Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ៤០ម៉ឺនរៀល កម្មការិនីសម្រាលកូន ទទួលបានការ ឈប់សម្រាករយៈពេល ៩០ថ្ងៃ និងប្រាក់ឈ្នួល ១២០% បន្ថែមទៀត!

    ព្រះវិហារ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តព្រះវិហារ ចុះសម្របសម្រួលឯកសារជូនដល់កម្មការីនី ដែលបានសម្រាលកូនចំនួន ០១នាក់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

    ស្ត្រីសម្រាលកូនខាងលើ មានឈ្មោះ ឡន ស្រីលីន បម្រើការងារនៅអាហារដ្ឋាន ភ្នំត្បែង ដែលបានសម្រាលកូននៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។

    ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់គោលរបបឧបត្ថម្ភជាសាច់ប្រាក់សុទ្ធ ចំនួន ៤០ម៉ឺនរៀល ដល់កម្មការិនីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីមកក្នុង ប.ស.ស ។

    សម្រាប់ស្ត្រីនៅពេលសម្រាលបានកូន ១នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភ ចំនួន ១លាន ២០ម៉ឺនរៀល។ ជាងនេះទៅទៀតអ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ ជាកូនរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៥លានរៀល បន្ថែមទៀត។

    ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភហើយនោះ បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាករយៈពេល ៩០ថ្ងៃ ដោយមានប្រាក់ឈ្នួល ចំនួន ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០% ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page