Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ការចុះចែកប័ណ្ណបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ២០០នាក់

    ក្នុងខែសីហានេះ ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ២០០នាក់ទៀតហើយ បានទទួលបណ្ណបើកបរ  បន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណា ចំនួន ៦៨នាក់ បានទទួលនៅប៉ុន្មានថ្ងៃមុននេះ ក្រោយពីពួកគេបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ រួចមក។

    ការចែកបណ្ណបើកបរដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតនៅព្រឹកថ្ងៃសុក្រ ០៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះដែរ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅឯសួនឧស្សាហកម្មវឌ្ឍនៈ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់រហូតទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់មក។

    ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា ក្នុងនោះដូចជា មានការចូលរួមពីអាជ្ញាធរមូលដ្ឋានផង ពីតំណាងសួនឧស្សាហកម្មវឌ្ឍនៈ២ផង ពីតំណាងរោងចក្រផង និងក្រសួងស្ថាប័ន អង្គភាព ជាដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ  ដែលបានធ្វើឱ្យដំណើរការនៃការចុះស្រង់ស្ថិតិយានយន្ដ និងអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរ និងមានបណ្ណបើកបរមិនស្របតាមប្រភេទយាន បានចូលរួមបណ្តុះបណ្តាលឱ្យចេះច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរដោយពេញលក្ខណៈច្បាប់ដែលបានកំណត់ មានទាំងការប្រឡងទ្រឹស្តី និងដៃចង្កូតផ្ទាល់ផងដែរ។

    ជាអាទិ៍ ចាប់ពីបំណាច់ឆ្នាំ២០១៥ រហូតបំណាច់ឆ្នាំ២០១៧ ប.ស.ស បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរម្ដងរួចមកហើយ ដែលជាលទ្ធផលមានអ្នកបើកបរប្រឡងជាប់ជាស្ថាពរចំនួន ២ ០៦០នាក់ ក្នុងនោះប្រភេទ“ខ” ចំនួន ១ ៤៣៣នាក់ និងប្រភេទ“ឃ២” ចំនួន ៥០៩នាក់។

    សម្រាប់នៅឆ្នាំ២០១៨នេះទៀត អ្នកបើកបរមានចំនួន        ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណបើកបរចំនួន ៣ ៥៩១នាក់ ស្មើនឹង ៨២% និងគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨%។

    ដោយឡែកគិតតែខែកក្កដា ឆ្នាំ២០១៨នេះ ប.ស.ស សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្ដុះបណ្ដាល ប្រឡងផ្ដល់បណ្ណបើកបរ បានចំនួន ០៧លើក ជាលទ្ធផលអ្នកបើកបរប្រឡងជាប់ជាស្ថាពរចំនួន ៥២៤នាក់ ក្នុងនោះប្រភេទ “ខ” ចំនួន ៤០៩នាក់ និងប្រភេទ “ឃ២” ចំនួន ១១៥នាក់។

    គិតមកត្រឹមថ្ងៃនេះអ្នកបើកបរដែលមានបណ្ណបើកបរមានការកើនឡើងដល់ទៅ ៣ ៩៨៥នាក់ ស្មើនឹង ៩១% និងគ្មានបណ្ណមានការថយចុះនៅត្រឹមតែ ៣៨៤នាក់ ស្មើនឹង៩%។

    ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានសំណូមពរដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សួនឧស្សាហកម្មវឌ្ឍនៈ២ និងរោងចក្រ បន្តផ្តល់កិច្ចសហការដូចដែលធ្លាប់បានធ្វើកន្លងមក បន្តអនុវត្តតទៅទៀត ។

    ពិសេសអ្នកបើកបរយានយន្តដឹកកម្មករដែលពុំមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនស្របតាមប្រភេទយាន សូមមកដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរជាមួយក្រុមការងារ ប.ស.ស រាល់ពេលចុះទៅបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រនានា ដើម្បីទទួលបានបណ្ណបើកបរ ស្របតាមច្បាប់ចរាចរផ្លូវគោកដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនីតិកាលទី៥ និងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ បន្តទៀតដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខនេះ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page