយន្តមុនពេលចេញទៅដឹកកម្មករ

    – ឈៀករថយន្តជាប្រចាំ

    – ទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន

    – ចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

    – ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង ១០ចំណុច របស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page